ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍បន្តជំរុញ ការអនុវត្តស្តង់ដាសហគមន៍ ទេសចរណ៍កម្ពុជា និងស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន

310

(ពោធិសាត់)៖ កាលពីថ្ងៃសុក្រ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តពោធិសាត់ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ក្រោមអធិបតីភាព លោកតុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈបាលខេត្តពោធិសាត់ ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធជុំវិញខេត្ត សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សិស្ស-និស្សិត និងយុវជនយ៉ាងច្រើនកុះករ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
– ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវការទទួលខុសត្រូវរួមគ្នារបស់ក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើការងារសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍
– ផ្សព្វផ្សាយអំពីស្តង់ដាសហគមន៍ទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់អាស៊ាន ដើម្បីជម្រុញការរៀបចំសហគមន៍ទេសចរណ៍ឲ្យស្របតាមស្តង់ដាទាំងពីរនេះ
– លើកកំពស់ការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋាន រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋានតាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍។

នាឱកាសនោះ លោកតុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍ឲ្យមន្ទីរទេសចរណ៍ខេត្តពោធិសាត់ និងភាគីពាក់ព័ន្ធនានាក្នុងខេត្ត ត្រូវរួមគ្នាជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត ធ្វើឲ្យខេត្តពោធិសាត់ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ ទាក់ទាញការមកទស្សនា និងស្នាក់នៅក្នុងខេត្តរបស់ភ្ញៀវទេសចរ តាមរយៈការបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ស្របតាមស្តង់ដានានារបស់ក្រសួង។

មុននឹងបញ្ចប់កម្មវិធី តុប តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោកអ៊ឹង គឹមលាង អភិបាលរងនៃគណៈបាលខេត្តពោធិសាត់ បានអញ្ជើញផ្តល់កិត្តិយស ចែកលិខិតសរសើរ និងបណ្ណសរសើរជូនប្រតិបត្តិ ដែលមានស្នាដៃឆ្នើមក្នុងវិស័យទេសចរណ៍ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន មណ្ឌលកម្សាន្ត សហគមន៍ទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ផ្សេងៗ។

គួរបញ្ជាក់ថា ស្ដង់ដាសហគមន៍ទេសចរណ៍អាស៊ានផ្ដោតលើ ០៨សូចនាករ ចែកជា ២៣ សូចនាករលំអិត និង១៧១ លក្ខណៈវិនិច្ឆ័យសរុប។ ដោយឡែក ស្តង់ដាសហគមន៍ទេសចរណ៍កម្ពុជា មានសូចនាករគោលចំនួន០៨ មានសូចនាករលំអិតចំនួន ២៣ និងមានលក្ខណៈវិនិច្ឆ័យសរុបចំនួន១៦៩ ក្នុងនោះមាន ៨៦លក្ខណៈវិនិច្ឆ័យកម្រិត “មធ្យម” ៥២ លក្ខណៈវិនិច្ឆ័យ “កម្រិតខ្ពស់” និង៣១ លក្ខណៈវិនិច្ឆ័យ “កម្រិតខ្ពស់បំផុត”៕

អត្ថបទដែលជាប់ទាក់ទង