លោក ជិន ប៊ុនធឿន ចុះសួរសុខទុក្ខ និង នាំយកថវិកា ទឹកសុទ្ធ និងទឹកក្រូច ទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពឧបាសក អ៊ុង សន អតីតចៅសង្កាត់បឹងសាឡាង
ភ្នំពេញ៖ ដោយបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា
កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជានាយករងរដ្ឋបាលរាជធានីភ្នំពេញបានចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន២លានរៀល ទឹកសុទ្ធចំនួន២០កេះ និងទឹកក្រូចចំនួន១០កេះ ទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពឧបាសក អ៊ុង សន អតីតចៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានទទួលមរណភាព កាលពីវេលាម៉ោ១១:០២នាទីព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ក្នុងនាមលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញលោក ជិន ប៊ុនធឿន សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពដែលបានបាត់បង់នូវស្វាមី ឪពុក ជីតា ជាទីស្រលាញ់ ព្រមទាំងសូមឧទ្ទិសបួងសួងជូនចំពោះវិញ្ញាណក្ខន្ធសព ឧបាសក អ៊ុង សន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕