អាជ្ញាធររាជធានីជម្រុញអោយខណ្ឌសង្កាត់ ទទួលប្រជាពលរដ្ឋក្នុងការផ្តល់សេវាផ្សេងៗអោយដូចក្រុមហ៊ុនឯកជននិងអោយបានដូចគេទទួលភ្លៀវចូលកន្លែងកំសាន្តនិងសប្បាយភាព
ភ្នំពេញ៖អាជ្ញាធររាជធានីភ្នំពេញបានជម្រុញអោយអាជ្ញាធរខណ្ឌសង្កាត់ត្រូវទទួលប្រជាពលរដ្ឋក្នុងការផ្តល់សេវាផ្សេងៗជូនពួកគាត់អោយដូចក្រុមហ៊ុនឯកជននិងអោយបានដូចគេទទួលភ្លៀវចូលកន្លែងកំសាន្តនិងសប្បាយភាពនានាដើម្បីអោយសែវានេះកាន់តែល្អតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលវិមជ្ជការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
នេះជាការជម្រុញរបស់លោកហួតហៃអភិបាលរងរាជធានីភ្នំពេញខណៈដែលលោកដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការជំរុញយន្តការនៃការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋទាំងអង្គភាពច្រកចេញចូលតែមួយថ្នាក់រាជធានីថ្នាក់ខណ្ឌការិយាល័យច្រកចេញចូលតែមួយនិងថ្នាក់សង្កាត់កាលពីព្រឹកថ្ងៃទី០១ខែសីហាឆ្នាំ២០១៩នៅសាលារាជធានីភ្នំពេញ។
លោកហួតហៃបានមានប្រសាសន៍លើកឡើងថាយន្តការនៃការផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋទាំងអង្គភាពច្រកចេញចូលតែមួយថ្នាក់រាជធានីថ្នាក់ខណ្ឌការិយាល័យច្រកចេញចូលតែមួយនិងថ្នាក់សង្កាត់ក្រុមបដិសណ្ឋារកិច្ចត្រូវតែធ្វើអោយកាន់តែល្អប្រសើរនិងមានប្រសិទ្ធភាពដើម្បីអនុវត្តគោលនយោបាយកំណែទម្រង់រដ្ឋបាលវិមជ្ជការនិងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ទៀតថានាពេលនេះសេវាកម្មបំរើប្រជាពលរដ្ឋឃើញថាល្អប្រសើរហើយ។ប៉ុន្តែក៏នៅមានចំណុចខ្វះខាតខ្លះដែរដែលត្រូវអោយមន្ត្រីថ្នាក់ក្រោមជាតិរបស់យើងត្រូវបំពេញបន្ថែមមានន័យថាចំណុចល្អៗយើងបន្តធ្វើឯចំណុចមិនល្អត្រូវនាំគ្នាកែអោយល្អប្រសើរឡើង។ថ្នាក់ខណ្ឌសង្កាត់ត្រូវពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយបានល្អជៀសវាងដាច់ខាតការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។“មើលយើងរៀបចំទទួលប្រជាពលរដ្ឋក្នុងការផ្តល់សេវានេះអោយដូចក្រុមហ៊ុនឯកជននិងអោយបានដូចគេទទួលភ្លៀវចូលកន្លែងកំសាន្តនិងកន្លែងសប្បាយភាពមើល” ធ្វើអោយបានឆាប់មានតម្លាភាពនិងមានប្រសិទ្ធភាព។
នៅថ្នាក់ខណ្ឌត្រូវជួយជម្រុញការងារនៃការផ្តល់សេវាដែលមិនទាន់ដើរត្រូវធ្វើអោយដើរជម្រុញប្រជាពលរដ្ឋអោយមកទទួលសេវា។អ្វីដែលសំខាន់គឺជៀសវាងមានបញ្ហារហូតដល់អង្គភាពACUចាត់វិធានការតាមច្បាប់។លោកសូមអោយច្រកចេញចូលតែមួយភ្នំពេញពង្រឹងលើឯកសារថាតើដល់ណាហើយលឿនឬយឺតមានបញ្ហាអ្វីខ្លះពិសេសវិស័យដីធ្លីផ្ទះសំបែង។សំខាន់ត្រូវរួសរាយរាក់ទាក់មានសុជីវធម៌មិនរើសអើងអ្នកមានអ្នកក្រហើយផ្ញើររបាយការណ៍អោយបានលឿនមកក្រុងដើម្បីអោយការងារនេះបានលឿនជូនប្រជាពលរដ្ឋ៕