កម្លាំងសេនាប្រមុខខាលីហ្វាហាហ្វតា ទម្លាក់គ្រាប់បែក លើអគារមួយរបស់រដ្ឋាភិបាល ជាកន្លែងប្រជុំ ស្លាប់ជាង៤០នាក់ និងរបួសជាង៦០នាក់ នៅលីប៊ី
លីប៊ី ៖ ជនស៊ីវិលយ៉ាងតិច៤២នាក់បានត្រូវស្លាប់ក្នុងការវាយប្រហារតាមអាកាសមួយ ប្រឆាំងទីក្រុងមួយនាភាគខាងត្បូងលីប៊ី ដោយចោទថា នេះជាអំពើរបស់កងកម្លាំងសេនាប្រមុខខាលីហ្វាហាហ្វតា នៅភាគខាងកើតប្រទេសនេះ។
រដ្ឋាភិបាលលីប៊ី អះអាងពីការវាយប្រហារកាលពីយប់ថ្ងៃទី៤សីហានោះ ប្រឆាំងសង្កាត់AL QALAA ក្រុងMORZOUK ដែលបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើនសិបនាក់ ក្នុងចំណោមជនស៊ីវិល ហើយទម្លាក់ការទទួលខុសត្រូវលើកងកម្លាំងរបស់សេនាប្រមុខហាហ្វតា។
យោងតាមលោកអ៊ីប្រាហ៊ីមអូម៉ា សមាជិកក្រុមប្រឹក្សាក្រុង MORZOUKថា នាវេលាម៉ោង១៧ ម៉ោងក្នុងស្រុក អគារមួយរបស់រដ្ឋាភិបាល ជាកន្លែងប្រជុំរបស់មនុស្សជាង២០០នាក់ ពិសេសមនុស្សសំខាន់ៗ នៃទីក្រុងនេះ ដើម្បីដោះស្រាយទំនាស់សង្គមនានា រងការទម្លាក់គ្រាប់បែក៣លើក បណ្ដាលឲ្យមនុស្សស្លាប់៤២នាក់ ក្នុងចំណោមជនស៊ីវិល ហើយមនុស្សជាង៦០នាក់ទៀតរងរបួស ធ្ងន់ស្រាល៕