ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើ ទ្រព្យសម្បត្តិ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយ អាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់
ធនាគារជាតិ នៃកម្ពុជា នៅ ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨
សេចក្តីបំភ្លឺ ស្តីពី “ទុនបម្រុងអន្តរជាតិ។
ធនាគារជាតិនៃកម្ពុជា សង្កេតឃើញថា សារព័ត៌មានមួយចំនួន បានបកស្រាយខុសពាក់ព័ន្ធនឹង ទុនបម្រុងអន្តរជាតិ។ ការប្រៀបធៀបរវាងទំហំទុនបម្រុងអន្តរជាតិ នឹងចំនួនខែនៃការនាំចូលទំនិញនិង
សេវា គឺមានលក្ខណៈបច្ចេកទេស ដើម្បីវាស់វែងពីភាពរឹងមាំនៃសេដ្ឋកិច្ច និងមិនពាក់ព័ន្ធជាមួយនឹង
បញ្ហានយោបាយឡើយ។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើ
ទ្រព្យសម្បត្តិ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយ
អាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ ដូចជា ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់
ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់
និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។ ទុនបម្រងអន្តរជាតិអាចមានទម្រង់ជាមាស
និងរូបិយប័ណ្ណនានាដែល IMF ទទួលស្គាល់ជាអន្តរជាតិ (ដូចជាប្រាក់ដុល្លារអាមេរិក អឺរ៉ូ ផោនអង់គ្លេស
យេនជប៉ុន និងយ៉ន់ចិន)។
IMF តែងតែផ្តល់អនុសាសន៍ឱ្យប្រទេសសមាជិក រក្សាកម្រិត ទុនបម្រងអន្តរជាតិឱ្យបានគ្រប់គ្រាន់។ ដើម្បីកំណត់កម្រិតគ្រប់គ្រាន់នេះ IMF តែងតែធ្វើការប្រៀបធៀបទំហំមុនបម្រងអន្តរជាតិ
ទៅនឹងចំនួនខែនៃការនាំចូលទំនិញនិងសេវានៅគ្រាខាងមុខ។ ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា
កម្រិតគ្រប់គ្រាន់អប្បបរមា នៃទុនបម្រុងអន្តរជាតិ ដែលគួរមានគឺចំនួន ៣ ខែនៃការនាំចូលទំនិញនិង
សេវានៅគ្រាខាងមុខ។
ចំពោះកម្ពុជាទុនបម្រុងអន្តរជាតិ បានកើនឡើងជាលំដាប់ ហើយបច្ចុប្បន្នមានកម្រិត ៥ ខែនៃ
ការនាំចូលទំនិញនិងសេវា ពោលគឺខ្ពស់ជាង ៣ ខែដែលជាកម្រិតអប្បបរមា ដែលប្រទេសកំពុងអភិវឌ្ឍន៍
គួរមាន។ ផ្អែកលើសូចនាករនេះ សេដ្ឋកិច្ចកម្ពុជា កំពុងអភិវឌ្ឍប្រកបដោយចីរភាព នឹងភាពរឹងមាំ៕