គ្រោះថ្នាក់ចរាចរឆមាសទី១ ឆ្នាំ២០១៩ ធៀបនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នា បានកើនឡើង ៥៣៨ករណី ស្លាប់កើនឡើង ១០៣នាក់
ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកំពុងដាក់ចេញវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខណៈពេលគ្រោះថ្នាក់ចរាចរឆមាសទី១ ឆ្នាំ២០១៩ ធៀបនឹងឆ្នាំមុនក្នុងរយៈពេលដូចគ្នា បានកើនឡើង ៥៣៨ករណី ស្មើនឹង ៣៣% ក្នុងនោះស្លាប់កើនឡើង ១០៣នាក់ ស្មើនឹង ១១% និងរបួសកើនឡើង ៨២៥នាក់ ស្មើនឹង៣៤%។
ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងនិងស្ថាប័នពាក់ព័ន្ធ។
ថ្លែងទៅកាន់អង្គពិធី លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសមិទ្ធផលសម្រេចបានសំខាន់ៗដែលក្នុងនោះរួមមាន៖ ការជួសជុលថែទាំផ្លូវ ការពង្រីកបណ្តាញផ្លូវ ការដាក់ផ្លាកសញ្ញា ចែកមួកសុវត្ថិភាព និងចំណាំងផ្លាតសម្រាប់បិទយានយន្ត និងបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿន ការដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ការកែទម្រង់ការងារគ្រប់គ្រងមធ្យោបាយដឹកជញ្ជូន ការសម្រេចលើអនុក្រឹត្យស្តីពីការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរពីសមិទ្ធផលសម្រេចបានទាក់ទងនឹងការរឹតបន្តឹងការដឹក ជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស កាត់ទ្រុងឡានធំៗ ការបង្កើតមជ្ឈមណ្ឌលបើកបរយានយន្តធុនធ្ងន់ ការបង្កើតមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាលសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការកសាងច្បាប់បទដ្ឋានដើម្បីគ្រប់គ្រងមធ្យោបាយដឹកជញ្ជូនឱ្យមានសុវត្ថិភាព ការត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅគោលដៅដើមទីកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី១ ឆ្នាំ២០១៩ នេះបានកើតឡើងចំនួន ២.១៧១លើក បណ្តាលឱ្យស្លាប់ចំនួន ១.០៣៣នាក់ និងរបួសចំនួន ៣.២២៤នាក់ ចំនួនជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃស្លាប់ចំនួន ៦នាក់ និងរបួសចំនួន ១៨នាក់ បើប្រៀបធៀបឆមាសទី១ ឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន ៥៣៨ករណី ស្មើនឹង៣៣% ក្នុងនោះស្លាប់កើនឡើងចំនួន ១០៣នាក់ ស្មើនឹង ១១% និងរបួសកើនឡើងចំនួន ៨២៥នាក់ ស្មើនឹង ៣៤%។
ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមគ្រោះថ្នាក់ចរាចរណ៍នេះ គ.ស.ច.គ បានដាក់ចេញនូវវិធានការសំខាន់ៗ មួយចំនួនរួមមាន៖ ការរឹតបន្តឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយអប់រំច្បាប់និងបទដ្ឋានសុវត្ថិភាពនិង ចរាចរណ៍ផ្លូវគោក ការរៀបចំផ្លូវថ្នល់ឱ្យមានសុវត្ថិភាព និងការសិក្សាស្រាវជ្រាវកែលម្អខ្លឹមសារច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបានក្នុងកម្រិតអប្បបរមា។
លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី បានបង្ហាញពីទិសដៅសំខាន់ៗសម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ដែលក្នុងនោះរួមមាន៖ បន្តយុទ្ធនាការអប់រំផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសិក្សាត្រួតពិនិត្យតំបន់ដែលមានគ្រោះថ្នាក់ញឹកញាប់ បន្តត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទីកំពង់ផែ សិក្សានិងរៀបចំវិធានការបំពាក់ប្រព័ន្ធGPS តាមដានរថយន្តដឹកទំនិញ ជំរុញការដឹកជញ្ជូនទំនិញតាមផ្លូវដែក និងអនុវត្តយ៉ាងម៉ឺងម៉ាត់ការត្រួតពិនិត្យការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងចាត់វិធានការចំពោះទីតាំងយានដ្ឋានកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេសគ្មានច្បាប់។
ជាមួយគ្នានោះផងដែរ សម្តេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះសមិទ្ធផលសម្រេចបានល្អៗ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងបានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងក្នុងការអនុវត្តការងាររបស់ខ្លួន។
សម្តេច បានជម្រាបជូនអង្គពិធីអំពីគោលនយោបាយ និងកិច្ចគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ វិស័យសាធារណការ និងដឹកជញ្ជូន កាត់បន្ថយភាពក្រីក្រ តាមរយៈការពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូន ព្រមទាំងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោកដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ៕