ភ្លៀងបានធ្លាក់ចុះក្នុងកម្រិត ១៦៥មិល្លីម៉ែត្រ លិចលង់ នៅសង្កាត់លេខ៣ និងសង្កាត់លេខ៤
ក្រុងព្រះសីហនុ-ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា នៅខេត្តព្រះសីហនុ ចាប់ពីយប់ម្សិលមិញដល់ម៉ោង ៧:០០នាទី នៅថៃ្ងទី៥ ខែសីហា ឆ្នាំ២០១៩ ភ្លៀងបានធ្លាក់ចុះក្នុងកម្រិត ១៦៥មិល្លីម៉ែត្រ បណ្តាលឲ្យមានការលិចលង់ នៅត្រង់សង្កាត់លេខ៣ និងសង្កាត់លេខ៤។
ជំនន់ទឹកភ្លៀងបានហូរចូលដល់ក្នុងលំនៅដ្ឋានពលរដ្ឋមួយចំនួនសារជាថ្មីទៀត ដែលស្ថិតនៅតំបន់ទំនាប
ក្រោយមានភ្លៀងខ្លាំងកាលពីយប់រំលងអធ្រាត្ររហូតដល់ទៀបភ្លឺថ្ងៃទី៥សីហា២០១៩នេះ។
បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម ឲ្យដឹងថា ចាប់ពីថ្ងៃទី៤ សីហា ដល់ថ្ងៃ១០ សីហា ២០១៩
ខេត្តតំបន់ឆ្នេរ នឹងមានភ្លៀងធ្លាក់ច្រើន អាចណ្តាលឲ្យមានជំនន់ទឹកភ្លៀងលិចផ្លូវ ឬលំនៅដ្ឋានពលរដ្ឋតាមតំបន់ខ្លះ
ដោយសារកម្ពុជាយើងទទួលរងឥទ្ធិពលព្យុះពីប្រទេសជិតខាង។
ក្រសួងធនធានទឹកក៏បានប្រកាសថា នៅថ្ងៃនេះមានភ្លៀងធ្លាក់ស្ទើរគ្រប់ខេត្ត គឺនៅថៃ្ងទី៥ ខែសីហា ឆ្នាំ២០១៩ ព្រឹក មានធ្លាក់ភ្លៀងកម្រិតខ្សោយ ផៃ្ទមេឃអ៊ួរអាប់ពុំមានពន្លឺថ្ងៃ នៅក្រុងបាត់ដំបង ស្រុកបវេល
ស្រុកសង្កែ និងស្រុកបាណន់ ខេត្តបាត់ដំបង។
ភ្លៀងបន្តធ្លាក់ខ្លាំងលាយឡំខ្យល់ នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។ ភ្លៀងធ្លាក់កម្រិតខ្សោយ នៅស្រុកក្រឡាញ់ ស្រុកអង្គរធំ ស្រុកពួក ក្រុងសៀមរាប និងស្រុកអង្គរជុំ ខេត្តសៀមរាប។ ភ្លៀងបានបន្តធ្លាក់កម្រិតខ្សោយ នៅផ្នែកខ្លះនៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ៕