ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនដែលទិញដីពុះឡូត៏ពីឈ្មោះកែវ ជា រងចាំការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធករណីឧកញ៉ាជាសុខហេងបំពានដីការក្សាការពារនិងបានយកកុងតឺន័របិទផ្លូវចេញចូលលើដីទំនាស់

81

ខេត្តកំពត៖ប្រជាជនរាប់សិបគ្រួសារដែលបានទិញដីពុះឡូត៏ពីឈ្មោះកែវជារងចាំការដោះស្រាយពីអាជ្ញាធរពាក់ព័ន្ធករណីឧកញ៉ាជាសុខហេងបំពានដីការក្សាការពារដោយយកកុងតឺន័របិទផ្លូវចេញចូលលើដីទំនាស់ក្នុងចេតនាទុច្ចរិតខណៈដីខាងលើនេះកំពុងមានទំនាស់ប្ដឹងផ្ដល់គ្នានៅតុលាការនៅឡើយនោះ។

    ពាក់ព័ន្ធករណីនេះប្រជាជនដែលជាអ្នកទិញដីពុះឡូត៏ពីឈ្មោះកែវ ជាបានធ្វើការអំពាវនាវសូមឲ្យអយ្យការអមសាលាដំបូងខេត្តនិងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពតមេត្តាមានវិធានការចុះទៅអនុវត្តដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នដើម្បីយកកុងតឺន័រចេញពីលើផ្លូវចូលដីទំនាស់ជៀសវាងបង្កការខូចខាតដល់គូភាគីក្ដីនៅពេលរឿងក្ដីប្ដឹងផ្ដល់គ្នាមិនទាន់ចូលស្ថាពរ។

   តំណាងប្រជាជនដែលជាអ្នកទិញដីបានឲ្យដឹងថាកាលពីឆ្នាំ២០០៨ឈ្មោះកែវជាបានទទួលសិទ្ធិពីរាជរដ្ឋាភិបាលធ្វើការគ្រប់គ្រងដីអតីតស្រែអំបិលចំនួន៨ហិកតាមានទីតាំងស្ថិតនៅភូមិត្រពាំងសង្កែឃុំត្រពាំងសង្កែស្រុកកំពតខេត្តកំពតដើម្បីធ្វើការអភិវឌ្ឍន៏តំបន់លំនៅដ្ឋានបែបទេសចរណ៏ឆ្នេរព្រែក។

ក្រោយទទួលបាន..ពីរាជរដ្ឋាភិបាលហើយឈ្មោះកែវជាបានពុះឡូត៏ដីខាងលើដើម្បីលក់អោយអតិថិជនជាហូរហែមានអាជ្ញាធរមូលដ្ឋានដឹងឮទៀតផង។កាលណោះឈ្មោះកែវជាបានសន្យាថាក្រោយពីរត់ការធ្វើប័ណ្ណកម្មសិទ្ធិបានហើយគេនឹងបំបែកប័ណ្ណកម្មសិទ្ធិនេះទៅអោយអតិថិជនអ្នកទិញទៅតាមទំហ៊ំដីដែលបានទិញជាក់ស្ដែង។

ក្រោយទិញបង់លុយគ្រប់ចំនួនហើយប្រជាជនដែលជាម្ចាស់ដីក៏ចូលគ្រប់គ្រងដោយធ្វើរបងដាំដំណាំមានបង្គោលភ្លើងដើម្បីតខ្សែភ្លើងចូលត្រៀមធ្វើលំនៅដ្ឋានសំរាប់ស្នាក់នៅទៀតផង។លុះដល់ឆ្នាំ២០១១ក្រោយពីឈ្មោះកែវជា ទទួលបានប័ណ្ណកម្មសិទ្ធិបែរជានៅឆ្នាំ២០១២ឈ្មោះកែវជាបានយកដីនេះទៅលក់អោយឧកញ៉ាជាសុខហេងទៅវិញមិនព្រមបំបែកក្បាលដីមកអោយអតិថិជនដែលជាអ្នកទិញបង់ប្រាក់ គ្រប់ចំនួនអស់ទៅហើយនោះទេ។ចំណែកមន្ត្រីអាជ្ញាធរជំនាញពាក់ព័ន្ធសម័យនោះក៏ឃុបឃិតគ្នាផ្ទេរកម្មសិទ្ធិដីខាងលើពីឈ្មោះកែវជាទៅឈ្មោះជាសុខហេងដោយរលូនទោះជាដឹងថាដីខាងលើនេះឈ្មោះកែវជាបានពុះឡូត៏លក់ទៅអោយអតិថិជនអស់ទៅហើយក្ដី។

ក្រោយពីឈ្មោះកែវជារំលោភទំនុកចិត្តយកដីរបស់ប្រជាជនដែលទិញអោយប្រាក់គ្រប់ចំនួនហើយទៅលក់អោយអ្នកផ្សេងរួចមកប្រជាជនក៏បាននាំគ្នាដាក់ពាក្យបណ្ដឹងទៅតុលាការទាំងសំណុំរឿងរដ្ឋប្បវេណីនិងសំណុំរឿងព្រហ្មទណ្ឌហើយឈ្មោះកែវជាក៏រត់គេចខ្លួនបាត់ទៅ។

បច្ចុប្បន្នរឿងក្ដីខាងលើកំពុងតែប្ដឹងផ្ដល់គ្នារវាងប្រជាជនដែលទិញដីពុះឡូត៏ពីឈ្មោះកែវជាជាមួយនិងឧកញ៉ាជាសុខហេងដែលឃប់ឃិតគ្នាជាមួយមន្ត្រីអាជ្ញាធរជំនាញពាក់ព័ន្ធផ្សេងៗទៀតធ្វើការផ្ទេរកម្មសិទ្ធិដីមិនប្រក្រតីពីឈ្មោះកែវជាមកឈ្មោះជាសុខហេងដែលរឿងក្ដីកំពុងដំណើរការនៅតុលាការនៅឡើយ។

ខណៈរឿងក្ដីកំពុងដំណើរការនៅតុលាការប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្ដឹងសុំអន្តរាគមន៏ទៅសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរស្រាប់តែឧកញ៉ាជាសុខហេងមិនរងចាំការសម្រេចរបស់តុលាការនោះទេបែរជាយកកុងតឺន័រជាច្រើនទូទៅដាក់បិទផ្លូវចេញចូលក្នុងចេតនាទុច្ចរិតមិនអោយភាគីប្រជាជនចេញចូលបានហើយប្រជាជនក៏បានប្ដឹងសុំដីការក្សាការពារលុះនៅថ្ងៃទី៨ខែឧសភាឆ្នាំ២០១៩លោកចៅក្រមអ៊ីឃាងក៏បានចេញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្នដោយហាមឃាត់មិនអោយឈ្មោះជាសុខហេងនិងភរិយាឈ្មោះយ៉ុងដាំណេធ្វើការលក់ដូរជួលបញ្ចាំប្រវាស់ធ្វើអំណោយធ្វើអច្ច័យទានប្រទានកម្មផ្ទេរកម្មសិទ្ធិបន្តទៅអ្នកដ៏ទៃនិងមិនអោយធ្វើរាល់សកម្មភាពទាំងឡាយណាដែលនាំអោយប៉ះពាល់ដល់ទ្រង់ទ្រាយដើមនៃអចលនវត្ថុខាងលើនេះតែឈ្មោះជាសុខហេងមិនគោរពតាមនោះឡើយគឺនៅតែបំពាន។

ដូច្នេះហើយប្រជាជនជាម្ចាស់ដីសំណូមពរសូមអោយតំណាងអយ្យការនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធមេត្តាមានវិធានការចុះអនុវត្តដីការសម្រេចចាត់ចែងជាបណ្ដោះអាសន្នលេខ៦៦ចុះថ្ងៃទី៨ខែឧសភាឆ្នាំ២០១៩ដែលចេញដោយលោកចៅក្រមអុីឃាងខាងលើនេះដោយដកហូតយកទូកុងតឺន័រចេញពីផ្លូវចូលដីទំនាស់វិញផងដើម្បីជាការចូលរួមអនុវត្តច្បាប់អោយមានប្រសិទ្ធភាព។

  ពាក់ព័ន្ធការអះអាងខាងលើនេះសារព័ត៌មានយើង

មិនអាចធ្វើការទាក់ទងទៅសុំការបំភ្លឺណាមូយពីឧកញ៉ាជាសុខហេងបានឡើយដោយហេតុថាមិនមានលេខទូរស័ព្ឌសំរាប់ធ្វើការទាក់ទង៕

 

អត្ថបទដែលជាប់ទាក់ទង