បុរសម្នាក់ ចេះតែរងាញាក់រវើរវាយ បានយកកាំបិតចាក់សម្លាប់ខ្លួនឯង
ស្រុកខ្សាច់កណ្តាល៖ ករណីធ្វើអត្តឃាត ដោយបុរសម្នាក់ បានយកកាំបិតចាក់សម្លាប់ខ្លួនឯង នៅថ្ងៃទី៣០ កក្កដា ២០១៩ វេលាម៉ោង៩:៣០នាទី ចំណុចភូមិបារាជ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នគរបាលស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ងួន ប្រុសពេជ្រ អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកភោជនីយដ្ឋាន ហ្សង់អាលីហ្សេ ទីលំនៅភូមិ-ឃុំកើតហេតុ(ស្លាប់) ។
រយៈពេលជាច្រើនថ្ងៃ មកហើយជនរងគ្រោះ ចេះតែមានការភ័យខ្លាចដោយស្រែកថា មានគេតាមចាប់ដូចជាមនុស្សបែកថ្នាំ ដល់ថ្ងៃទី២៩ កក្កដា ២០១៩ វេលាម៉ោង១៦:០០នាទី ជនរងគ្រោះបានទៅសុំផ្ទះម្តាយមីងឈ្មោះមុត ស៊ីថា នៅភូមិឃុំជាមួយគ្នា ដេកស្នាក់នៅមួយយប់ ។ ដល់ថ្ងៃទី៣០ កក្កដា ២០១៩ វេលាម៉ោង៦:០០នាទីព្រឹក ជនរងគ្រោះបានក្រោកពីដេកហើយត្អូញត្អែរប្រាប់ម្តាយមីងថាមាន អាការក្តៅរងាស្រៀវស្រាញក្នុងខ្លួន ហើយឈ្មោះមុត ស៊ីថា បានមកប្រាប់ឈ្មោះអ៊ុំ នាង ជាម្តាយជនរងគ្រោះ ឲ្យទៅតាមគ្រូពេទ្យព្យាបាលនិងព្យួរសេរ៉ូម ព្រមទាំងទិញបបរឲ្យហូប ។ ដល់វេលាម៉ោង ៩:៣០នាទី ព្រឹកថ្ងៃដដែលជនរងគ្រោះបានប្រាប់ម្តាយមីងឲ្យជូនខ្លួនទៅបត់ជើងតូច ពេលនោះឈ្មោះមុត ស៊ីថា បានកាន់ដបសេរ៉ូមជូនជនរងគ្រោះចូលបន្ទប់ទឹក ពេលដល់បន្ទប់ទឹកឈ្មោះ មុត ស៊ីថា ឈរនៅមាត់ទ្វារបន្ទប់ទឹក ដែលយកក្រណាត់វាំងននបាំងធ្វើជាទ្វារ បន្តិចក្រោយមកស្រាប់តែឮព្រូសប្រះនៅក្នុងបន្ទប់ទឹក ទើបឈ្មោះមុត ស៊ីថា ចូលទៅមើល ឃើញជនរងគ្រោះយកអាវចងកជាប់និងសសរបន្ទប់ទឹក ឃើញដូចនោះឈ្មោះមុត ស៊ីថា បានចាប់ទាញអាវចេញពីជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានបោចខ្សែសេរ៉ូមចេញពីដៃ ហើយទៅចូលរោងបាយរបស់ឈ្មោះ មុត ស៊ីថា ដែលនៅក្បែរនោះ ហើយជនរងគ្រោះបានស្ទុះទៅយកកាំបិតមុខពីរ មកអារកខ្លួនឯង បណ្តាលឲ្យមានរបួសចេញឈាម និងយកកាំបិតចុងស្រួចពណ៌ស ចាក់ពោះខ្លួនឯង បណ្ដាលឲ្យមានរបួសមួយកន្លែង ធ្លាយពោះវៀនចេញមកក្រៅ ឃើញដូចនោះឈ្មោះមុត ស៊ីថា បានរត់មកហៅឪពុកម្តាយ ជនរងគ្រោះ មកជួយនិងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ តែបានពាក់កណ្តាលផ្លូវជនរងគ្រោះបានស្លាប់ទៅហើយ៕