នាយឧត្តមសេនីយ៍ សៅ សុខា ចុះត្រួតពិនិត្យ ការប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅតាមព្រំដែនកម្ពុជាវៀតណាម
ត្បូងឃ្មុំ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងថា នៅព្រឹកថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០១៩នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចុះត្រួតពិនិត្យ និងស្តាប់របាយការណ៍កិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូអន្តរក្រសួង ស្ថាប័នចម្រុះផងដែរ។
នៅព្រឹកថ្ងៃនេះនាយឧត្តមសេនីយ៍ សៅ សុខា និងក្រុមមន្រ្តី បានចុះទៅពិនិត្យនៅមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុនបន្តដំណើរទៅតាមបណ្តាខេត្តផ្សេងទៀតរួមមាន ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែងជាដើម។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងថា នាយឧត្តមសេនីយ៍ សៅ សុខា បានចាប់ផ្តើមត្រួតពិនិត្យនៅតាមក្រុមហ៊ុន និងកន្លែងសន្និធិឈើ ព្រមទាំងមធ្យោបាយ ដោយមុនដំបូងធ្វើឡើងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដើម្បីរកឲ្យឃើញថា តើទីតាំងស្តុកឈើទាំងនេះ មានច្បាប់ត្រឹមត្រូវ និងធ្វើទៅតាមច្បាប់ដែរឬទេ? បើសិនរកឃើញថា មិនមានច្បាប់ត្រឹមត្រូវ និងដំណើរការខុសច្បាប់នោះ នឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាក់ស្តែង។ ព្រឹកនេះ យើងចុះមើលកន្លែងសន្និធិនៅស្រុកមេមត់ចំនួន ៥កន្លែង ហើយពេលថ្ងៃ យើងបន្តទៅស្រុកស្នួល ខេត្តក្រចេះមើល ៩កន្លែងទៀត និងមើលច្រកផ្សេងៗ ដែលពួកគាត់ធ្លាប់នាំឈើចេញនោះ គឺយើងនឹងមើលទាំងអស់ ដើម្បីឲ្យមន្រ្តីនៅក្នុងអន្តរក្រសួងដែលអញ្ជើញមកនេះ បានវាយតម្លៃពីភាពខ្វះចន្លោះ និងត្រូវទប់ស្កាត់បន្តទៀត ដើម្បីយើងរក្សាឈើយើងហ្នឹង។
លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា បន្ទាប់មក នាយឧត្តមសេនីយ៍ សៅ សុខា នឹងបន្តចុះពិនិត្យនៅខេត្តមណ្ឌលគិរី ជាកន្លែងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចទាំងឡាយ ដើម្បីឲ្យក្រុមការងារវាយតម្លៃ រួចស្នើសុំទៅរាជរដ្ឋាភិបាល សុំគោលការណ៍បន្ត បើខុសនឹងលុបចោលតែម្តង គោលបំណងរក្សាព្រៃឈើរបស់យើង៕