ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម ហាមការប្រើប្រាស់ និងបញ្ឈប់ការនាំចូល បសុឱសថគ្រប់ប្រភេទដែលមានសារធាតុឌីក្លូហ្វេណាក់ ដែលបង្កឲ្យសត្វត្មាតងាប់

167

ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចេញសេចក្តីជូនដំណឹងស្តីពី “ការបញ្ឈប់ការនាំចូល ការចែកចាយ-ផ្គត់ផ្គង់ និងការប្រើប្រាស់បសុឱសថគ្រប់ប្រភេទដែលមានសារធាតុឌីក្លូហ្វេណាក់ (DICLOFENAC) ឬប្រភេទថ្នាំលាយផ្សំគ្រប់ប្រភេទដែលមានសារធាតុផ្សំឌីក្លូហេ្វណាក់ (DICLOFENAC) ក្នុងការព្យាបាលសត្វគ្រប់ប្រភេទដែលអាចប៉ះពាល់ដល់ជីវិតរបស់សត្វត្មាតនៅកម្ពុជា”។

បើតាមលោកវ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា  ក្រសួងកសិកម្មរុកា្ខប្រមាញ់ និងនេសាទ បានជូនដំណឹងដល់អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាជធានីខេត្ត ក្រុមហ៊ុនធ្វើពាណិជ្ជកម្មបសុឱសថ អ្នកផ្គត់ផ្គង់ចែកចាយបសុឱសថ ភាក់ងារផ្ដល់សេវាបសុព្យាបាល និងអ្នកប្រើប្រាស់បសុឱសថទាំងអស់ថា សត្វត្មាតជាសត្វកម្រមួយប្រភេទដែលជិតផុតពូជទៅហើយនៅលើពិភពលោក ។ នៅប្រទេសកម្ពុជាមានសត្វត្មាតចំនួនបីប្រភេទ គឺសត្វត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើងសរុបប្រមាណ 280 ក្បាលនៅខេត្តក្រចេះ រតនគិរីមណ្ឌលគិរីស្ទឹងត្រែងនិងខេត្តព្រះវិហារ ។ តាមរយៈការស្រាវជ្រាវកន្លងមកបានឲ្យដឹងថា សត្វត្មាតជាសត្វដែលមានភាពរំញោចខ្លាំងទៅនឹងសារភាពសំឈ្មោះ ឌីក្លូហ្វេណាក់ ហើយការបាត់បងជីវិតភាគច្រើនគឺបណ្ដាលមកពីការ ស៊ីសាកសពសត្វដែលបានប្រើប្រាស់សារធាតុថ្នាំនេះ ក្នុងការព្យាបាលសត្វ។ ការប្រើប្រាស់ថ្នាំប្រភេទនេះបណ្ដាលឱ្យសត្វត្មាតងាប់ស្ទើរផុតពូជនៅតាមបណ្ដាប្រទេសមួយចំនួន ចាក់ថ្ងៃនៅប្រទេសឥណ្ឌាសត្វត្មាតត្រូវចុះចំនួន 90 ភាគរយ នៃសត្វត្មាតសរុបចំនួន 40 លានក្បាលនៅឆ្នាំ 1984។ បច្ចុប្បន្ននៅប្រទេសកម្ពុជាបាននិងកំពុងប្រើបសុឱសថប្រភេទនេះ ឬប្រភេទថ្នាំលាយផ្សំគ្រប់ប្រភេទដែលមានសារធាតុឌីក្លូហ្វេណាក់ សម្រាប់ព្យាបាលសត្វនៅឡើយ។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា ដើម្បីថែរក្សានិងជៀសវាងការប្រើពូជសត្វត្មាតនៅកម្ពុជា ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន គឺអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វត្រូវបញ្ឈប់ការចុះបញ្ជី និងការអនុញ្ញាតនាំចូលនូវប្រភេទថ្នាំបសុឱសថឌីក្លូហ្វេណាក់ ឬប្រភេទថ្នាំលាយផ្សំគ្រប់ប្រភេទដែលមានសារធាតុផ្សំឌីក្លូហ្វេណាក់ ជាពិសេសក្រុមហ៊ុនដែលធ្វើពាណិជ្ជកម្មបសុឱសថ ត្រូវបញ្ឈប់ការនាំចូលបសុឱសថឌីក្លូហ្វេណាក់ ឬប្រភេទថ្នាំលេបផ្សំគ្រប់ប្រភេទដែលមានសារធាតុផ្សំឌីក្លូហ្វេណាក់៕

អត្ថបទដែលជាប់ទាក់ទង