អាជ្ញាធរខេត្តកំពង់ចាមអបអសាទរខួបលើកទី ១០ នៃប្រាសាទព្រះវិហារ និងខួបលើកទី ១ នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
កំពង់ចាម៖ អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម លោក គួច ចំរើន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ អញ្ជើញចូលរួមក្នុងការប្រារព្ធព្រឹត្តិការណ៍វប្បធម៌ជាតិ អបអសាទរខួបលើកទី ១០ នៃប្រាសាទព្រះវិហារ និងខួបលើកទី ១ នៃតំបន់ប្រាសាទសំបូរព្រៃគុក ដែលបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ។
ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី១៥ កក្កដា ២០១៨វេលាម៉ោង៩ព្រឹក នៅបរិវេណនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានប្រមូលផ្ដុំ ថ្នាក់ដឹកនាំអាជ្ញាធរ មន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងនិស្សិត យ៉ាងច្រើនកុះករ ។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាមក្នុងឱកាសនោះបានលើកឡើងថា កម្ពុជាពិតជាមោនទ:ភាពណាស់ដែលអន្តរជាតិបានទទួលស្គាល់នូវស្នាដៃសម្បត្តិបេតិភណ្ឌពិភពលោកមានប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ភ្លេងប្រពៃណី របាំប្រពៃណី ជាច្រើនទៀត ដែលបានធ្វើឲ្យពិភពលោកស្គាល់ថាកម្ពុជាមានរបស់របរដ៏អសា្ចរ្យដែលមិនអាចកាត់ថ្លៃបាន ហើយត្រូវបានរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្តេចបានខិតខំប្រឹងប្រែងដោយបានយកចិត្តទុកដាក់ថែរក្សាអភិរក្ស និងបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌ ជារបស់មនុស្សជាតិទូទៅ ទូទាំងពិភពលោក គឺមានការចូលរួមពីអង្គការអន្តរជាតិជាច្រើន ដើម្បីឲ្យបានដឹងថាស្នាដៃបុព្វបុរសខ្មែរយើងបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយផងដែរ ។
នេះដោយសារប្រទេសជាតិមានសុខសន្តិភាព សុវត្ថិភាព មានការរីកចម្រើន ដែលបានមកពីសម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានលះបង់ឥតនឿយណាយឥតឈប់ឈរដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យក្លាយទៅជាប្រទេសមួយប្រកបដោយភាពសុខសាន្ត ស្ថេរភាពនយោបាយ គ្មានសង្គ្រាម និងការការរីកចម្រើន ដែលបានទទួលបានស្គាល់ពីអន្តរជាតិ ហើយភ្ញៀវអន្តរជាតិក៏ចង់ស្គាល់នូវសម្បត្តិវប្បធម៍ជាតិរបស់កម្ពុជាដោយទាញភ្ញៀវអន្តរជាតិមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍វប្បធម៍ និងបានបង្កើននូវកំណើនសេដ្ឋកិច្ចបានមួយកំរិតទៀតផង។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ឆ្លៀតក្នុងឱកាសនោះបានស្នើ និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋជនរួមជាតិ រួមទាំងភ្ញៀវទេសចរណ៍ ត្រូវចេះស្រឡាញ់វត្ថុបុរាណ សម្បត្តិវប្បធម៍ ទាំងអស់ ត្រូវចូលរួមថែរក្សាបរិស្ថាន សម្បត្តិវប្បធម៍ អនាម័យ ព្រោះជារបស់យើងទាំងអស់គ្នា ឲ្បានគង់វង្សយូរអង្វែងតទៅទៀត។
គួររំលឹកថា ប្រាសាទព្រះវិហារ ត្រូវបានចូល ជាបេតិកភណ្ឌពិភពលោក នាថ្ងៃទី៧ កក្កដា ២០០៨ និងតំបន់ប្រាសាទព្រៃគុក ចូលជា បេតិភ័ណ្ឌពិភពលោក នាថ្ងៃទី៨ កក្កដា ២០១៧ ហើយរាជរដ្ឋាភិបាលបានសម្រេច យកថ្ងៃទី១៥ កក្កដា ដើម្បីប្រារព្ធអបអរសាទរសាទរ នៃការដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងពីររួមគ្នា ដែលបានឲ្យគ្រប់ស្ថាប័នរដ្ឋ និងឯកជនប្រារព្ធរួមគ្នា ដើម្បីជាមោទនភាពខ្មែរ៕