ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍សហការជាមួយអង្គការម្លប់បៃតង ពង្រឹងគុណភាពសេវា និងការគ្រប់គ្រងនៅសហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង

59

(ខេត្តពោធិសាត់)៖ កាលពីថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តពោធិសាត់ និងអង្គការម្លប់បៃតង បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងការគ្រប់គ្រងសហគមន៍នៅសហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង ក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិសាត់ ក្រោមអធិបតីភាព ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២ថ្ងៃ ដែលបានចាប់ផ្តើមចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ និងបានបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ហើយលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានផ្តល់កិត្តិយសប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាមគ្រប់ៗគ្នាដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ។

លោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានពាំនាំនូវការសួរសុខទុក្ខរបស់លោកថោង ខុន រដ្ឋមន្រ្តីក្រសួងក្រសួងទេសចរណ៍ ជូនចំពោះសមាជិកសហគមន៍ និងផ្តាំផ្ញើឲ្យសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល បន្តផ្តល់សេវាប្រកបដោយគុណភាពជូនភ្ញៀវទេសចរ និងខិតខំបន្ថែមទៀតក្នុងការអភិវឌ្ឍសហគមន៍ទឹកធ្លាក់ច្រកល្អៀងនេះ។

គួរបញ្ជាក់ថា សហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង មានចម្ងាយប្រមាណ ៧៣គីឡូម៉ែត្រភាគអាគ្នេឃ៍ក្រុងពោធិ៍សាត់ និងមានចម្ងាយ៤៣គីឡូម៉ែត្រពីផ្សារក្រគរស្ថិតនៅក្នុងឃុំឈើតុំ ស្រុកក្រគរ។ ទឹកធ្លាក់នេះ មាន៧ដំណាក់ គឺ ដំណាក់ទឹកឈូ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្តូក ដំណាក់ព្រះ ដំណាក់ជ្រៃក្រឹម ដំណាក់កោះសុបិន និងដំណាក់ទី៧មានឈ្មោះថាដំណាក់ទឹកធ្លាក់។ ពីដំណាក់ទី១ ដល់ដំណាក់ទី៧ លាតសន្ធឹងក្នុងចម្ងាយជិត១ពាន់ម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង