ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស៊ុន ចាន់ថុល ឯកភាពតាមការស្នើរសុំ របស់លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការខេត្តព្រះវិហារ លើការដាក់ជញ្ជីងថ្លឹងរថយន្តអចលត័មួយកន្លែងនៅខេត្តព្រះវិហារ

102
ខេត្តព្រះវិហារ៖ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការឯកភាពតាមការស្នើរសុំរបស់លោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ ដាក់ជញ្ជីងថ្លឹងរថយន្តអចលត័មួយកន្លែងនៅក្នុងខេត្តព្រះវិហារ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យរថយន្តដឹកលើសទំងន់ដែលតែងតែបង្ករអោយផ្លូវថ្នល់រងការខូចខាត។
    ជាមួយគ្នានោះ លោករដ្ឋមន្ត្រីបានធ្វើការសំណូមពរដល់អជ្ញាធរខេត្ត ក្រុង ស្រុកត្រូវរួមគ្នារំដោះចំណីផ្លូវដែលបងប្អូនប្រជាពលរដ្ឋមួយចំនួនយកធ្វើអាជីវកម្មផ្សេងៗបណ្តាលអោយផ្លូវឆាប់ខូចនិងតែងតែបង្ករគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ក៏ដូចជាការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ដោយតម្រូវអោយប្រជាពលរដ្ឋពាក់មួកសុវត្ថិភាពអោយបានគ្រប់ៗគ្នា។
   លោកស៊ុន ចាន់ថុល បញ្ជាក់បែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីបានចុះពិនិត្យគុណភាពផ្លូវដែលសាងសង់រួច និងកំពុងសាងសង់នោះ។
    លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំរបស់ក្រសួង បានចុះពិនិត្យផ្លូវជាតិលេខ៦៤ ដែលទើបសាងសង់រួចរាល់ ដែលផ្លូវជាតិលេខ៦៤នេះ​ មានប្រវែងសរុបជាង ១១២គីឡូម៉ែត្រ មានទំហំផ្លូវ ៧ម៉ែត្រ​ ក្រាលថ្មស្រោចកៅស៊ូពីរស្រទាប់ DBST លាតសន្ធឹងចេញពី​​ផ្លូវជាតិលេខ៦ ត្រង់ផ្សារដំដែក ខេត្តសៀមរាប ដល់​ផ្លូវជាតិលេខ៦២ ត្រង់គ.ម១៥០ ថ្នល់បំបែក​ខេត្តព្រះវិហារ។ ផ្លូវជាតិលេខ៦៤នេះ ប្រវែង ៧៨គីឡូម៉ែត្រ សាងសង់ដោយកងវិស្វកម្ម ហើយក្រៅពីនោះសាងសង់ដោយក្រុមហ៊ុនសៀងហៃរបស់ចិន។ បច្ចុប្បន្នផ្លូវមួយខ្សែនេះ បានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីខេត្តសៀមរាប មកកាន់ខេត្តព្រះវិហារ ហើយក៏បានជួយសម្រួលប្រជាពលរដ្ឋនៅអមសងខាងផ្លូវទាំងក្នុងខេត្តសៀមរាប និងខេត្តព្រះវិហារសម្រាប់ការដឹកជញ្ជូនកសិផលរបស់ពួកគាត់ទៅកាន់ទីផ្សារ។

   លោករដ្ឋមន្ត្រី ក៏បានលើកពីការនិទានរឿងមន្ត្រីគ្រាប់ល្ពៅរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនមន្ត្រីផងដែរ។ ការលើកពីការនិទានរឿងមន្ត្រីគ្រាប់ល្ពៅនេះ គឺលោកចង់ឱ្យមន្ត្រីនៅមន្ទីរសាធារណការនេះ ត្រូវធ្វើជាមន្ត្រីដែលស្មោះត្រង់ មិនត្រូវភូតកុហក់ នាំទុក្ខទោសឱ្យអ្នកដទៃនោះឡើយ។

ពាក់ព័ន្ធការផ្តល់សេវាវិញលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរំលឹករបស់ខ្លួនឱ្យធ្វើដោយតម្លាភាព និងឆាប់រហ័ស ហើយត្រូវរិះរកគ្រប់វិធី ដើម្បីពន្លឿនការផ្តល់សេវាសាធារណៈពាក់ព័ន្ធការងារសាធារណការ និងដឹកជញ្ជូននេះ។ លោកបានលើកជាឧទាហរណ៍ថា ដូចជានៅក្រសួងសាធារណការ បានបើកឱ្យមានកន្លែងផ្តល់បណ្ណបើកបរ និងប្តូរបណ្ណបើកបរចំនួនពីរកន្លែងនៅផ្សារទំនើបអ៉ីអន ដែលជាបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវា។

លោក ស៊ុន ចាន់ថុល ក៏បានណែនាំមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ឱ្យយកចិត្តទុកដាក់ទៅលើបញ្ហាមួយចំនួនទៀត ដូចជាការជួសជុលផ្លូវដែលខូច អប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ បន្តទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ បន្តបង្ក្រាបការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេសជាដើម។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងលើការសាងសង់ផ្លូវផងដែរ។ ពាក់ព័ន្ធការសាងសង់ផ្លូវនេះលោកទេសរដ្ឋមន្ត្រី ឱ្យមន្ត្រីយកចិត្តទុកដាក់ពិនិត្យលើគុណភាព បើការសាងសង់មិនមានគុណភាព មិនត្រឹមត្រូវតាមកិច្ចព្រមព្រៀងមិនត្រូវទទួលនោះឡើយ។

សូមបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មានក្របខណ្ឌមន្ត្រីរាជការសរុបចំនួន ៩៩នាក់ ក្នុងនោះមន្ត្រីក្របខណ្ឌចំនួន ៤៧នាក់ ស្រ្តីចំនួន ១៣នាក់ និងមានមន្ត្រីជាប់កិច្ចសន្យាចំនួន ៥២នាក់ ស្ត្រី ១២នាក់ ចែកចេញជា ០៨ការិយាល័យ និង០១អង្គភាព។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន បានឡើងថា នូវសមិទ្ធផលមួយចំនួនដែលមន្ទីរសម្រេចបាននាពេលកន្លងទៅពាក់ព័ន្ធការងារជួសជុល ថែទាំ ស្ថាបនាផ្លូវក្នុងខេត្ត និងការងារផ្តល់សេវាសាធារណៈជាដើម។

លោក សំ លាងទ្រី បានបញ្ជាក់អោយដឹងថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានចុះបញ្ជីទោចក្រយាយន្ត ៥៥៦គ្រឿង រថយន្ត ១១៩គ្រឿង និងចុះបញ្ជីយានដ្ឋាន ០៦កន្លែង។ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសត្រីចក្រយានយន្ត ០៤គ្រឿង រថយន្ត ៩៤៤គ្រឿង សឺមីរ៉ឺម៉ក ៣គ្រឿង, ផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មដឹកជញ្ជូនមានរថយន្ត ៣៦១គ្រឿង ក្បាលសណ្តោងសឺមីរ៉ឺម៉ក០៦គ្រឿង។ មន្ទីរបានផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្មយានដ្ឋាន ១៩កន្លែង និងសាខាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ០១កន្លែង។ រៀបចំប្រឡងយកបណ្ណបើកបរយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) ចំនួន ០៦លើក និងផ្តល់បណ្ណបើកបរចំនួន ១៣០បណ្ណ ព្រមទាំងធ្វើការប្តូរ និងពន្យារបណ្ណបើកបរយានយន្ត សរុបចំនួន ១១៧បណ្ណ។ មន្ទីរបានផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកចំនួន ១៣លើក ដោយមានផ្តល់មួកសុវត្ថិភាពចំនួន ៣៨៦មួក និងឯកសារមួយចំនួន, ចាត់មន្ត្រីជំនាញចុះធ្វើការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសចំនួន ២,២៨៩គ្រឿង។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ទោះបីជាលទ្ធផលបង្ហាញយ៉ាងនេះក្តី ក៏មន្ទីរនៅតែបន្តខិតខំបំពេញការងាររបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងទីជនបទ ឬតំបន់ដាច់ស្រយាល។ បច្ចុប្បន្នក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើប្រតិភូកម្មមុខងារទៅដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ចំនួន ០២មុខងារគឺ៖ ១. ការចុះបញ្ជីយានយន្តដែលជាកម្មសិទ្ធិឯកជន, ២. ការផ្តល់បណ្ណបើកបរយានយន្ត ប្រភេទ «ក» និង «ខ» (សម្រាប់រដ្ឋបាលរាជធានី ខេត្ត)។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក៏បានប្តេជ្ញាបន្តខិតខំបំពេញការងាររបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋទាំងនៅទីប្រជុំជន និងទីជនបទ ឬតំបន់ដាច់ស្រយាល៕

 

អត្ថបទដែលជាប់ទាក់ទង