បងប្អូនត្រូវទទួលទានសាច់ជ្រូកឡើងវិញ ពីព្រោះថាជំងឺប៉េស្តជ្រូកអាហ្វ្រិក កើតតែសត្វជ្រូកប៉ុណ្ណោះ
សៀមរាប៖ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ក្នុងផ្សារលើធំថ្មីខេត្តសៀមរាប ជាពិសេសជួបជាមួយអ្នកលក់សាច់ជ្រូក អាជ្ញាធរខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចាប់យកការចិញ្ចឹមសត្វជ្រូកនេះឡើងវិញ ដោយមិនមានការភ័យខ្លាច ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយបងប្អូនត្រូវទទួលទានសាច់ជ្រូកឡើងវិញ ពីព្រោះថាជំងឺប៉េស្តជ្រូកអាហ្វ្រិក កើតលើតែសត្វជ្រូកប៉ុណ្ណោះ មិនឆ្លងរាលដាលមកមនុស្សនោះទេ។
ព្រឹកថ្ងៃអង្គារ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ ក្នុងផ្សារលើធំថ្មី ជាពិសេសជួបជាមួយអ្នកលក់សាច់ជ្រូក ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ជឹមសត្វជ្រូកនៅក្នុងខេត្ត និងអាជីវករលក់សាច់ជ្រូកទាំងអស់ ឲ្យបានជ្រាបថា ការចិញ្ចឹមសត្វជ្រូក និងការពិសាសាច់ជ្រូក លែងបង្កឲ្យមានគ្រោះថ្នាក់ទៀតហើយ នេះបើយោងតាមការការជូនដំណឹង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ ។ ក្នុងឱកាសនោះលោកអភិបាលរងខេត្ត ព្រមទាំងក្រុមការងារទាំងអស់ ក៏ចូលរួមពិសាសាច់ជ្រូកខ្វៃ រួមគ្នាជាមួយមន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ និងអាជីវករ ដើម្បីបញ្ជាក់អំពីសាច់ជ្រូកមានសុវត្ថិភាពវិញហើយ ។
លោកពិន ប្រាកដ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចាប់យកការចិញ្ចឹមសត្វជ្រូកនេះឡើងវិញ ដោយមិនមានការភ័យខ្លាច ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពដល់បងប្អូនប្រជាពលរដ្ឋ ។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៩ ម្សិលមិញ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ បានមានប្រសាសន៍អំពាវនាវ ឲ្យប្រជាពលរដ្ឋបន្ដបរិភោគសាច់ជ្រូកដូចធម្មតា។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំ របស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ។
ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរខ្លាំងណាស់ ខណៈដែលការលក់សាច់ជ្រូក មានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ជ្រូកស្លាប់ដែលមានផ្ទុកជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺមិនត្រូវបានអនុញ្ញាត ឲ្យធ្វើការលក់ដូរឡើយ ខាងក្រសួង និងស្ថាប័នជំនាញ ដែលពាក់ព័ន្ធលើបញ្ហានេះ បានតម្រូវឲ្យកប់ចោលតែម្ដង ព្រោះចៀសវាងការឆ្លងរីករាលដាល ទៅកាន់ជ្រូកផ្សេងទៀត ដែលនៅក្បែរនោះ៕