តួនាទីរបស់អ្នកសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ និងចាត់ទុកការជួញដូរសត្វព្រៃ គឺជាបទល្មើសធ្ងន់ធ្ងរ
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា ( ក.អ.ក ) សហការជាមួយ អង្គកាសមាគមអភិរក្សសត្វព្រៃកម្ពុជា ( WCS ) រៀបចំសិក្ខាសាលាស្តីពី ” តួនាទីរបស់សារព័ត៌មាន ក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ ” នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
លោកឆាយ សុផល នាយកប្រតិបត្តិក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា
សិក្ខាសាលានេះ មានគោលបំណងបង្កើន ការចាប់អារម្មណ៍ របស់អ្នកសារព័ត៌មាន និងចូលរួមផ្សព្វផ្សាយ អំពីបញ្ហាជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា និងសំដៅជំរុញឲ្យស្ថាប័នរាជរដ្ឋាភិបាលធ្វើការ ឆ្លើយតបឲ្យបានកាន់តែប្រសើរឡើង ជុំវិញបទល្មើសជួញដូរសត្វព្រៃថែមទៀត ។
សិក្ខាសាលានេះ មានសារសំខាន់សម្រាប់អ្នកសារព័ត៌មាន ក្នុងការស្វែងយល់អំពីព័ត៌មាន ទាក់ទងបទល្មើសនៃការជួញដូរសត្វព្រៃ ក៏ដូចជា វិធានការនានា របស់អាជ្ញាធរក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសដែលកំពុងត្រូវបានគេមើលឃើញថា ពុំទាន់មានប្រសិទ្ធភាពនៅឡើយ ។ ទន្ទឹមនោះ អ្នកសារព័ត៌មាន ក៏មានឱកាសចូលរួមពិភាក្សា អំពីបញ្ហាប្រឈមនានា ទាក់ទងភាពរសើប នៃការរាយការណ៍ព័ត៌មានអំពីការជួញដូរសត្វព្រៃនៅកម្ពុជា ។
លោកកែន សេរីរដ្ឋា ប្រធានអង្គកាសមាគមអភិរក្សសត្វព្រៃកម្ពុជា ( WCS ) បានថ្លែងថា
ការជួញដូរសត្វព្រៃត្រូវបានចាត់ទុកថា ជាបទល្មើសឆ្លងដែន ក្នុងចំណោមបទល្មើសឆ្លងដែនជាច្រើន ដែលអាចរកប្រាក់បានច្រើនបំផុតនៅក្នុងពិភពលោក គេគិតជាទឹកប្រាក់ស្មើប្រមាណចន្លោះពី 7 ពាន់លានទៅ 23ពាន់លានដុល្លារអាមេរិក នៃចំណូលខុសច្បាប់ក្នុងមួយឆ្នាំ ។ ជាក់ស្ដែង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចំណូលបានមកពីការជួញដូរសត្វព្រៃខុសច្បាប់ចំនួន 2,5 ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ការជួញដូរសត្វព្រៃ គឺជាការគំរាមកំហែងមួយ ក្នុងចំណោមការគំរាមកំហែង ដ៏ធ្ងន់ធ្ងរបំផុតចំពោះសត្វព្រៃ នៅទូទាំងពិភពលោក ធ្វើឲ្យប៉ះពាល់ដល់នីតិរដ្ឋ ចម្លងជំងឺដល់មនុស្ស និងប៉ះពាល់ដល់ជីវភាពរស់នៅ របស់សហគមន៍មូលដ្ឋាន ។ ការជួញដូរសត្វព្រៃ គួរតែត្រូវបានគេចាត់ទុកថា ជាបទល្មើសធ្ងន់ធ្ងរមួយ ដូចគ្នាទៅនឹងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការជួញដូរអាវុធដែរ។
លោកបានបន្តថា ប្រទេសកម្ពុជា គឺជាទីកន្លែងឆ្លងកាត់ដ៏សំខាន់ សម្រាប់ការជួញដូរផលិតផលសត្វព្រៃ មកពីទ្វីបអាហ្វ្រិក ចូលទៅក្នុងទីផ្សារជាច្រើន នៅក្នុងតំបន់អាស៊ី។ ផលិតផលទាំងនោះ រួមមាន ភ្លុកដំរី កុយរមាស និងស្រកាពង្រូល។ នៅកម្ពុជាក៏មានការជួញដូរសត្វព្រៃខុសច្បាប់ ក្នុងប្រទេសជាច្រើនផងដែរ ហើយការជួញដូរសត្វព្រៃ នៅកម្ពុជាឆ្លងកាត់តាមព្រំដែនគោក ក៏ជាបញ្ហាមួយផងដែរ។
អង្គការសមាគមអភិរក្សសត្វព្រៃ WCS បាននិងកំពុងធ្វើការរួមគ្នាជាមួយស្ថាប័នរដ្ឋាភិបាល ដើម្បីពង្រឹងការអនុវត្តច្បាប់ និងចំណាត់ការរបស់តុលាការ លើការជួញដូរសត្វព្រៃ នៅទូទាំងតំបន់អាស៊ី។ ការរឹបអូសសត្វព្រៃតែម្យ៉ាង មិនមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់បទល្មើសជួញដូរសត្វព្រៃ ដែលរកប្រាក់កម្រៃ បានច្រើនលើសលប់ ពីមុខជំនួញខុសច្បាប់របស់ខ្លួនឡើយ។ ដើម្បីឲ្យមានប្រសិទ្ធភាពជាងនេះ គេចាំបាច់ត្រូវធ្វើការចោទប្រកាន់ និងផ្ដន្ទាទោសជនជួញដូរសត្វព្រៃ ព្រមទាំងដាក់ពិន័យ ឲ្យបានត្រឹមត្រូវ ទៅតាមទំហំនៃទោសកំហុសរបស់ពួកជនទាំងនោះ ដើម្បីធានាថា បណ្ដាញក្រុមជួញដូរសត្វព្រៃ ត្រូវបានរំខាន និងរំលាយចោល។
លោកពុយ គា អគ្គលេខាធិការក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា
ប្រព័ន្ធសារព័ត៌មាន ដើរតួយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាន អំពីបញ្ហានានា នៅក្នុងសង្គម និងប្រែក្លាយបញ្ហាទាំងនោះ ឲ្យទៅជារបៀបវារៈសាធារណៈ នឹងអាចមានឥទ្ធិពល ដល់គោលនយោបាយ និងធ្វើអោយមានឆ្លើយតបពីសំណាក់រដ្ឋាភិបាល និងសាធារណជន។ នៅពេលបច្ចុប្បន្ននេះ ការផ្សព្វផ្សាយអំពីការជួញដូរសត្វព្រៃ នៅលើប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា នៅមានកម្រិត ហើយប្រជាពលរដ្ឋកម្ពុជាទូទៅ មានការយល់ដឹងនៅមានកម្រិត អំពីបញ្ហាដ៏ធ្ងន់ធ្ងរ នៃការគេដូរសត្វព្រៃ។
លោកប្រធានអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានបន្ថែមថា អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា បានលើកសំណើ ធ្វើការជាមួយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីបង្កើនចំណាប់អារម្មណ៍ របស់អ្នកសារព័ត៌មាន នឹងបង្កើនការផ្សព្វផ្សាយ អំពីបញ្ហាជួញដូរសត្វព្រៃខុសច្បាប់ នៅលើប្រព័ន្ធផ្សព្វផ្សាយ នៅកម្ពុជា ក្នុងគោលបំណង ពង្រឹងការឆ្លើយតបទៅនឹងបទល្មើសទាំងនោះ និងបង្កើនការយល់ដឹង របស់សាធារណជន ឲ្យបានកាន់តែទូលំទូលាយនិង ចាត់ទុកការជួញដូរសត្វព្រៃ គឺជាបទល្មើសធ្ងន់ធ្ងរ៕