រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជា លើព័ត៌មានពាន់ព័ន្ធនឹងវត្តមាន នៃមូលដ្ឋានយោធាចិន នៅតំបន់ឈូងសមុទ្រកម្ពុជា
ភ្នំពេញ ៖ សម្តេចតេជោ បានសម្តែងនូវការអបអរសាទរ និងអរគុណរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ដែលបានផ្តល់យុត្តិធម៌សម្រាប់កម្ពុជា ទទួលស្គាល់នូវការបកស្រាយរបស់កម្ពុជា មិនជឿតាមការផ្សាយបំប៉ោង និងបំភ្លៃរបស់កាសែតអាមេរិក The Wall Street Journal ថា មានមូលដ្ឋានទ័ពចិននៅសមុទ្ររាម ក្នុងខេត្តព្រះសីហនុ។
ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២សីហានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីភាពវិជ្ជមាន ដែលឯកឧត្តម Michael Richard Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
បានថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១សីហា
ឆ្នាំ២០១៩ កន្លងទៅនេះ ថាឯកឧត្តមស្វាគមន៍ចំពោះការបដិសេធរបស់កម្ពុជាលើព័ត៌មានពាន់ព័ន្ធនឹងវត្តមាន
នៃមូលដ្ឋានយោធាចិននៅតំបន់ឈូងសមុទ្រកម្ពុជា ក៏ដូចជាបានកោតសរសើរកម្ពុជាចំពោះប្រាជ្ញា
ខ្លាំងក្លាក្នុងការការពារបូរណភាពដែនដីរបស់ខ្លួន និងបានលើកទឹកចិត្តឱ្យប្រទេសផ្សេងទៀតក្នុងតំបន់យក
តាមលំនាំរបស់កម្ពុជា។
នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមថា ខ្ញុំបាទសូមអបអរ និងថ្លែងអំណរគុណដល់ ឯកឧត្តម MIKE POMPEO រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងការផ្តល់ យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោតែងតែលះបង់ និងពលីគ្រប់បែបយ៉ាងក្នុងកិច្ចការពារជាតិ ព្រមជាមួយអធិបតេយ្យជាតិ និងកិច្ចប្រឹងប្រែង រក្សាមិត្ត មិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង ជាដៃគូសហការគ្រប់វិស័យ ជាមួយនឹងប្រជាជាតិទាំងអស់នៅលើពិភពលោក ដោយមិនរើសអើង។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក បានស្វាគមន៍ចំពោះការបកស្រាយ និងអះអាងយ៉ាងច្បាស់របស់កម្ពុជាថា មិនមានវត្តមានមូលដ្ឋានទ័ពចិននៅកម្ពុជានោះឡើយ។នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បានសម្តែងការស្វាគមន៍ចំពោះការបដិសេធអំពីមូលដ្ឋានទ័ពចិននៅកម្ពុជា។ លោកបានកោតសរសើរ ប្រទេសកំពុងអភិវឌ្ឍនេះ ចំពោះការប្តេជ្ញាការពារបូរណភាពដែនដីរបស់ខ្លួន ហើយស្នើឱ្យប្រទេសដទៃយកលំនាំតាម។ លោក Michael Pompeo បានថ្លែងថា៖ ខ្ញុំចង់ថ្លែងបញ្ជាក់រឿងរ៉ាវខ្លះដែលបានកើតឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាមេរិកអាស៊ាន។ ប្រទេសកម្ពុជាបានបដិសេធ របាយការណ៍ដែលថា កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិន បង្កើតឡើងនៅលើទឹកដីរបស់ខ្លួន។ សហរដ្ឋអាមេរិកស្វាគមន៍ការ ការពារអធិបតេយ្យភាព (បូរណភាពដែនដី) ដ៏ខ្លាំងក្លារបស់កម្ពុជាហើយលើកទឹកចិត្តដល់ប្រទេសផ្សេងទៀត ក្នុងតំបន់ ឲ្យធ្វើតាមលំនាំរបស់កម្ពុជា៕