ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិ មិនដែលមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយឱ្យកងទ័ពចិនប្រើប្រាស់ទឹកដីកម្ពុជា

114

អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ក្រសួងការពារជាតិ មិនដែលមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយឱ្យកងទ័ពចិនប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានឡើយ ហើយវាជារឿងហួសចិត្ត ដែលសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានប្រឌិតព័ត៌មានដ៏ឆ្កួតលីលា តាមអំពើចិត្ត អំពីមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជា

លោកឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងតាមរយ:ហ្វេសប៊ុលនៅថ្ងៃទី២២កក្កដានេះថា វាជារឿងហួសចិត្ត ដែលសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានប្រឌិតព័ត៌មានដ៏ឆ្កួតលីលា តាមអំពើចិត្ត អំពីមូលដ្ឋានទ័ពបរទេសនៅលើទឹកដីកម្ពុជា ហើយត្រូវបានបន្ទោរដោយសារព័ត៌មានរបស់ពួកគេដទៃទៀត ដែលហាក់ធ្វើឡើងក្នុងចេតនាចង់បំផ្លាញដល់សន្តិសុខ និងសន្តិភាពនៅកម្ពុជា និងក្នុងតំបន់។

ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំមិនអាចទទួលយកការប្រឌិតព័ត៌មានបែបនេះបានឡើយ។ ក្រសួងការពារជាតិ មិនដែលមានកិច្ចព្រមព្រៀងសម្ងាត់ណាមួយឱ្យកងទ័ពចិនប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានឡើយ។ អស់លោកល្មមឈប់ប្រើប្រាស់ព័ត៌មានក្លែងបន្លំ អំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងកម្ពុជាតទៅទៀត។

ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពបរទេសនេះ កម្ពុជាធ្លាប់បានបញ្ជាក់ជំហរ យ៉ាងច្បាស់ច្រើនដងរួចហើយថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីកម្ពុជានោះឡើយ។

រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេស នៅលើទឹកដីរបស់ខ្លួនដែរ ហើយក៏មិនបញ្ជូនកងទ័ពកម្ពុជា ទៅក្រៅប្រទេសនោះដែរ លើកលែងតែបេសកកម្មជាមួយអង្គការសហប្រជាជាតិតែមួយប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង