នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យបិទចោលនូវសិប្បកម្មរោងកែច្នៃឈើខុសច្បាប់ទាំងអស់ នៅខេត្តមណ្ឌលគិរី
មណ្ឌលគិរី៖ ខណៈពេលនេះលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅសាលាខេត្តមណ្ឌលគិរី ព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០១៩ ដោយមានករចូលរួមពីអន្តរក្រសួង និងស្ថាប័នចម្រុះដែលមានការពាក់ព័ន្ធ ។
លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឱ្យលុប និងបិទចោលសិប្បកម្មរោងកែច្នៃឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរី។
លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងឲ្យដឹងដែរថា ក្រៅពីការបញ្ជាឲ្យបិទចោលនូវសិប្បកម្មទាំងអស់នោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាឲ្យធ្វើការដុតបំផ្លាញចោលនូវមធ្យោបាយដឹកឈើ រថយន្ដបាកុងកែច្នៃ ដែលហួសសុពលភាពប្រើ ប្រាស់ចំនួន២០គ្រឿងនៅថ្ងៃនេះតែម្ដង។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបន្តថា ដោយឡែកមធ្យោបាយដែលសមត្ថកិច្ចបង្ក្រាបនាពេលកន្លងមក ប៉ុន្ដែមិនមានឈើខុសច្បាប់នៅលើនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានណែនាំឲ្យប្រគល់ជូនម្ចាស់ដើមវិញផងដែរ ព្រោះថាមធ្យោបាយទាំងអស់នេះ មិនពាក់ព័ន្ធជាមួយបទល្មើសនោះ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានថ្លែងថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ក្រុមការងារដែលដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបន្ដទៅស្រុកកោះញ៉ែក ដើម្បីពិនិត្យមើលជាក់ស្ដែង ក្នុងក្រុមហ៊ុនដែលគណៈកម្មការឃាត់កន្លងទៅ ពាក់ព័ន្ធបទល្មើស៕