វ៉ូវីណាមជាង៦០នាក់ចូលរួមធ្វើតេស្ត
ភ្នំពេញ៖កាលពីចុងសប្ដាហ៍កន្លងមកនេះសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរៀបចំការប្រឡងខ្សែក្រវាត់ដល់ កីឡាករកីឡាការិនីនិងធ្វើតេស្តីក្រុមជម្រើសជាតិជិត៣០នាក់ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើស ជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០១៩ “6th Vivonam World Championships 2019” នាខែធ្នូខាងមុខនេះ។
លោក កែវ ហុកលី អគ្គលេខាធិការនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានមានប្រសាសន៍ នេះគឺជាការប្រឡងតំឡើងខ្សែក្រវាត់ដល់កីឡាករ-កីឡាការិនីថ្នាល និងវ័យក្មេងរបស់សហព័ន្ធដែលមានចំនួន៣៣នាក់ ចំណែកក្រុមជម្រើសជាតិធ្វើតេស្តសមត្ថភាពប្រចាំខែ ដើម្បីស្ទប់ស្ទង់បច្ចេកទេសនៃសម្តែង និងប្រយុទ្ធ។
លោកបានបន្តថាសព្វថ្ងៃនេះកីឡាករ-កីឡាការិនីវ៉ូវីណាមជម្រើសជាតិមួយចំនួនដែលនៅឆ្ងាយបានស្នាក់នៅ
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាដូច្នេះសហព័ន្ធសម្រេចចិត្តឲ្យពួកគេធ្វើការហ្វឹកហាត់រយៈពេល៣ដងក្នុងមួយថ្ងៃដើម្បីពង្រីកពង្រឹងសមត្ថភាពឲ្យខ្លាំងត្រៀមចូលរួមជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០១៩ ក្នុងនាមម្ចាស់ផ្ទះការប្រកួត។
លោកបន្ថែមថា ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើស ជើងឯកពិភពលោកលើកទី៦ ឆ្នាំ២០១៩ “6th Vivonam World Championships 2019” នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦ដល់២២ ខែធ្នូ ឆ្នាំ២០១៩រៀបចំដោយសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាទទួលបានការគាំទ្រពីសហព័ន្ធកីឡាវ៉ូវីណាម ពិភពលោក៕