លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង រាយការណ៍ពីករណីវីតិក្រម ឈានដល់ការចាប់ខ្លួនមន្ត្រីមួយចំនួន ពាក់ព័ន្ធនឹងអំពើពុករលួយ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានរាយការណ៍អំពីសកម្មភាពការងារ របស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៩ ករណីវីតិក្រម ឈានដល់ការចាប់ខ្លួនមន្ត្រីមួយចំនួន ពាក់ព័ន្ធនឹងអំពើពុករលួយ។
លោកទេសរដ្ឋមន្ត្រីបានថ្លែងថា ករណីមួយចំនួន ៖ 1. ករណីវីតិក្រម ប្រព្រឹត្តដោយឈ្មោះ ទេពធីរិទ្ធ ក្រឡាបញ្ជីសាលាឧទ្ធរណ៍។
ក្រឡាបញ្ជីរូបនេះកំពុងស្ថិតនៅក្របខ័ណ្ឌសាលាឧទ្ធរណ៍ មិនមែនអតីតក្រឡាបញ្ជីដូចការផ្សាយមួយចំនួននោះទេ ។ 2. ករណីរំលោភអំណាច និងអំពើផ្តើមគំនិតក្នុងបទសូកប៉ាន់ និងបទសូកប៉ាន់ ក្នុងការរត់ការដោះលែងជនជាតិចិន ដែលសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ នៅដីចំការ (ស្ថិតនៅភូមិចារ ឃុំស្វាយចីបស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលជាដីរបស់មេធាវី ហេ ជីវអេង ជួលឱ្យឧត្តមសេនីយ៍ទោសៀ សុជា ហើយមានឈ្មោះ រ័ត្ន ពិន្ទ ជាអ្នកឈរឈ្មោះជួល) ប្រព្រឹត្តដោយឈ្មោះសឿ សុថា ឧត្តមសេនីយ៍ទោ អនុប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ឈ្មោះ វណ្ណ សុភាព វរសេនីយ៍ទោ នាយរងការិយាល័យប្រតិបត្តិការ និងអន្តរាគមន៍ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឈ្មោះ រ័ត្ន ពិន្ទ អនុសេនីយ៍ឯក នាយរងផ្នែកត្រួតពិនិត្យ
អត្តសញ្ញាណប័ណ្ណ នៃនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឈ្មោះ ថា ស្រីល័ក្ខ (កូនស្រីរបស់ឈ្មោះ សឿ សុថា) ក្នុងការរត់ការដោះលែងជនជាតិចិន១៨នាក់ ដែលសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺធ្វើការបង្ក្រាប (អង្គភាពប្រឆាំងអំពើពុករលួយ រកឃើញជនជាតិចិន៣នាក់ថែមទៀត ដែលឧត្តមសេនីយ៍ទោ សៀ សុថា បានលួចដោះលែងបានសម្រេច ហេតុនេះចំនួនជនជាតិចិនសរុបក្នុងពេលបង្ក្រាបគឺ២១នាក់) ។ 3. ករណីវីតិក្រម បទរំលោភអំណាច និងសម្អាតប្រាក់ ដែលប្រព្រឹត្តដោយឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី (ដ.ន.ស) ខេត្តពោធិ៍សាត់ ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរ និងឈ្មោះ តែ ប៊ុនថេង មន្ត្រី តាំងពីឆ្នាំ២០១៦មក និងជាពិសេសកាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីរួមខេត្តពោធិ៍សាត់៖
តាំងពីដើមឆ្នាំ២០១៨មក អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានកត់ត្រាដោយយកចិត្តទុកដាក់ និងតាមដានអត្ថបទកាសែតនានា (រាប់ទាំងទូរស័ព្ទផង)បានចុះផ្សាយពីភាពមិនប្រក្រតីរបស់លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ យ៉ាងខ្លាំងៗ ។ នៅខែសីហាឆ្នាំ២០១៨ អ.ប.ព. បានឃើញមានពាក្យប្តឹងមកលើលោក លៀម ប៊ុនរឿន ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាច្រើន (ក្នុងនោះមួយចំនួនម្ចាស់បណ្តឹងបានចម្លងជូនមក អ.ប.ព.) ហើយមួយចំនួនប្តឹងត្រងមក អ.ប.ព. ដែលមានខ្លឹមសារដូចប្ដឹងទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែរ ។
ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ តាមលិខិតលេខ ៤៨៤/១៨ លត.អបព. ប្រធាន អ.ប.ព. បានឲ្យលោក លៀម ប៊ុនរឿន ប្រធានមន្ទីរ ដ.ន.ស ខេត្តពោធិ៍សាត់បំភ្លឺ២ករណ៍ (ករណីដែលគាត់ទារលុយពីឈ្មោះ ខ ទ ចំនួនពីរម៉ឺនដុល្លារ សម្រាប់ការចុះបញ្ជីដីមួយកន្លែង ហើយពេលបានលុយហើយបង្កកទុកមិនព្រមធ្វើឲ្យគេទៀតអស់រយៈពេលជាង ៥ខែ រហូតប្តឹងមក អ.ប.ព. ទើបគាត់ចេញប័ណ្ណឲ្យគេ និងករណីលោក លៀម ប៊ុនរឿន ទារលុយលើសពីតម្លៃសេវាសាធារណៈ ៥៥០USD ពេលដែលលោក ស ម៉ មកសុំចុះបញ្ជីដីមួយកន្លែងរបស់គាត់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក លៀម ប៊ុនរឿន បានបំភ្លឺមក អ.ប.ព, វិញ ដោយភូតកុហកទាំងស្រុង តែទោះបីយ៉ាងណា ឈ្មោះ លឿម ប៊ុនរឿន បានប្រគល់ប័ណ្ណកម្មសិទ្ធិឲ្យម្ចាស់បណ្តឹងដើម្បីចង់ពន្លត់បណ្ដឹង ។
អ.ប.ព. បានបន្តប្រមូលព័ត៌មាន និងភស្តតាង ដោយបានបន្តិចម្តងៗ រហូតមកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឲ្យ អ.ប.ព. ដឹងព័ត៌មានពីឈ្មោះ លឿម ប៊ុនរឿន ទារប្រាក់៥ម៉ឺនដុល្លារពីក្រុមហ៊ុនដែលសម្តេចតេជោបានទៅសម្ពោធផ្ទាល់ ហើយបញ្ជាឲ្យ អ.ប.ព. ស្រាវជ្រាវបន្ទាន់ ។ អ.ប.ព. បានរៀបចំប្រតិបត្តិការប្រមូលភស្តុតាងបទល្មើសជាក់ស្តែង ហើយរកឃើញថា៖
– ថ្ងៃចន្ទ ទី ២២/០-២០១៩ ម៉ោង ១២:១៤៖ លឿម ប៊ុនរឿន ទទួលលុយពីមន្ត្រីរបស់ខ្លួន ដែលបានទារយកកម្រៃសេវាដោយខុសច្បាប់ ចំនួន ១.០០០ USD (មួយពាន់ដុល្លារ) ។
– ថ្ងៃអង្គារ ទី២៣/០៧-២០១៨ ម៉ោង ១៦:២៤៖ លៀម ប៊ុនរឿន ទទួលប្រាក់ ៣០០USD (បីរយដុល្លារ) ពីអ្នករកស៊ីដីធ្លីម្នាក់នៅវាលវែងឈ្មោះ យ ព ។ ម៉ោង១៦:៣៤៖ តែ ប៊ុន ថេង មន្ត្រីការិយាល័យសំណង់នៃមន្ទីរ ដ.ន.ស ពោធិ៍សាត់ និងទទួលបន្ទុកច្រកចេញចូលតែមួយរបស់សាលាខេត្ត យកលុយសេវាខុសច្បាប់ពីការសុំច្បាប់សាងសង់នៅច្រក មកជូន លឿម ប៊ុនរឿន ។ ម៉ោង ១៨:០២៖ មន្ត្រីមន្ទីរ ដ.ន.ស ពោធិ៍សាត់ យកលុយដែលបានពីកម្រៃសេវាខុសច្បាប់ ជាថ្ងៃរត់ការខុសច្បាប់មកឲ្យ លឿម ប៊ុនរឿន ហើយ លឿម ប៊ុនរឿន ឲ្យទៅមន្ត្រីនោះវិញ ២០០USD (ពីររយដុល្លារ ។
– ថ្ងៃពុធ ទី២៤/០៧-២០១៨ ម៉ោង ១១:០៤៖ លៀម ប៊ុនរឿន ឲ្យលុយទៅមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ។
-ថ្ងៃសុក្រ ទី២៦/០៧-២០១៩ ម៉ោងជាង១០ព្រឹក៖ លៀម ប៊ុនរឿន និងមន្ត្រីរបស់ខ្លួនឈ្មោះ តែ ប៊ុនថេង ទទួលប្រាក់
ពីតំណាងក្រុមហ៊ុននូវប្រាក់ចំនួន ៥.០០០USD (ប្រាំពាន់ដុល្លារ។ ម៉ោង ១២:១៤៖ លៀម ប៊ុនរឿន ចែកប្រាក់បានពីសេវាឲ្យអនុប្រធានមន្ទីរមួយរូបចំនួន ២០០USD (ពីររយដុល្លារ ។ ម៉ោង ១២:៣០ ៖ តែ ប៊ុនថេង និងជាង វុទ្ធី អនុប្រធានមន្ទីរ ដ.ន.ស អញ្ជើញតំណាង
ក្រុមហ៊ុនដែលមេគាត់បានទទួល៥ពាន់ដុល្លារពីម៉ោងជាង១០ព្រឹក មកហូបបាយថ្ងៃត្រង់នៅហាង Zara Cote ដល់ម៉ោង ១៣ និង៥០ ។
ម៉ោង ១៩:០៨៖ តែ ប៊ុនថេង ទូរស័ព្ទមកតំណាងក្រុមហ៊ុនដែលគាត់ និងប្រធានរបស់គាត់ លៀម ប៊ុនរឿន បានទទួលប្រាក់ ៥.០០០ដុល្លារអាមេរិក ពីពេលព្រឹកម៉ោងជាង១០ ជួបពិគ្រោះពីការធ្វើលិខិតឲ្យក្រុមហ៊ុន ។ ម៉ោង ១៩:៥១៖ តែ ប៊ុនថេង និង ជាង វុទ្ធី បានជិះឡានមកដល់សណ្ឋាគារដែលតំណាងក្រុមហ៊ុនស្នាក់នៅ ប្រគល់សេចក្តីព្រាងលិខិតមកឲ្យតំណាងក្រុមហ៊ុន ។ ម៉ោង ១៩:៥៦៖ តែ ប៊ុនថេង ទូរស័ព្ទអញ្ជើញតំណាងក្រុមហ៊ុនទៅហូបបាយល្ងាចជាមួយខ្លួន ។ ម៉ោង ២០:២០៖ តែ ប៊ុនថេង និងអនុប្រធានមន្ទីរ ដ.ន.ស ហូបបាយល្ងាចជាមួយតំណាងក្រុមហ៊ុនរហូតដល់ម៉ោង ២១:៤០ នៅ Sky Bar ច័ន្ទមុនី ។
– ថ្ងៃសៅរ៍ ទី២៧/០៧-២០១៩ ម៉ោង ០៧:៤៥៖ តំណាងក្រុមហ៊ុនទៅដល់ភោជនីយដ្ឋាន មហាលាភ បន្ទប់លេខ៨ ។ ម៉ោង ០៧:៥៦៖ តែ ប៊ុនថេង ទូរស័ព្ទមកប្រាប់តំណាងក្រុមហ៊ុនថា គាត់ (តែ ប៊ុនថេង)ទៅទទួលយក ជាង វុទ្ធី សិន ។ ម៉ោង ០៨:១៦៖ តែ ប៊ុនថេង និងជាង វុទ្ធី មកដល់បន្ទប់លេខ៨ ភោជនីយដ្ឋាន មហាលាភហើយប្រាប់ថា បងប្រធាន (លឿម ប៊ុនរឿន) ឲ្យពួកគាត់មកមុន ហើយហៅអីហូបមុនទៅប្រហែលជាបងប្រធាន (លឿម ប៊ុនរឿន) គាត់មិនហូបទេ ។ ម៉ោង ០៨:២០៖ លឿម ប៊ុនរឿន មកដល់បន្ទប់លេខ៨ នេះដែរ ។ ម៉ោង ០៨:៤៧ តែ ប៊ុនថេង រាប់លុយ ៤៥.០០០USD (បួនម៉ឺនប្រាំពាន់ដុល្លារ) អស់រយៈពេល ១០នាទី បានរាប់អស់ ។ ក្រោយពេលរាប់លុយបានមួយដុំ (១ម៉ឺន) ជាង វុទ្ធី ចេញទៅខាងក្រៅបន្ទប់ ដើម្បីយាមទ្វារខាងក្រៅ ។ ជាង វុទ្ធី និយាយប្រាប់តំណាងក្រុមហ៊ុនកុំឱ្យបារម្ភ គាត់យាមជួនហើយ ហើយ លឿម ប៊ុនរឿន បានប្រាប់តំណាងក្រុមហ៊ុនកុំបារម្ភ គាត់ (លឿម ប៊ុនរឿន) ស្គាល់ម្ចាស់ហាងហ្នឹង ហើយ (ជាង វុទ្ធី)យាមទ្វារហើយ គ្មានអ្នកណាហ៊ានចូលទេ ។ ម៉ោង ០៩:០០៖ ប្រតិបត្តិការលើបទល្មើសជាក់ស្តែង បានធ្វើឡើងនាំខ្លួនអ្នកទាំង៣ ។
តាមការស្រាវជ្រាវ រកបានភស្តុតាងរបស់ អ.ប.ព. និងតាមការសារភាពរបស់សាម៉ីខ្លួន តាំងពីឆ្នាំ២០១៦មក លៀម ប៊ុនរឿន បានយកលុយសេវាក្រៅច្បាប់ចំនួន ១៤០. ករណី បានប្រាក់ ៣៧២.៧៤៧USD (សាមសិបប្រាំពីរម៉ឺន ពីរពាន់ប្រាំពីររយសែសិបប្រាំពីរដុល្លារ និងជាង ៤៩លានរៀល នោះមិនទាន់រាប់ករណី ខ ១ ដែល លឿម ប៊ុនរឿន បានទទួលប្រាក់ ២០.០០០USD (ពីរម៉ឺនដុល្លារ
) ដូចពាក្យប្តឹងដែល អ.ប.ព. បានទទួលនោះផង ។ អ.ប.ព. បានរកឃើញលុយចំនួន ១៧.៥២៩USD និង ១៦.២៥០.០០០រៀល
ក្នុងនោះមានលុយដែលដាក់ក្នុងស្រោមសំបុត្រ ចំនួន៦ស្រោមសំបុត្រ និងឯកសារមួយចំនួន ត្រូវបានរកឃើញនៅក្នុងការិយាល័យរបស់ លឿម ប៊ុនរឿន នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដែលសាមីខ្លួន លឿម ប៊ុនរឿន ទទួលស្គាល់ថា ជាលុយបានដោយខុសច្បាប់មួយចំនួន ។
ជារួមក្រោយពីទទួលតំណែងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តពោធិ៍សាត់ ពីឆ្នាំ២០១៦មក រហូតដល់ថ្ងៃត្រូវបានឃាត់ខ្លួនលឿម ប៊ុនរឿន បានប្រើប្រាស់ប្រាក់ដែលជាផលនៃបទល្មើសក្នុងការជួសជុលផ្ទះ (៤០.០០០ដុល្លារ
) និងទិញផ្ទះពីរកន្លែង(១៦៨.០០០ដុល្លារ និង៧២.០០០ដុល្លារ) ដីមួយកន្លែង (៤៤.០០០ដុល្លារ) ហើយសង់ផ្ទះត្រចៀកកាំអស់ ៤០.០០០ដុល្លារទៀត ដូរឡាន LEXUS 570 ទិញឡាន KIA PICANTO ដើម្បីទុកដាក់ប្រាក់ពីផលបទល្មើសរបស់ខ្លួន ។
សេចក្តីជូនដំណឹងរបស់ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលផ្សព្វផ្សាយដល់អ្នកសារព័ត៌មាន កាលពីថ្ងៃទី ៦ ខែសីហាឆ្នាំ ២០១៩ បានឲ្យដឹងថា កិច្ចប្រជុំលើកទី៤៤ អាណត្តិទី២ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០១៩ ដោយមានវត្តមានសរុបចំនួន ៨រូប លើ ១១រូប ហើយបានដំណើរការក្រោមអធិបតីភាព លោក តុប សំ ប្រធាន
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានសម្រេចលទ្ធផលដូចតទៅ បានពិនិត្យ និងអនុម័ត កំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី ៤៧ អាណត្តិទី២ ។ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល
សមាសភាពក្រុមប្រឹក្សារាជធានីខេត្តក្រុងស្រុកខណ្ឌ អាណត្តិទី៣ ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល បានមកប្រកាសចំនួន ២.៥៦៧រូប នៅសល់១០រូប ទៀត ដែលនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅមិនទាន់បានទទួល
មន្ត្រីដែលទទួលបានការតែងតាំងថ្មីចំនួន ៩០រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល
មន្ត្រីដែលត្រូវបានបញ្ឈប់ពីមុខតំណែង ឬចូលនិវត្តន៍ចំនួន ១៩រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាចុងក្រោយរបស់ខ្លួន
បានបើកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ៤ករណ៍ តាមតម្រូវការស៊ើបអង្កេត ។
ពាក្យប្តឹងក្នុងខែមាន ៣ពពាក្យប្តឹង (អនាមិក ១៦ពាក្យ ស្ថាប័ន បុគ្គលពាក់ព័ន្ធពាក្យប្តឹងចំនួន ២៩ បានបំភ្លឺបកស្រាយការចោទប្រកាន់របស់ម្ចាស់បណ្តឹងមកលើខ្លួន។ ពាក្យប្តឹង១៩ករណី ត្រូវបានវិភាគ និងស្រាវជ្រាវបឋម គឺមិនពាក់ព័ន្ធនឹងអំពើពុករលួយ ឬមិនមានតម្រុយនៃអំពើពុករលួយទេ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នត្រួតពិនិត្យការអនុវត្តគ្រប់សកម្មភាពរបស់
អង្គភាពប្រឆាំងអំពើពុករលួយ បានអបអរសាទរចំពោះរាល់ប្រតិបត្តិការ ដែលបានដំណើរការប្រកបដោយវិជ្ជាជីវៈ គន្លងច្បាប់ និងនីតិវិធីត្រឹមត្រូវ បម្រើបានថែមទៀតនូវអភិក្រមទាំង៥របស់ សម្តេចតេជោ ហ៊ុន សែនគឺ ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី ៦ នៃរដ្ឋសភា ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទឹកចិត្តដល់អង្គភាពប្រឆាំងអំពើពុករលួយឱ្យបន្តនូវវិធានការការងារអប់រំ បង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើពុករលួយ តទៅទៀត ហើយត្រូវ
ឈ្លាសវៃពេលប្រឈមនឹងឧបសគ្គនានា ដែលអាចកើតមានឡើង ៕