អាវុធហត្ថខេត្តមណ្ឌគិរី ឃាត់ខ្លួនលោក សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា យោងតាមដីកា
មណ្ឌលគិរី ៖ មេបញ្ជាការអាវុធហត្ថស្រុកកែវសីម៉ា លោក សាក់ សារុន ដែលជាប្អូនប្រុសបង្កើត របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ក៏ត្រូវតុលាការចេញដីកាតាមចាប់ខ្លួន។ ប៉េអឹមខេត្តមណ្ឌលគិរី បានថ្លែងថា ចាប់ខ្លួនលោក សាក់ សារុន មេបញ្ជាការអាវុធហត្ថស្រុកកែវសីមាបានហើយ។
ការឃាត់ខ្លួនលោក សាក់ សារុន បានធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ តាម ដីកាបង្គាប់ឲ្យចូលខ្លួន របស់លោក ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី។
លោក ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ បានចេញដីកាបង្គាប់ឲ្យចូលខ្លួន ដោយតម្រូវឲ្យជនត្រូវចោទ សាក់ សារុន មេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា ចូលខ្លួនឆ្លើយបំភ្លឺមុខតុលាការខេត្តមណ្ឌលគិរីនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
យោងតាមដីកាបង្គាប់ឱ្យចូលខ្លួន “យើង ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។ បានឃើញសំណុំរៀងស៊ើបសួរលេខ ១៣២ ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ របស់សាលាដំបូងខេត្តមណ្ឌលគិរី ។ បានឃើញដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៣២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដែលផ្ដើមចោទប្រកាន់លើ ៖ ឈ្មោះ សាក់ សារុន ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមេបញ្ជាការកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទីកន្លែងកំណើតភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅបច្ចុប្បន្នភូមិក្បាលស្នូលឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ។
ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ { “ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយ
គ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តនៅភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ តាមបញ្ញត្តិមាត្រា ៩៦ កថាខណ្ឌ១ ចំណុច២ និងមាត្រា៩៨ កថាខណ្ឌ២ ចំណុច១ នៃច្បាប់ស្តីពីព្រៃឈើ ។
ហេតុដូច្នេះ សម្រេច ១. បង្គាប់មកជនដែលមានឈ្មោះ សាក់ សារុន ភេទប្រុស អាយុ៥៦ឆ្នាំ ឱ្យចូលមកកាន់ សាលាដំបូងខេត្ត
មណ្ឌលគិរី នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩ វេលាម៉ោង ៩ និង ០០ នាទីព្រឹក ដើម្បីសាកសួរ ពីដំណើររឿង ៖ “ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ប្រព្រឹត្តនៅភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ។ ២. ករណីសាមីខ្លួនមិនព្រមចូលមកបង្ហាញខ្លួនតាមកាលកំណត់ខាងលើទេ យើងនឹងចេញដីកាបង្គាប់ឱ្យនាំខ្លួន៕