រថយន្តកុងតឺន័រក្រឡាប់ផ្ងាជើងច្រងាងៗ នៅផ្លូវថៃហ្គ័រ កែងផ្លូវជាតិលេខ១ តែគ្មានគ្រោះថ្នាក់ដល់មនុស្ស
ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរគួរឲ្យរន្ធត់មួយ បានកើតឡើងកាលពីម៉ោងទៀបភ្លឺឈានចូលចូលថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នេះបន្ទាប់ពីរថយន្ត ធុនធំដឹកទូរកុងតឺន័រមួយគ្រឿង មិនដឹងថាតៃកុងបើករបៀបណាទេ បានក្រឡាប់ផ្ងារជើងច្រង៉ាងនៅលើកំណាត់ផ្លូវថៃហ្គរ កែងនិងផ្លូវជាតិលេខ១ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រ មួយគ្រឿង ក្បាលពណ៌ខៀវចាស់ ពាក់ផ្លាកលេខភ្នំពេញ 3C-0795 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមកលិច ក្នុងល្បឿនលឿន ដូចហោះ មកដល់ចំណុចផ្លូវថៃហ្គ័រ ក៏បួងចង្កូតមកខាងឆ្វេងដៃយ៉ាងលឿន បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងច្រង៉ាងៗតែម្ដង ទៅធ្វើឲ្យរថយន្ត និងសម្ភារៈមួយចំនួនរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរ គ្រោះថ្នាក់ចរាចរនេះ មិនបណ្ដាលឲ្យមនុស្សម្នាណាម្នាក់គាត់រងរបួស អ្វីនោះទេ គឺក្រឡាប់តែរថយន្ត។ ចំណែកតៃកុងរថយន្តបង្កបានគេចខ្លួនបាត់ ស្រមោលតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ូលិសមូលដ្ឋានបានចុះមកដល់ កន្លែងកើតហេតុរួចទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែង យករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយ៕