ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការរង​ស្រុក​ភ្នំស្រួចត្រូវផ្អាក​ការងារ ក្រោយ​បង្ក្រាប​ក្លឹប​កម្សាន្ត​ «​គិរី​រម្យ​» ព្រោះប៉ះ​ខ្សែ​អ្នកធំ​?

71

​កំពង់ស្ពឺ ៖​ អតីត​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច​ លោកអនុសេនីយ៍ឯក អ៊ឹង ឡាយ​ឆាយ ​ត្រូវបាន​សម្តេច​ក្រឡាហោម​ស ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ​សម្រេច​ផ្អាក​ការងារ​ជា​បណ្តោះ​អាសន្ន​ ពាក់ព័ន្ធ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ចោទប្រកាន់​ ក្នុងករណី​បង្ក្រាប​ក្លឹប​កម្សាន្ត​«​គិរី​រម្យ​» ជាមួយ​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ​។​

ជុំវិញ​រឿងរ៉ាវ​​ខាងលើនេះ​មហាជន​ បានដាក់ជាចម្ងល់ថា ​ការចុះ​ធ្វើ​រដ្ឋបាល​ចំហ​របស់​ គណៈបញ្ជាការឯកភាពខេត្តស្រុក ចុះត្រួតពិនិត្យក្លឹបកម្សាន្ត«គិរីរម្យ​» ក្រោម​ការដឹកនាំ​របស់​លោក​ស សុ​ពុ​ត្រា​ អភិបាលរង​ខេត្តកំពង់ស្ពឺ ​លោក​ឧត្ដមសេនីយ៍​ទោ​សម​ សាមួន ​ស្នងការ​ខេត្ត​អភិបាលស្រុក​អាជ្ញាធរ​ឃុំ​ ក្រោម​ការសម្របសម្រួល​នីតិ​វិធី​ដោយ​លោក​ខៃ​ សម្ផស្ស​ ព្រះរាជអាជ្ញា​រង​ អម​សាលា​ដំបូង​ខេត្តកំពង់ស្ពឺ​នោះ ​ហេតុអ្វី​នៅពេល​មានរឿង​ប្តឹងផ្តល់​ពី​សំណាក់​ថៅកែ​ក្លឹប​ បែរជា​មាន​កំហុស​តែ​លោក​អ៊ឹង​ ឡាយ​ឆាយ​ គ្រាន់តែ​អធិការរង​ទទួលបន្ទុក​ជំនាញ​គ្រឿងញៀន​តែម្នាក់ឯង​ទៅវិញ​?

បើយោងតាម​ប្រកា​សលេខ​៦៤១០​ប្រក​ ចុះ​ថ្ងៃទី​១៩​ ខែ​កក្កដា ​ឆ្នាំ​២០១៩​ របស់​សម្ដេច​ក្រឡាហោម ​ស​ខេង ​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ បានសម្រេច​ការផ្អាក​ការងារ​បណ្ដោះអាសន្ន​ចំពោះ​លោក​អនុសេនីយ៍ឯក​អ៊ឹង​ ឡាយ​ឆាយ​ អធិការរង ​នៃ​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច​។​

ចំពោះ​មូលហេតុ​ដែលនាំឲ្យ​​មានកា​រដក​បញ្ឈរ​ជើង​នេះ​ ដោយសារ​មាន​បណ្តឹង​ ពីប្រជាពលរដ្ឋចោទប្រកាន់ពីបទ ៖ លួច​មាន​ស្ថាន​ទម្ងន់ទោស​, រំលោភ​លំនៅដ្ឋាន​មាន​ស្ថាន​ទម្ងន់ទោស​, ចាប់​ឃុំឃាំង​និង​បង្ខាំង ដោយខុសច្បាប់មានស្ថានទម្ងន់ទោស, និង​បទ​គំរាមកំហែង​។

ដូច្នេះ ​លោក​អ៊ឹង​ ឡាយ​ឆាយ ​អតីត​អធិការរង​នគរបាល​ស្រុក​ភ្នំស្រួច ​ត្រូវ​បង្ហាញខ្លួន​ ជារៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ស្ពឺ​។​

សូមជម្រាបជូនថា កាលពីថ្ងៃ​សៅរ៍ ​១១​កើត​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ព​.​ស​.២៥៦២ ​ត្រូវ​នឹង​ថ្ងៃទី​១៦​ ខែមីនា ​ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣និង​០០​នាទី​រំលង​អធ្រាត្រ​ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត ​ស្រុក ​បានធ្វើ​រដ្ឋបាល​ចំហ​ក្នុង​ក្លឹប​កម្សាន្ត​«​គិរី​រម្យ​» ស្ថិតនៅ​ភូមិ​៤​ត្រែងត្រយឹង​ ស្រុក​ភ្នំស្រួច ​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​អនុវត្ត​តាម​គោលនយោបាយ​ ភូមិ/​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​។​

ក្នុង​ប្រតិបត្តិការ​ខាងលើ​ កម្លាំង​នគរបាល​ បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​០១​កញ្ចប់​តូច​ និង​ឧបករណ៍​ជក់​មួយចំនួនធំ ​ក្នុង​នោះបាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ​តាម​បញ្ជា​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្តកំពង់ស្ពឺ​។​

ក្រោយពី​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្ត​និង​សមត្ថកិច្ច​ជំនាញ​រកឃើញថា​ទីតាំង​ក្លឹប​កម្សាន្ត ​និង​ខារ៉ាអូខេ​«​គីរីរម្យ​» មាន​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​កម្លាំង​ចម្រុះ​សម្រេច​បិទ​អាជីវកម្ម​ក្លឹប​នេះ​បណ្តោះ​អាសន្ន​ ហើយ​កសាង​សំណុំរឿង​ បញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាម​នីតិ​វិធី​។​

ក្លឹប​ឌី​ស្កូ​រដែ​ល​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខេត្ត​បង្ក្រាប​នេះ​ម្ចាស់​អាជីវកម្ម​ក្លឹប​កម្សាន្ត ​និង​ ខារ៉ាអូខេ​«​គិរី​រម្យ​» មានឈ្មោះ​ទិ​ត្យ​ ស៊ី​ណាត ​មាន​ប្អូនប្រុស​ជា​មន្ត្រី​ប៉េអិម​ខេត្ត​កំពង់ស្ពឺ ​និង​មាន​សាច់ញាតិ​ ធ្វើការងារធំនៅក្រសួងផងដែរ។

កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខេត្តកំពង់ស្ពឺ​ បានបញ្ជាក់ថា ​«​ក្រោយ​ប្រតិបត្តិការ​រដ្ឋបាល​ជំនាញ រកឃើញវត្ថុតាងសង្ស័យមួយចំនួន ដែលទាក់ទងនឹងការផ្ដល់ទីតាំង ឲ្យមានការជួញដូរប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ទីតាំងក្លឹបឌីស្កូគីរីរម្យ ត្រូវបាន​អាជ្ញាធរ​ស្រុក​ខេត្ដ​ជំនាញ​ សម្រេចបិទផ្អាកសកម្មភាព ជាបណ្ដោះអាសន្នរង់ចាំកិច្ចស្រាវជ្រាវបន្ដ ​ពីព្រោះ​ទីតាំង​នេះ ជាកន្លែងផ្តល់ឲ្យប្រើប្រាស់គ្រឿងញៀន​»​។​

អត្ថបទដែលជាប់ទាក់ទង