ប្រធាន អនុប្រធាន និងមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ បញ្ជូនទៅតុលាការ
ភ្នំពេញ៖ ជនជាប់ចោទចំនួន៣នាក់ ដែលមានតួនាទីជាប្រធាន អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយឃុបឃិតទារលុយពីម្ចាស់ក្រុមហ៊ុន ចំនួន ១០ម៉ឺនដុល្លារ ជាថ្នូរចេញច្បាប់សាងសង់រោងចក្រ ដែល អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ ដើម្បីបន្តនីតិវិធីបន្ថែមទៀត។
សូមបញ្ជាក់ថា ប្រធាន អនុប្រធាន និងមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចុះទៅឃាត់ខ្លួននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តពោធិ៍សាត់ផ្ទាល់តែម្តង ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។ ការចុះទៅឃាត់ខ្លួននេះ ដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
មន្ត្រីដែលអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននេះ រួមមាន ១) ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីរសុរិយោដីខេត្តពោធិ៍សាត់ ២) ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរទទួលការងារសំណង់ និង៣) ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក។
ប្រធាន អនុប្រធាន និងមន្រ្តី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ចំនួន៣រូប ដែលសង្ស័យប្រព្រឹត្តអំពើពុករលួយ គប់គិតទារលុយពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់នោះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន នៅភោជនីយដ្ឋានមួយ ក្នុងក្រុងពោធិ៍សាត់ ជាទីដែលមន្រ្តីទាំងនោះ និងម្ចាស់ដីជួបគ្នា ដើម្បីប្រគល់លុយ។
សូមបញ្ជាក់ថា សម្តេចតេជោ ថ្លែងថា អភិក្រមទី៥ “វះកាត់” ត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ ចំពោះមន្ត្រីមន្ត្រីខិលខូច ជាពិសេសមន្ត្រីប្រព្រឹត្តអំពើពុករលួយ។ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់អគារពហុកីឡដ្ឋានជាតិ មរតកតេជោ នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជំហរម៉ឺងម៉ាត់ក្នុងការអនុវត្តអភិក្រមទី៥ “វះកាត់” ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ។ សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយឱ្យចុះទៅចាត់ការផ្ទាល់តែម្តង ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយចាប់យកត្រង់ៗតែម្តង ដោយមិនចាំបាច់មកតាមខ្សែអ្វីនោះទេ ហើយមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំងនេះ មិនត្រឹមតែដកតំណែងចេញនោះទេ តែត្រូវពិនិត្យលើទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត។
ជាក់ស្តែង ដូចជាកាលពីពេលថ្មីៗកន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយបានចុះទៅចាប់ខ្លួនមន្ត្រីនៃមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ មន្ត្រីសុរិយោដីទាំង៣រូប បានទារលុយរហូតដល់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការអនុញ្ញាតឱ្យសាងសង់សំណង់រោងចក្រនៅទីនោះ ដែលសម្តេចតេជោបានដឹងអំពីរឿងនេះយ៉ាងច្បាស់។
ការប្រព្រឹត្តអំពើពុករលួយ គឺជាឧបសគ្គដ៏ធំសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើសកម្មភាពប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងចំពោះការប្រព្រឹត្តអំពើពុករលួយនេះ។ អរគុណបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីរាជការ ដែលបានចូលរួមចំណែកផ្តល់នូវដំណឹងក៏ដូចជាព័ត៌មានក្នុងការចូលរួមទប់ស្កាត់អំពើពុករលួយ៕