លោកស៊ុន ចាន់ថុល លេងធម៌ក្តៅ ប្តូរសមាសភាពមន្ត្រីគម្រោង ៦រូប បន្ទាប់ ពីក្រសួងបានរកឃើញថា ត្រួតពិនិត្យបច្ចេកទេសផ្លូវមានចំណុចមួយចំនួន នៅមានការខ្វះខាត
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើទៅធនាគារពិភពលោកម្ចាស់កម្ចីសម្រាប់លើកកម្ពស់គុណភាពកំណាត់ផ្លូវជាតិលេខ៧ និងលេខ៣ ឱ្យដកអ្នកត្រួតពិនិត្យបច្ចេកទេសផ្លូវចំនួន ៦រូប បន្ទាប់ពីមើលឃើញថា ការជួសជុល និងលើកកម្ពស់គុណភាពកំណាត់ផ្លូវទាំងពីរនាក់នេះ មានបញ្ហាច្រើន។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ អ្នកត្រួតពិនិត្យបច្ចេកទេសផ្លូវទាំង៦រូប ដែលដកចេញនោះ មានជនជាតិខ្មែរ៣រូប និងជនបរទេស៣រូប។
លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ការដកអ្នកត្រួតពិនិត្យបច្ចេកទេសផ្លូវទាំង៦រូបនេះ បន្ទាប់ពីពួកគេបានធ្វេសប្រហែសក្នុងការងារ ដោយបណ្តោយឱ្យការសាងសង់កំណាត់ផ្លូវជាតិលេខ៧ និងលេខ៣ មានបញ្ហាច្រើន។
អ្នកបច្ចេកទេសដែលស្នើឱ្យដកចេញពីការងារនេះ រួមមាន៖ ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស ១រូប, អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស ១រូប និងសមាជិកក្រុមទីប្រឹក្សាបច្ចេកទេស ៤រូប។
បើតាមការផ្សាយរបស់ផេកហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន នៅល្ងាចថ្ងៃទី២៤កក្កដានេះថា
ផ្លូវជាតិលេខ៧ បង្គោលគីឡូម៉ែត្រ PK136 – PK300
សម្រេច ប្តូរសមាសភាពមន្ត្រីគម្រោង ៦រូប៖
– ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស <១រូប>
– អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស <១រូប>
– សមាជិកក្រុមទីប្រឹក្សាបច្ចេកទេស <៤រូប>
ដើម្បីពង្រឹងការងារគម្រោងឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចប្តូរសមាសភាពមន្ត្រីគម្រោង RAMP II ដែលកំពុងត្រួតពិនិត្យ និងគ្រប់គ្រងការងារស្ថាបនា ធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ ចាប់ពី បង្គោលគីឡូម៉ែត្រ PK136 – PK300 ដោយប្តូរពីកៅស៊ូពីរស្រទាប់ DBST ទៅជាបេតុងកៅស៊ូ AC ពង្រីកតួផ្លូវពី ៧ម ទៅ ១១ម (កៅស៊ូ AC ១០ម) មហិរញ្ញប្បទានពីធនាគារពិភពលោកក្នុងទឹកប្រាក់ប្រមាណ ៣៦,៤៥លានដុល្លារអាមេរិក។
គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ គម្រោង ផ្លូវជាតិលេខ៧ បង្គោលគីឡូម៉ែត្រ PK136 – PK300 នេះសម្រេចបានលទ្ធផល ដូចខាងក្រោម៖
– PK136 – PK186 អ៊ុកៅស៊ូ AC បាន ១០០%
– PK186 – PK243 អ៊ុកៅស៊ូ AC បាន ១០០%
– PK243 – PK300 អ៊ុកៅស៊ូ AC បាន ៧២%
ក្រសួងបានរកឃើញថា មានចំណុចមួយចំនួន នៅមានការខ្វះខាត ដែលតម្រូវឲ្យក្រុមហ៊ុន ដោះស្រាយជាបន្ទាន់ ទើបក្រសួង អាចទទួលយកបាន។
សូមជម្រាបជូនថា ផ្លូវជាតិលេខ៧នេះមានប្រវែងសរុបចំនួន ៤៦០,៨៣០គីឡូម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីស្គន់ ផ្លូវជាតិលេខ៦ (PK ៧៥+០០០) ដល់ត្រពាំងគ្រៀល (ព្រំដែនកម្ពុជា-ឡាវ) ក្នុងនោះប្រវែងចំនួន ២៧៥,៥៦០គីឡូម៉ែត្រត្រូវបានជួសជុលធ្វើឱ្យប្រសើរឡើងវិញចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរ ជាតិសរុបចំនួន៦៩,៨២លានដុល្លារអាមេរិក ពោលគឺ៖ចាប់ពីបង្គោលគីឡូម៉ែត្រលេខ PK136 – PK300ជាគម្រោងRAMP II ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោកក្នុងទឹកប្រាក់ចំនួន៣៦,៤៥លានដុល្លារអាមេរិក និងចាប់ពីបង្គោលគីឡូម៉ែត្រលេខ PK332.125 – PK424.690 ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនក្នុងទឹកប្រាក់ចំនួន៣៣,៣៧ លានដុល្លារអាមេរិក។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នេះ លោកទេសរដ្ឋមន្ត្រី បានដឹកនាំ គណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ជិះកង់នៅខេត្តត្បូងឃ្មុំ ពិនិត្យស្ថានភាពផ្លូវ ឋិតនៅបង្គោលគីឡូម៉ែត្រលេខ PK176 – PK166 ក្នុងចម្ងាយផ្លូវ ១០គីឡូម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៧។ យុទ្ធនាការជិះកង់នេះ ធ្លាប់ត្រូវបានធ្វេីបានជាច្រេីនលេីកមកហេីយ ដេីម្បីពិនិត្យឱ្យឃេីញជាក់ស្តែងនូវផ្លូវមានជង្ហុកសម្បុកមាន់ ផ្លូវមានទឹកដក់ ស្រកានាគ និងបញ្ហាផ្សេងៗ។ សកម្មភាពនេះគឺជាគម្រូសម្រាប់មន្ត្រីអនុវត្តគម្រោង និងថ្នាក់ដឹកនាំត្រូវមានការយកចិត្តទុកដាក់ខ្ពស់ លើការពិនិត្យគុណភាពផងដែរ៕