ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CDC ចុះ សិក្សា និងស្វែងយល់បន្ថែម លើស្ថានភាពជាក់ស្តែង នៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន

223

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋបាលខេត្តបន្ទាយមានជ័យ មេត្តាបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលប្រតិបត្តិការនៃគម្រោងវិនិយោគបច្ចុប្បន្ន សំដៅទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមមកបណ្តាក់ទុននៅតាមតំបន់ជាយដែនរបស់កម្ពុជា។

នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួងស្ថាប័ន បំពេញទស្សនកិច្ចសិក្សានៅខេត្តបន្ទាយមានជ័យ និងនៅក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក
អគ្គនាយករង លោក លោកស្រី ដែលជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងផ្នែកឯកជន និងតំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO)។ ដំណើរទស្សនកិច្ចការងារនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួម ពីប្រធានមន្ទីរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តបន្ទាយមានជ័យ។

ទស្សនកិច្ចសិក្សានេះចែកចេញជាពីរផ្នែកសំខាន់ៗ គឺ (១) កិច្ចប្រជុំការងាររវាងគណៈប្រតិភូអន្តរក្រសួង ស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ និង (២) ទស្សនកិច្ចនៅច្រកទ្វារអន្តរជាតិ និងច្រកព្រំដែនក្នុងខេត្តបន្ទាយមានជ័យ។ គោលបំណងនៃទស្សនកិច្ចសិក្សាខាងលើនេះ គឺដើម្បីសិក្សា និងស្វែងយល់បន្ថែមលើស្ថានភាពជាក់ស្តែងនៃសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំដាក់ចេញនូវយន្តការពិសេសសម្រាប់ទាក់ទាញការវិនិយោគឱ្យកាន់តែច្រើន តាមរយៈជាអាទិ៍ ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសនៅតាមជាយដែន ដោយយោងតាមស្មារតី និងលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកិច្ចប្រជុំការងាររវាងគណៈប្រតិភូអន្តរក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អង្គប្រជុំបានពិភាក្សាពីប្រធានបទសំខាន់ៗចំនួន៤ រួមមាន (១) ការរៀបចំតំបន់សេដ្ឋកិច្ចពិសេសតាមជាយដែន, (២) ការតភ្ជាប់បណ្តាញ និងផ្គត់ផ្គង់អគ្គិសនីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនោះ, (៣) ការកំណត់នូវវិស័យឧស្សាហកម្មដែលត្រូវទាក់ទាញ និងការរៀបចំឡើងវិញនូវការលើកទឹកចិត្តដល់ការវិនិយោគទាំងនោះ, និង (៤) ការរៀបចំបង្កើនការសម្រួលពាណិជ្ជកម្ម និងសម្រួលផ្នែកឡូជីស្ទីកនៅតាមជាយដែន ឬតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងបញ្ហាប្រឈមមួយចំនួនដែលកំពុងកើតមានឡើងពាក់ព័ន្ធនឹងការងារនេះ។

នារសៀលថ្ងៃដដែល គណៈប្រតិភូអន្តរក្រសួងស្ថាប័ន អមដំណើរដោយអាជ្ញាធរដែនដី និងមន្ទីរជុំវិញខេត្តបានចុះទៅពិនិត្យមើលច្រកទ្វារអន្តរជាតិស្ទឹងបត់, ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនអូរនាង។ ជាកិច្ចបន្ទាប់ គណៈប្រតិភូបានបន្តកិច្ចពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគដែលកំពុងមានប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៃខេត្តបន្ទាយមានជ័យ។ នៅក្នុងជំនួបពិភាក្សានេះ តំណាងក្រុមហ៊ុនវិនិយោគ បានលើកឡើងអំពីសកម្មភាពនិងព័ត៌មានទាក់ទងប្រតិបត្តិការវិនិយោគរបស់ខ្លួន ព្រមទាំងបញ្ហាប្រឈម និងសំណូមពរមួយចំនួនជូនដល់អង្គប្រជុំ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំយន្តការជាក់ស្ដែងនានា សំដៅសម្រេចឱ្យបាននូវគោលបំណងដែលបានលើកឡើងខាងលើ។

ជាកិច្ចបញ្ចប់ លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណចំពោះតំណាងក្រសួង-ស្ថាប័ន រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជុំវិញខេត្ត និងតំណាងក្រុមហ៊ុនវិនិយោគដែលកំពុងមានប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៃខេត្តបន្ទាយមានជ័យ ដែលបានចូលរួមក្នុងទស្សនកិច្ចសិក្សានេះ។ ជាមួយគ្នានេះ លោកក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួលប្រតិបត្តិការនៃគម្រោងវិនិយោគបច្ចុប្បន្ន សំដៅទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមមកបណ្តាក់ទុននៅតាមតំបន់ជាយដែនរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង