ទឹកហូរផ្តាច់ដីក្បាលស្ពានត្រង់ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ធ្វើឲ្យបាក់បង្កាន់ដៃស្ពាន
ស្រុកកំពង់សីលា៖ ស្ពានមួយកន្លែងតាមផ្លូវជាតិលេខ៤ ត្រង់ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដែលមានបាត់ស្រុតផ្នែកខ្លះ ដោយសារទឹកហូរច្រោះនោះ អាជ្ញាធរមិនបិទការធ្វើចរាចរណ៍ទេ ហើយគិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃ5 សីហា 2019នេះ ផ្នែកបច្ចេកទេសជួសជុល បានញ្ជូនទៅដល់កន្លែងស្ពានស្រុតនេះហើយ ដើម្បីជួសជុលបន្ទាន់ឡើងវិញ ដែលតាមមន្ត្រីអះអាងថា យ៉ាងយូរត្រឹមរយៈពេល3ថ្ងៃ ការជួសជុលអាចនឹងរួចរាល់ឡើងវិញហើយ។ ចំពោះចរាចរណ៍ទៅមក គឺនៅមានធម្មតាដោយគ្រាន់តែសមត្ថកិច្ចសម្រួលបើកម្ខាងបិទម្ខាង។
ក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងថា ការជូនដំណឹង ពីការបាក់បង្កាន់ដៃស្ពាន នៅផ្លូវជាតិលេខ៤ ដោយសារទឹកហូរកាត់ផ្តាច់ដីក្បាលស្ពាន និងភ្លៀងជោកជាំ។ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ស្ពានអូរគគី ស្ថិតនៅលើផ្លូវជាតិលេខ4 នៅបង្គោលគីឡូមែត្រលេខ(PK) 106+800 បានទទួលរងគ្រោះដោយសារទឹកហូរ ផ្តាច់ដីក្បាលស្ពាន ដែលធ្វើឲ្យបាក់បង្កាន់ដៃស្ពាន ដោយសារមានភ្លៀងធ្លាក់ជោកជាំជាប្រចាំច្រើនថ្ងៃជាប់ៗគ្នា។
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ដោះស្រាយ និងជួសជុលជាបន្ទាន់ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមយោគយល់អធ្យាស្រ័យ។
សូមបញ្ជាក់ថា នៅវេលាម៉ោង10ព្រឹកថ្ងៃទី 5 ខែ សីហា ឆ្នាំ2019 ចំណុចស្ពានអូរគគីតំបន់ពេជ្រនិល ព្រំប្រទល់ខេត្តកំពង់ស្ពឺ និង ខេត្តព្រះសីហនុ ចន្លោះគីឡូម៉ែត 106ទៅ107ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីទឹកហូរច្រោះបាក់ក្បាលស្ពានកើតឡើង បណ្តាលឲ្យបាក់ស្រុតក្បាលស្ពានខាងផ្នែកខាងជើង ធ្លាក់បង្កាន់ដៃស្ពានប្រវែង2ម៉ែត្រ ចុះទៅក្រោម និងស៊ីរូងដីចូលទៅទ្រូងផ្លូវប្រហែល1ម៉ែត្រ៕