លោកឧកញ៉ា ម៉ុង ឬទ្ធី និងលោកស្រី ហ៊ុន ស៊ីណាត បានស្វែងរកលោកឧកញ៉ា ស៊ឹម វណ្ណា ដើម្បីជួយឧបត្ថម្ភ
ភ្នំពេញ៖ លោកឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត ធ្លាប់មានលុយរាប់លានដុល្លារ ចាយលុយដូចក្រដាស បច្ចុប្បន្ននៅផ្ទះជួល ជិះម៉ូតូឌុប ដើរសុំលុយពីអ្នកដែលខ្លួនធ្លាប់ឲ្យចាយ ពេលឈឺរកតែលុយឲ្យថ្លៃពេទ្យគ្មាន។
ទោះយ៉ាងណា បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមហាជន បាននិយាយថា នៅពេលឧកញ៉ាណាមួយធ្លាក់ខ្លួនឈឺ ឬក៏អស់លុយពីខ្លួន ដោយប្រការថ្លោះធ្លោលណាមួយនោះ អស់លោកឧកញ៉ាផ្សេងៗទៀត ដែលមានធនធានហូរហៀរនោះ គួរតែជួយឧកញ៉ាដូចគ្នាទៅ ដើម្បីឲ្យឧកញ៉ាដែលធ្លាក់ខ្លួននោះ មានលទ្ធភាពអាចស្តារជីវភាពឡើងវិញ ដើម្បីទុកឲ្យមនុស្សជំនាន់ក្រោយៗ បានមើលឃើញពីទង្វើររបស់ពួកអស់ឧកញ៉ាជំនាន់មុនៗ ចេះជួយគ្នាក្នុងគ្រាក្សត់ ដែលមិនទុកឲ្យឧកញ៉ាៗដែលធ្លាក់ខ្លួនរស់់នៅដោយឯកការនោះឡើយ។
ក្រោយពីទទួលបានដំណឹងនេះរួចមក យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ឯកឧត្ដមបណ្ឌិត ម៉ុង ឬទ្ធី បានឲ្យក្រុមការងាររបស់លោក យកថវិកាមួយចំនួន យកទៅជូនលោកឧកញ៉ា ស៊ឹម វណ្ណា ដោយលោកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានសរសេរប្រាប់ឱ្យដឹងថា វេលាម៉ោងបីរសៀលថ្ងៃចន្ទទី២៩ ខែកក្កដា ឆ្នាំ២០១៩ ខ្ញុំបានឲ្យក្រុមការងារទៅស្វែងរកទីតាំងស្នាក់អាស្រ័យរបស់លោក ស៊ឹម វណ្ណា ដើម្បីនាំយកថវិកាទៅជួយសម្រាលទុក្ខលំបាកបានមួយគ្រាសិន និងស្វែងរកការពិតនៃជីវិតចុងក្រោយរបស់គាត់ផងដែរ។ បើតាមការសាកសួរប្រជាជន ដែលរស់នៅជិតខាងគាត់បានឲ្យដឹងថា រយៈពេលជិត៥ឆ្នាំកន្លងទៅហើយគាត់រស់នៅឯកកោតែម្នាក់ឯង លើផ្ទះជួលនេះ មិនដែលបានឃើញចេញទៅណាមកណាទេ ព្រោះថាជណ្ដើរដែកនេះ សូម្បីតែមនុស្សជើងជាស្មាររឹងក៏ពិបាកឡើងចុះដែរ គាត់បែកមុខនេះ មិនមែនគេវាយគាត់ទេ គឺកាន់ប៉ាន់តែដើរដួលទេ ចំពោះដំណឹងថាគាត់ជាអ្នកញៀនល្បែងពីមុន មកក៏មិនដឹងដែរ តែមួយរយៈពេលដែលគាត់មកជួលផ្ទះនៅខាងលើនេះ ដូចជា មិនអាចទៅរួចទេ។ កាលពីលោកស៊ឹម វណ្ណា មានមុខតំណែងជានាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត ក្នុងទសវត្សរ៍ឆ្នាំ1990 ខ្ញុំធ្លាប់បានធ្វើជំនួញកៅស៊ូជាមួយគាត់ និងឆ្នាំ1998 ខ្ញុំបានវិនិយោគសាងសង់រោងចក្រកែច្នៃកៅស៊ូក្រែប ដែលមានកម្លាំងផលិតពីរតោនក្នុងមួយម៉ោងផងដែរ តែកាលណោះគាត់ចូលចិត្តតែផឹកស៊ី KTV ក្រោយមកឮគេថាគាត់លេងល្បែងស៊ីសងថែមមួយមុខទៀត”។
នៅលើផេកហ្វេសប៊ុក Sinath Hun ដែលលោកស្រី ហ៊ុន ស៊ីណាត ជាប្អូនស្រីរបស់សម្តេចតេជោ ហ៊ុន សែន បានទៅជួបផ្ទាល់ជាមួយលោកឧកញ៉ាស៊ឹម វណ្ណា ដល់គេហដ្ឋានតែម្តង។ លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើហ្វេសប៊ុកថា “ថ្ងៃនេះបានស្វែងរកផ្ទះលោកឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត បានជួបហើយផ្ទះគាត់នៅជាន់ទី ២ ឡើងតាមកាំជណ្ដើរដែក។ តែគួរឲ្យអនិច្ចាណាស់ រស់នៅតែម្នាក់ឯង ប្រពន្ធរបស់គាត់ ពេលនេះមិននៅទៀត ។ សូមជូនពរបងប្រុសឆាប់ជាសះស្បើយ ។ សូមបញ្ជាក់ថា ផ្ទះគាត់នៅផ្លូវ350 ផ្ទះលេខ52 បឹងកេងកង៣”៕