ការចាប់ខ្លួនជនល្មើស ជនជាតិចិន ក្នុងករណីសម្លាប់នារីជាសង្សារច្រកវ៉ាលិស
អង្គការ Child Protection Unit នៅថ្ងៃទី២៤ ខែកក្កដានេះ បានផ្សព្វផ្សាយលើហ្វេសប៊ុកថា យើងបានទទួលលទ្ធផលដ៏ល្អប្រសើរ ក្នុងការស៊ើបអង្កេត ដែលពោរពេញដោយភាពលំបាកនេះ។ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បុរសជនជាតិចិនម្នាក់ ឈ្មោះយ៉ាងយ៉ាង ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន ពេលរូបគេបានវិលត្រឡប់ចូលក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងករណីឃាតកម្មទៅលើនារីម្នាក់ នៅក្នុងទីក្រុងភ្នំពេញ។
កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ សាកសពគ្មានអត្តសញ្ញាណនិងសំណាកវ៉ាលិស ត្រូវបានរកឃើញពេលដែលកំពុងឆេះនៅជាយក្រុង នៃទីក្រុងភ្នំពេញ។ មន្ត្រីនគរបាលពីនាយកដ្ឋានព្រហ្មទណ្ឌទីក្រុងភ្នំពេញ, មន្ត្រីនគរបាលក្រសួងមហាផ្ទៃ, និងមន្ត្រីបច្ចេកទេសកោសល្យវិច័យរបស់អង្គភាពការពារកុមារកម្ពុជា បានចូលរួមធ្វើការស៊ើបអង្កេត និងបានធ្វើការងារដ៏ល្អក្នុងប្រតិបត្តិការនេះ។
អង្គការដដែល បានបន្តថា យើងបានធ្វើការស្នើសុំដល់សាធារណជន ដើម្បីជួយក្នុងការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ ដោយការពិនិត្យមើលបន្តោងខ្សែដៃដែលក្រុមកម្លាំងការងារបានរកឃើញ ជាមួយសាកសពជនរងគ្រោះ។ អង្គភាពការពារកុមារបានធ្វើការត្រួតពិនិត្យទៅលើសាកសពជនរងគ្រោះ ហើយបានយល់ឃើញថា សាកសពជានារីដែលកំពុងតែមានផ្ទៃពោះ។ ការស៊ើបអង្កេតនេះ ជាឱកាសដ៏កម្រមួយ ដែលទាមទារឲ្យយើងធ្វើការវិភាគ DNA ដើម្បីកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ។ ការប្តេជ្ញាចិត្ត និងភាពតរស៊ូរបស់មន្ត្រីនគរបាលជាតិកម្ពុជា បាននាំដល់ការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះ និងការប្រៀបធាបសំណាក DNA របស់សមាជិកក្រុមគ្រួសារជនរងគ្រោះ។
មន្ត្រីស៊ើបអង្កេតបានធ្វើការតាមដាន ទៅលើរថយន្តដែលបានប្រើប្រាស់ ក្នុងសកម្មភាពនេះ និងបានពិនិត្យរូបភាពពីកាមេរ៉ាសុវត្ថិភាព តាមផ្ទះសំណាក់ រហូតដល់ពួកគេបានកំណត់អត្តសញ្ញាណរបស់ជនសង្ស័យ។
ការងារដ៏ល្អដោយមន្ត្រីនគរបាលក្រសួងមហាផ្ទៃ និងនគរបាលជាតិកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលជាតិប្រទេសចិន បាននាំនូវការចាប់ខ្លួនជនល្មើស ដែលបានផ្តល់ចម្លើយសារភាពបទល្មើស និងត្រូវបានផ្តន្ទាទោសតាមច្បាប់។
នេះជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញពី ភាពតរស៊ូ និងការប្តេជ្ញាចិត្តចំពោះការស៊ើបអង្កេត។
សូមអបអរសាទរដល់គ្រប់អង្គភាពដែលបានផ្តល់ជាជំនួយ។
លោកវរសេនីយឯក ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកឲ្យដឹងនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះថា ជនដៃដល់ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាន នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីជនដៃដល់បានវិលត្រឡប់ពីប្រទេសចិន ចូលប្រទេសកម្ពុជាវិញ ដើម្បីធ្វើការងារវិញ ក្រោយគេចខ្លួនទៅប្រទេសចិនអស់មួយរយៈ។
លោកវរសេនីយ៍ឯក ជាវ វិបុល បានឲ្យដឹងថា ជនដៃដល់ដែលឈ្មោះ Yang Yang អាយុ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED1029380 ដែលចាប់ខ្លួនបាននៅចំណុចក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមចម្លើយរបស់ឈ្មោះ Yang Yang បានសារភាពថា ខ្លួនបានចូលមកប្រទេសកម្ពុជា កាលពីអំឡុងខែ១០ ឆ្នាំ២០១៦ តាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកធ្វើការនៅក្នុងក្រុមហ៊ុន THE PARK WAY ស្ថិតនៅផ្លូវលេខ ២៧៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លុះដល់ឆ្នាំ២០១៨ ក៏បានស្គាល់ជនរងគ្រោះឈ្មោះ Miao Xiaolin ហើយក៏ស្រឡាញ់គ្នាជាសង្សារ ដោយជួលផ្ទះសំណាក់យីហោ ហ្វីបារីស បន្ទប់លេខ ២០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ជនដៃដល់បានប្រាប់ឲ្យជនរងគ្រោះយកកូនចេញ ព្រោះខ្លួនមានប្រពន្ធរួចហើយ តែជនរងគ្រោះមិនព្រម ក៏មានការឈ្លោះប្រកែកគ្នាហើយខ្លួនក៏ច្រានជនរងគ្រោះ ឲ្យដួលទៅលើឥដ្ឋបណ្តាលឲ្យសន្លប់ ហើយបានយកកន្សែងពោះគោរឹតកសម្លាប់។ បន្ទាប់មកជនដៃដល់ បានទៅទិញវ៉ាលិសមួយនៅផ្សារថ្មី តម្លៃ៨០ដុល្លារ ហើយយកសាកសពដាក់ក្នុងវ៉ាលិស រហូតដល់ម៉ោងប្រហែល៨យប់ថ្ងៃកើតហេតុ ទើបខ្លួនយកវ៉ាលិសដែលមានសាកសព ដឹកតាមរថយន្តមួយគ្រឿងម៉ាក Lexus RX 330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AM-1334 និងទិញសាំងមួយដប រួចដឹកសាកសពយកទៅដុតចោលនៅចំណុចដីឡូតិ៍លីយ៉ុងផាត់ ហើយគេចខ្លួនទៅប្រទេសចិននៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩។ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជនដៃដល់ក៏ត្រឡប់មកធ្វើការនៅក្នុងក្រុមហ៊ុនវិញ ដោយគិតថាពុំមានអ្នកណាដឹងរឿងនេះ តែពេលមកដល់ក្រុមហ៊ុនវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕