ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនឹងចុះដោះស្រាយ ករណីវិវាទដីធ្លីកាលពី១០ឆ្នាំមុន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រវាងអ្នកស្រី ចាន់ ហឿ និងឧកញ៉ា លឹម ទាឡេង

60

ភ្នំពេញ៖ ករណីវិវាទដីធ្លីកាលពី១០ឆ្នាំមុន នៅស្រុកគាល់ក្រឡ ខេត្តបាត់ដំបង រវាងអ្នកស្រី ចាន់ ហឿ និងឧកញ៉ា លឹម ទាឡេង, ដោយនៅថ្ងៃទី៤ ខែសីហា​ ឆ្នាំ២០១៩នេះ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានចេញសេចក្តីប្រកាសព័ត៌មានបន្ថែមលើករណីនេះ។

អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានបញ្ជាក់តាមសេចក្តីប្រកាសព័ត៌មានថា ក្រុមការងារនឹងចុះទៅកាន់ខេត្តបាត់ដំបង ដើម្បីធ្វើការសហការជាមួយអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ពិនិត្យ និងស្រាវជ្រាវលម្អិតលើករណីនេះ ចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។

សូមជំរាបថា ​សំណុំរឿងជម្លោះដីធ្លីជាង១០ឆ្នាំមុនខាងលើនេះ ត្រូវសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចាត់ឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ចុះដោះស្រាយឡើងវិញដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។

យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៩ លេខ១០៩០ ស.ជ.ណ របស់ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងយោងតាមចំណារឯកភាពរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានឯកភាពឲ្យឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ពិនិត្យ និងដោះស្រាយករណីទំនាស់ដីធ្លីខាងលើនេះ។

លិខិតរបស់គណៈរដ្ឋមន្ដ្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ករណីទំនាស់ដីធ្លីជាមួយនឹងការបំភ្លៃអង្គហេតុ ដើម្បីឃុំខ្លួន និងការធ្វើទារុណកម្មលើបុគ្គល ស្ថិតនៅភូមិសាស្ដ្រ ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានលើកឡើងដោយប្រធានប្រតិភូគណបក្សខ្មែរក្រោក រាជរដ្ឋាភិបាលឯកភាពប្រគល់ជូនអាជ្ញាធរជាតិ ដើម្បីដោះស្រាយទំនាស់ដីធ្លីពិនិត្យដោះស្រាយ»។

ខាងក្រោមជាសេចក្តីប្រកាសព័ត៌មានបន្ថែមរបស់អាជ្ញាធរដោះស្រាយទំនាស់ដីធ្លី លើករណីវិវាទដីធ្លីកាលពី១០ឆ្នាំមុន នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង រវាងអ្នកស្រី ចាន់ ហឿ និងឧកញ៉ា លឹម ទាឡេង៖

អត្ថបទដែលជាប់ទាក់ទង