កំណត់ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើប្រភេទឈើធ្នង់ ច្រេស និងសុក្រម
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសស្តីពី ការកំណត់ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើប្រភេទឈើធ្នង់ ច្រេស និងសុក្រម។
បើតាមការបញ្ជាក់របស់លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា មានគោលបំណងកំណត់ទីតាំង និងធ្វើការការពារ និងអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស និងសុក្រម ឲ្យបានគង់វង្សជានិរន្តរ៍តរៀងទៅ។ ការកំណត់ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស សុក្រម មានគោលដៅ ការពារនិងអភិរក្សប្រភេទឈើធ្នង់ ច្រេស និងសុក្រម ក្នុងតំបន់ប្រព័ន្ធអេកូឡូស៊ីដើម ។ ទប់ស្កាត់សកម្មភាពបទល្មើស និងការពារទីតាំងផ្ទៃដីតំបន់ប្រភពដើមធនធានសេនេទិកព្រៃឈើ ប្រភេទឈើធ្នង់ ច្រេស សុក្រម និងប្រភេទឈើក្នុងស្រុកផ្សេងទៀត ដែលមានវត្តមានក្នុងទីតាំងនេះ។ បង្កើនគុណភាពពូជប្រភេទឈើធ្នង់ ច្រេស សុក្រម តាមរយៈការអភិរក្សក្នុង និងក្រៅតំបន់ប្រព័ន្ធអេកូឡូស៊ីដើម។ លើកទឹកចិត្តនិងបង្កើនការចូលរួម ពីគ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងសាធារណជន ក្នុងការការពារ និងការអភិរក្សប្រភពឈើដើមធនធានសេនេទិកព្រៃឈើ ឲ្យបានគង់វង្ស ស្ថិតស្ថេរចីរភាពទៅ។
ទីតាំងអភិរក្សប្រភពដើមធនធានសេនេទិកព្រៃឈើប្រភេទឈើធ្នង់ ច្រេស និងសុក្រម មានផ្ទៃដីទំហំ 170 ហិកតា ស្ថិតក្នុងទីតាំងរដ្ឋបាល ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ និងទីតាំងភូមសាស្រ្តដូចបានកំណត់ក្នុងផែនទី៕