លោកសក្តិបួន សោភ័ណ្ឌ សិលា អាងឪពុកពាក់ផ្កាយបី គំរាមសម្លាប់ស្ត្រីម្នាក់ ទោះតុលាការកោះហៅ ក៏មិនមក
កំពង់ចាម ៖ ស្ត្រីរងគ្រោះពីការគំរាមសម្លាប់ ដោយមន្ត្រីនគរបាលពាក់សក្តិបួនម្នាក់ នៅតែបន្តការភ័យខ្លាច ដោយសម្ងំលាក់ខ្លួនខាងក្រៅផ្ទះ ភ័យខ្លាច និងបាត់បង់ ចំណូលប្រចាំថ្ងៃ។
បើតាមជនរងគ្រោះថា នេះជាពីរលើកហើយនៅផ្ទះល្វែង ក្នុងបុរីពិភពថ្មី ក្រុងកំពង់ចាម ខណៈ លើកទី១ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ពីបទ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងគំរាមកំហែង លើជនសង្ស័យដដែលនេះ ខាងតុលាការបានចេញដីកាកោះហៅ ជនម្នាក់នេះចំនួន ពីរ លើក គឺមិនទៅតាមដីកាកោះទេ ហើយកាន់តែបារម្ភខ្លាំង គឺគំរាមលើកទី២ី២ គឺនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៩ ដោយជននេះ បានធ្វើសកម្មភាពសារជាថ្មី ដោយគំរាមកំហែងថា នឹងសម្លាប់ដោយប្រើអាវុធ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិម្តងទៀត។
ខាងព្រះរាជអាជ្ញាចេញដីកា បញ្ជាឱ្យជនសង្ស័យឈ្មោះ សោភ័ណ្ឌ សិលា អាយុ ៣៣ ឆ្នាំចូលខ្លួន កាលពីថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩។ ចំណែកជនរងគ្រោះ ឈ្មោះ អ្នកស្រី តាត ស៊ីណែត បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន នៅថ្ងៃទី ៣ សីហាថា អ្នកស្រី និងកូនស្រីអាយុ ៤ ឆ្នាំមិនហ៊ានរស់នៅក្នុងផ្ទះល្វែងលេខ៤ នៃបុរីពិភពថ្មី ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាមទេ ព្រោះឈ្មោះសោភ័ណ្ឌ សិលា ដែលបានអាងឪពុកពាក់សក្តិផ្កាយបី ជាមន្ត្រីនគរបាលជាន់ខ្ពស់នេះ បានស្រែកគំរាមជាមួយដៃកាន់កាំភ្លើងខ្លី ចំនួនពីរដើម ពណ៌ខ្មៅមួយដើម និងពណ៌សមួយដើមទៀត ដើរចុះឡើង នៅលើផ្លូវខាងមុខផ្ទះ កាលពីរសៀលថ្ងៃទី ៣០ កក្កដា។
ស្ត្រីជាជនរងគ្រោះវ័យ៣២ឆ្នាំរូបនេះ បាននិយាយថា ឈ្មោះសិលា បានគំរាមទៀតថា បើអ្នកស្រីបន្តរស់នៅក្នុងផ្ទះល្វែង នៅផ្ទះជញ្ជាំងជាប់គ្នានេះទៀត គឺនៅពេលយប់គេ (សិលា) នឹងប្រើរណារយន្តកាត់ដំបូលបេតុងខាងលើ ចុះមកសម្លាប់អ្នកស្រី និងកូនចោល។
ក្រៅពីគំរាមសម្លាប់ខាងលើ គឺជននេះមធ្យោបាយដាក់កាមេរ៉ា បង្វែរមុខមករកទិសខាងមុខផ្ទះអ្នកស្រី ដើម្បីឃ្លាំមើលថតយកសកម្មភាព រាល់មនុស្សចេញចូលផ្ទះអ្នកស្រី តាំងពីមានរឿងលើកទី១។
អ្នកស្រី ស៊ីណែត បានបន្តថា ដូច្នេះសូមឲ្យសមត្ថកិច្ច និងអាជ្ញាធរមេត្តាជួយអន្តរាគមន៍ ចាត់វិធានការបែបណា ឲ្យអ្នកស្រី និងកូន បានចូលទៅរស់នៅក្នុងផ្ទះល្វែងខាងលើ បានដោយសុវត្ថិភាព ពិសេសដើម្បីបានប្រកបរបរលក់ដូរ នៅខាងមុខផ្ទះ ទទួលបានចំណូលប្រចាំថ្ងៃ ឲ្យកូនបានចូលរៀនសូត្រ បានដូចធម្មតាឡើងវិញ៕