រដ្ឋបាលរាជធានីមិនអនុញ្ញាតឱ្យ សមាជិកសមាគមគ្រូបង្រៀនឯករាជ្យជួបជុំគ្នាតវ៉ាទាមទារដោះលែងលោកកឹមសុខានិងទណ្ឌិតសមរង្សុីនៅមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី១៥សីហា នេះទេ
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យសមាជិកសមាគមគ្រូបង្រៀនឯករាជ្យជួបជុំគ្នាតវ៉ាទាមទារដោះលែងលោកកឹមសុខានិងទណ្ឌិតសមរង្សុីនៅមុខសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី១៥ខែសីហាឆ្នាំ២០១៩ខាងមុខនេះទេ។
នេះបើយោងតាមលិខិតឆ្លើយតបទៅសំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនៅថ្ងៃទី០១ខែសីហាឆ្នាំ២០១៩នេះរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចុះហត្ថលេខាដោយលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញចុះថ្ងៃទី០១សីហានេះ។
ក្នុងលិខិតនេះបានបញ្ជាក់ថាការពុំអនុញ្ញាតនេះដោយសារតែសកម្មភាពនេះប្រឆាំងនឹងសាលដីការរបស់តុលាការកំពូលនិងរំលោភសមត្ថកិច្ចរបស់ស្ថាប័នតុលាការហើយក្នុងករណីមានការរឹងទទឹងបន្តជួបជុំបំពានលើសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញអាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។ចំពោះអ្នកដឹកនាំការជួបជុំនេះត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន។
សូមបញ្ជាក់ថាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលមានលោករ៉ុងឈុនជាទីប្រឹក្សាសមាគមលោកស្រីអ៊ុកឆាយ៉ាវីជាប្រធាននិងលោកឡុងរីមជាសមាជិកគណៈកម្មាធិការនាយកនៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៩បានដាក់លិខិតទៅកាន់អភិបាលរាជធានីភ្នំពេញដោយជូនដំណឹងអំពីការប្រមូលផ្តុំសម្តែងមតិដើម្បីទាមទារឱ្យតុលាការដោះលែងលោកកឹមសុខា។
ក្នុងលិខិតជូនដំណឹងទៅរដ្ឋបាលរាជធានីភ្នំពេញនេះសមាគមបានបញ្ជាក់ថាការជួបជុំរបស់ពួកគេមិនត្រឹមតែទាមទារឱ្យដោះលែងលោកកឹមសុខានោះទេពួកគេក៏ទាមទារឱ្យលើកលែងទោសទណ្ឌិតសមរង្ស៉ីផងដែរ៕