ចោរឆ្នាំ២០១៩ សង្ស័យកើតរោគចិត្ត លួចដោះយកតែកង់ ទុកម៉ូតូចោល
ខេត្តបាត់ដំបង ៖ ពិតជាមហាចោរប្រចាំឆ្នាំ២០១៩មែន លួចយកម៉ូតូមិនបាន ដោះយកកង់ម៉ូតូទាំងមុខ ទាំងក្រោយ យកទៅបាត់ ទុកតែតួម៉ូតូនៅច្រងាងៗ។ ក្រុមចោរដែលមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចដោះកង់ម៉ូតូទាំងគូនេះ ពេលម្ចាស់ម៉ូតូ ជិះម៉ូតូទៅមើលស្រែ ដោយបានចាក់សោទុកចោលនៅក្បែរមាត់ផ្លូវ កាលពីវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៣១ កក្កដា នៅចំណុចវាលស្រែមួយកន្លែង ក្នុងភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រងបាត់ដំបង ខេត្តបាត់ដំបង។
ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1U-6199 ចំណែកម្ចាស់របស់វា មិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ។ នៅព្រឹកកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅមើលស្រែនៅកន្លែងកើតហេតុ ហើយពេលនោះ គាត់ទុកម៉ូតូចោលនៅក្បែរផ្លូវ និងក្បែរស្រែ រួចដើរទៅមើលស្រែបាត់ ។ ប៉ុន្តែនៅពេលគាត់ត្រឡប់មកកន្លែងដើមវិញ ស្រាប់តែឃើញម៉ូតូសល់តែតួ ហើយបាត់កង់ទាំង២ ធ្វើឲ្យគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនាពេលនោះ ព្រោះតែមិនធ្លាប់ជួបព្រឹត្តការណ៍បែបនេះ។
លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានមានប្រសាសន៍ថា រឿងនេះពិតជាបានកើតឡើងមែន តែរហូតដល់ម៉ោង២រសៀលទៅហើយ គេមិនឃើញមន្ត្រីប៉ុស្ដិ៍រដ្ឋបាលផ្ដល់របាយការណ៍នៅឡើយទេ ហើយ ទំនងផ្ដើមចេញពីរឿងគំនុំរវាងម្ចាស់ម៉ូតូ ជាមួយនឹងជនដៃដល់ ឬក៏អាចជនប្រព្រឹត្តជាជនញៀនថ្នាំ លោកបានបញ្ជាឲ្យមន្ត្រីជំនាញ និងមន្ត្រីមូលដ្ឋានចុះធ្វើការស្រាវជ្រាវស្វែងរកជនរងគ្រោះ៕