ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ អាជ្ញាធរខណ្ឌ៧មករាអះអាងថា លែងបក់ផ្សែងទៀតហើយ ហើយការប្រើប្រាស់ចិញ្ចើមផ្លូវមួយភាគបី ក៏លែងឲ្យមានទៀតដែរ

136
ភ្នំពេញ៖ អាជ្ញាធរខណ្ឌ៧មករា បានអះអាងថា ចាប់ពីពេលនេះតទៅ យើងលែងឈរបក់ផ្សែងទៀតហើយ  ហើយការអនុគ្រោះ ដោយឲ្យបងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋធ្វើអាជីវកម្មទៅលើចិញ្ចើមផ្លូវមួយភាគបីនៃចិញ្ចើមផ្លូវនោះក៏លែងឲ្យមានទៀតដែរ។
   នេះបើតាមការបញ្ជាក់ពីលោកហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា ក្នុងខណៈដែលលោកនិងលោកលឹម សុភា អភិបាលខណ្ឌ៧មករា ដឹកនាំកម្លាំងចម្រុះចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយផ្លូវនេរុហ៍ សង្កាត់វាលវង់ ខណ្ឌ៧មករា នាព្រឹកថ្ងៃទី២៤ កក្កដា ២០១៩នេះ។
   លោកហៀក ចាន់លាង បានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងបញ្ហាសណ្ដាប់ធ្នាប់សាធារណៈនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការរៀបចំសណ្ដាប់ធ្នាប់ជាប្រចាំ ខណៈដែល ការកកស្ទះចរាចរណ៍នៅតែកើតមាន រាល់ថ្ងៃនោះ ។ លោកបន្តទៀតថា ពាក់ព័ន្ធនឹងបញ្ហានេះរដ្ឋបាលខណ្ឌ៧មករា គឺបានរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នេះជាប្រចាំ។ ជាក់ស្ដែង សម្រាប់ពេលនេះ យើងបានរៀបចំ សណ្ដាប់ធ្នាប់ ដោយប្រើប្រាស់ជារូបភាពទ្រង់ទ្រាយធំ ដោយសារតែយើង បានជូនដំណឹងឲ្យពួកគាត់រកទីតាំងថ្មី រយៈពេល២សប្តាហ៍មកហើយ តែពួកគាត់នៅតែមិនអនុវត្តតាម ទើបអាជ្ញាធរខណ្ឌ៧មករា ចុះអនុវត្តដោយធ្វើការស្ទួចរថយន្តទៅរក្សាទុកនៅសាលាខណ្ឌតែម្ដង។
   លោកហៀក ចាន់លាង បានបញ្ជាក់ទៀតថា ដោយសារតែមានការយោគយល់ច្រើនចំពោះបងប្អូន
ប្រជាពលរដ្ឋ កាលពីមុនការអនុវត្តនៃការរៀបចំសណ្ដាប់ធ្នាប់នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខណ្ឌបានអនុញ្ញាតឲ្យពួកគាត់ប្រើប្រាស់ចិញ្ចើមផ្លូវ ១/៣ តែការយោគយល់បែបនេះ គឺប្រជាពលរដ្ឋមិនបានអនុវត្តតាមទេ ដោយពួកគាត់ប្រើប្រាស់ចិញ្ចើមផ្លូវទាំងមូល ហើយបានប្រើប្រាស់រហូតដល់ទ្រូងផ្លូវថែមទៀត។ ដោយមើលឃើញពីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជារដ្ឋបាលខណ្ឌ បានសម្រេច
ដោយមិនឲ្យប្រើប្រាស់ចិញ្ចើមផ្លូវ ១/៣ ទៀតទេ ពោលគឺអាច ធ្វើការលក់ដូរទំនិញផ្សេងៗ បានត្រឹមតែទ្វាផ្ទះ
ទៅខាងក្នុងប៉ុណ្ណោះ។
   លោកបន្តថា លក់ដូររថយន្តនៅតាមផ្ទះល្វែង គឺមិនអនុញ្ញាតឲ្យមានការលក់តទៅទៀតទេ ដោយតម្រូវ
ឲ្យពួកគាត់ទៅរកទីតាំងថ្មី ។ យើងមិនអាចបន្តការបក់ផ្សែងតទៅទៀតទេ។ លោកបានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករអស់ មេត្តាសហការជាមួយអាជ្ញាធរ ដើម្បីចូលរួមរៀបចំសណ្ដាប់ធ្នាប់រាជធានីភ្នំពេញឲ្យបានសណ្ដាប់ធ្នាប់ល្អ ជៀសវាង ការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរនិងប្រជាពលរដ្ឋ។
   គួរបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការនៃការចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្តោយផ្លូវនេះគឺអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការដកហូត និង ស្ទូចរថយន្តដែលចត រំលោភលើចិញ្ចើមផ្លូវចំនួន០៩គ្រឿងបញ្ជូន
ទៅរក្សាទុកនៅសាលាខណ្ឌ ៧មករាដើម្បីចាត់ចែងទៅតាមនីតិវិធីបន្តទៀត៕
អត្ថបទដែលជាប់ទាក់ទង