ឃាត់ខ្លួនមន្រ្តីនាយកដ្ឋានអង្គរក្សម្នាក់ និងបក្ខពួកម្នាក់ ពាក់ព័ន្ធលួចលុយគេជាង២លានដុល្លារ
ភ្នំពេញ ៖ បុរសម្នាក់ បម្រើការងារនៅនាយដ្ឋានកងអង្គរក្ស មានឋានៈអនុសេនីយ៍ឯក និងមានមុខងារជាមន្ត្រីជំនួយការស្រាវជ្រាវសន្តិសុខ ត្រូវ
កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការ ជាមួយនគរបាលខណ្ឌសែនសុខ ចាប់ខ្លួន កកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងបទ ចោទប្រកាន់ លួចលុយគេ ជា២លានដុល្លារ ។
ជនសង្ស័យ ឈ្មោះ អៀម សំអន ភេទប្រុស កើតនៅឆ្នាំ១៩៨២ មុខរបរយោធា បម្រើការងារនៅ នាយដ្ឋានកងអង្គរក្ស មានឋានៈអនុសេនីយ៍ឯក មុខងារជាមន្ត្រីជំនួយការស្រាវជ្រាវសន្តិសុខ មានទីលំនៅផ្ទះសង់ថ្មី ភូមិបាយ៉ាប សង្កាត់ភ្នំពេញ។ ពេលឃាត់ខ្លួនជាក់ស្ដែងនៅគេហដ្ឋាន សមត្ថកិច្ចបានរកឃើញលុយចំនួន២៥ម៉ឺនដុល្លារអាមេរិក ក្នុងចំណោមលុយដែលបបាត់ ២,៤លានដុល្លារ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យម្នាក់នេះ ធ្វើឡើងតាមបណ្តឹងជនរងគ្រោះ ដែលប្តឹងទៅក្រសួងមហាផ្ទៃថា បានបាត់លុយ២,៤លានដុល្លារ ប៉ុន្តែកាលពីថ្ងៃទី 18 ខែកក្កដា សមត្ថកិច្ចបានចាប់ខ្លួន បក្ខពួករបស់គេម្នាក់ នៅខណ្ឌចំការមន ដោយបានរកឃើញលុយជាង១០ម៉ឺនដុល្លារ និងបន្តស្រាវជ្រាវមកចាប់ខ្លួន អៀម សំអន រកឃើញលុយ២៥ម៉ឺនដុល្លារ ( ក្រដាសប្រាក់១០០ដុល្លារ សុទ្ធ ចំនួន២៥ដុំ ) ដែលគេទុកនៅក្នុងផ្ទះ និងដកហូតអាវុធខ្លី១ដើម ម៉ាកkimBer លេខសម្គាល់ 1765 មានគ្រាប់ចំនួន៨នៅក្នុងបង់ និងវិទ្យុទាក់ទង១គ្រឿង រួមទាំងឯកសារផ្ទាល់ខ្លួន ពាក់ព័ន្ធអង្គភាពបម្រើការងារនៅនាយកដ្ឋានអង្គរក្ស។
ប៉ូលិសកំពុងតែបន្តធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីតាមចាប់បក្ខពួករបស់គេ និងរកលុយដែលបានបាត់រាប់លានដុល្លារនោះបន្ថែមទៀត។
តែទោះជាយ៉ាងណា សមត្ថកិច្ចក្នុងប្រតិបត្តិការនេះ ពុំបានបញ្ជាក់អំពីអត្តសញ្ញាណ ឬក៏អាសយដ្ឋាន នៃម្ចាស់ដើមដឹងនោះទេ៕