ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាររបស់ស្ថានទូតអាមេរិកស្តីពីការបោះឆ្នោតនៅកម្ពុជា, កម្ពុជានឹកស្មានមិនដល់ទាល់តែសោះថា ទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ

56


ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា បានសម្តែងការភ្ញាក់ផ្អើល និងខកចិត្តជាខ្លាំងចំពោះស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានចេញសារនិយាយវាយប្រហារលើដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីឆ្នាំ២០១៨កន្លងទៅ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជាក់ថា ១. វាជារឿងគួរឱ្យភ្ញាក់ផ្អើលនិងខកចិត្តយ៉ាងខ្លាំង ក្រោយពីបានកត់សម្គាល់ឃើញនូវអាកប្បកិរិយា
ខ្វះការទូត និងមិនគោរពមួយទៀត របស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ចំពោះកម្ពុជាដែលជា
ប្រទេសម្ចាស់ផ្ទះ។ តាមរយៈការបង្ហោះសារ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ
២០១៩ ស្ថានទូតបានផ្សព្វផ្សាយ នូវបទអត្ថាធិប្បាយខុសឆ្គងវាយប្រហារលើភាពត្រឹមត្រូវនៃការ
បោះឆ្នោតទូទៅនៅកម្ពុជា កាលពីឆ្នាំ២០១៨។
២. យើងនឹកស្មានមិនដល់ទាល់តែសោះថា ទង្វើវាយប្រហារដ៏គឃ្លើនបែបនេះ ដែលរំលោភបំពានទៅ
លើបទប្បញ្ញត្តិទាំងឡាយ ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងក្នុងអនុសញ្ញាទីក្រុង
វីយែនស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១ ត្រូវបានបង្កឡើងដោយស្ថានបេសកកម្មដែលតំណាងឱ្យ
ប្រទេសដែលមានអារ្យធម៌មួយ។
៣. អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមរំលឹកសារជាថ្មីដល់ស្ថានទូត
សហរដ្ឋអាមេរិកនៅភ្នំពេញ ពីភាពចាំបាច់នៃការអនុវត្តតាមមាត្រា១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលចែងយ៉ាងច្បាស់ថា គោលបំណងមួយក្នុងចំណោម គោលបំណងទាំងឡាយរបស់អង្គការ
សហប្រជាជាតិគឺ “ត្រូវកសាងទំនាក់ទំនងមិត្តភាព ក្នុងចំណោមប្រជាជាតិទាំងឡាយ ដោយផ្អែកលើ
ការគោរពគោលការណ៍នៃសិទ្ធិស្មើភាពគ្នា និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាជន និងត្រូវចាត់វិធានការ
សមស្របទាំងឡាយផ្សេងទៀត ដើម្បីពង្រឹងសន្តិភាពសកល-។ លើសពីនេះទៀត មាត្រា៤១នៃ
អនុសញ្ញាទីក្រុងវីយែន ស្តីពីទំនាក់ទំនងការទូតឆ្នាំ១៩៦១ ចែងយ៉ាងច្បាស់ថា៖
ក, បុគ្គលគ្រប់រូបដែលទទួលបានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិបែបនេះ មានករណីកិច្ចគោរព
ច្បាប់ និងបទប្បញ្ញត្តិទាំងឡាយរបស់ប្រទេសម្ចាស់ផ្ទះ។ ទន្ទឹមនឹងនេះ ពួកគេក៏មានករណ៍
កិច្ចមិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសនោះដែរ។

ខ. និវេសនដ្ឋានទាំងឡាយរបស់ស្ថានបេសកកម្ម មិនត្រូវបានប្រើប្រាស់តាមរបៀបណាមួយ
ដែលមិនស្របតាមមុខងាររបស់ស្ថានបេសកកម្ម ដូចមានចែងក្នុងអនុសញ្ញានេះ ឬដោយ
វិធានច្បាប់អន្តរជាតិទូទៅផ្សេងទៀត ឬដោយកិច្ចព្រមព្រៀងពិសេសណាមួយជាធរមាន
រវាងប្រទេសបញ្ជូន និងប្រទេសម្ចាស់ផ្ទះ។
ក្នុងគោលដៅនេះ គោលការណ៍សមភាព អធិបតេយ្យរបស់រដ្ឋបូរណភាពដែនដី និងការ
មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ត្រូវតែគោរពឱ្យបានពេញលេញ។

៤. ទោះបីជាមានការអំពាវនាវរបស់ក្រុមក្រៅច្បាប់ ឱ្យធ្វើពហិការបោះឆ្នោតក៏ដោយ ក៏ការបោះឆ្នោត
សកលកាលពីឆ្នាំមុន មានចំនួនអ្នកចូលរួមបោះឆ្នោត រហូតដល់៨៣,០២ភាគរយ ពោលគឺជាអត្រាខ្ពស់
បំផុតមួយ បើប្រៀបធៀបទៅនឹងការបោះឆ្នោតនានា នៅក្នុងបណ្តាប្រទេសដែលប្រកាន់លទ្ធិ
ប្រជាធិបតេយ្យជាយូរមកហើយ។ ការបោះឆ្នោតនោះបាន ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព
មានសណ្តាប់ធ្នាប់សរីនិងយុត្តិធម៌ ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីសំណាក់អ្នកសង្កេតការណ៍
ជាតិនិងអន្តរជាតិរាប់ម៉ឺននាក់។ លើសពីនេះទៀត តួលេខនេះក៏បញ្ជាក់ពីបំណងប្រាថ្នារបស់
ប្រជាជនកម្ពុជា ក្នុងការចង់បានការបន្តកិច្ចអភិវឌ្ឍប្រទេសជាតិលើ មាគ៌ាសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ
និងនីតិរដ្ឋជានិរន្តរ៍ ក៏ដូចជាការបន្តជំនឿទុកចិត្តរបស់ប្រជាជន លើគណបក្សកាន់អំណាច។ ការបដិសេធ
ចំពោះការពិតទាំងនេះ ស្មើនឹងការវាយប្រហារទៅលើឆន្ទៈ សេរីរបស់ប្រជាជនកម្ពុជាភាគច្រើនបំផុត
ក៏ដូចជាលើសុច្ចរិតភាព របស់អ្នកសង្កេតការណ៍ទាំងអស់ ដែលបានវាយតម្លៃការបោះឆ្នោតលើទីតាំងជាក់ស្តែង។

៥. សកម្មភាពមួលបង្កាច់ឥតឈប់ឈររបស់ ស្ថានទូតសហរដ្ឋអាមេរិក មិនត្រឹមតែប្រព្រឹត្តទៅផ្ទុយនឹង
ការខិតខំប្រឹងប្រែងបច្ចុប្បន្នប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវ
ទំនាក់ទំនងមិត្តភាព លើគ្រប់វិស័យជាមួយ នឹងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏បានចោទជាសំណួរ
អំពីគោលបំណងស្មោះត្រង់ របស់ស្ថានទូតសហរដ្ឋអាមេរិក ចំពោះកម្ពុជាដែលជាប្រទេសម្ចាស់ផ្ទះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង