រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែង ការកោតសរសើរអាជ្ញាធររាជធានីភ្នំពេញដែលបានខិតខំប្រឹងប្រែងជម្រុញការអភិវឌ្ឍរាជធានីភ្នំពេញអោយមានការរីកចម្រើនលើគ្រប់វិស័យ
ភ្នំពេញ៖លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានធ្វើការវាយតម្លៃនិងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃរដ្ឋបាលរាជធានីភ្នំពេញដែលបានខិតខំប្រឹងប្រែងនិងរួមសហការគ្នាក្នុងការជម្រុញអភិវឌ្ឍរាជធានីភ្នំពេញឲ្យមានការប្រែមុខមាត់ថ្មីនិងមានការរីកចម្រើនលើគ្រប់វិស័យក្នុងនោះវិស័យទេសចរណ៍រាជធានីភ្នំពេញក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថាការរីកចម្រើនដ៏ឆាប់រហ័សនៅរាជធានីភ្នំពេញគឺមិនអាចកាត់ផ្តាច់បានពីការចង្អុលបង្ហាញដឹកនាំជាប្រចាំពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជាជានាយករដ្ឋមន្រ្តីនិងការចូលរួមសហការគាំទ្រពីគ្រប់ក្រសួងស្ថាប័នអាជ្ញាធរនិងភាគីពាក់ព័ន្ធទាំងអស់រួមទាំងវិស័យឯកជននិងប្រជាពលរដ្ឋផងដែរ។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានធ្វើការវាយតម្លៃនិងកោតសរសើរបែបនេះកាលពីរសៀលថ្ងៃទី៦ខែសីហាឆ្នាំ២០១៩ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៏រាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
លោកថោងខុនបានលើកឡើងថាការតែងតាំងលោកម៉មវាសនាជាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្មីជំនួសលោកស្រីគឹមសុវណ្ណាគឺដើម្បីបង្កើនប្រសិទ្ធភាពការងារនិងបន្តដឹកនាំគ្រប់គ្រងអភិវឌ្ឍវិស័យទេសចរណ៍រាជធានីភ្នំពេញឲ្យមានគុណភាពប្រសិទ្ធភាពនិងនិរន្តរភាពខណៈដែលប្រធានមន្ទីរថ្មីរូបនេះបានឆ្លងកាត់ការពិនិត្យនិងវាយតម្លៃយ៉ាងល្អិតល្អន់ទៅលើសមត្ថភាពចំណេះដឹងនិងបទពិសោធន៍ពីថ្នាក់ដឹកនាំក្រសួងហើយក៏ទទួលបានការគាំទ្រនិងឯកភាពពីអភិបាលរាជធានីភ្នំពេញនិងក្រសួងមុខងារសាធារណៈផងដែរ។
លោកថោងខុនបានលើកឡើងបន្តថាលោកម៉មវាសនាជាមន្ត្រីសកម្មមានសមត្ថភាពចំណេះដឹងបទពិសោធន៍មានឆន្ទៈនិងការទទួលខុសត្រូវខ្ពស់។ដូច្នេះហើយលោករដ្ឋមន្ត្រីសង្ឃឹមថាប្រធានមន្ទីរថ្មីនឹងប្រើប្រាស់ចំណេះដឹងនិងបទពិសោធន៍ជំនាញដើម្បីដឹកនាំនិងគ្រប់គ្រងវិស័យទេសចរណ៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនថែមទៀត។លោកក៏បានរំលឹកនូវកិច្ចខិតខំប្រឹងប្រែងរបស់អតីតប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញដែរថាការរីកចម្រើននៃវិស័យទេសចរណ៍នៅរាជធានីភ្នំពេញកន្លងមកគឺមិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់លោកស្រីគឹមសុវណ្ណាអតីតប្រធានមន្ទីរនិងមន្ត្រីក្រោមឱវាទទាំងអស់រហូតដល់លោកស្រីគឹមសុវណ្ណាត្រូវបានឡើងកាន់តំណែងថ្មីជាសមាជិកសភា(តំណាងរាស្រ្តមណ្ឌលភ្នំពេញ) កាលពីថ្ងៃទី៩ខែឧសភាឆ្នាំ២០១៩។
លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ដែរថាដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យទេចរណ៍រដ្ឋបាលរាជធានីភ្នំពេញទន្ទឹមគ្នានឹងការកែលម្អគុណភាពសេវាកម្មទេសចរណ៍យើងក៏បានខិតខំធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗធ្វើអោយទីក្រុងមានការប្រែមុខមាត់ថ្មីនិងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្នុងនោះរួមមានការស្តានិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធការកែលម្អប្រព័ន្ធផ្លូវថ្នល់ប្រព័ន្ធប្រឡាយលូបណ្តាញទឹកស្អាតបណ្តាញអគ្គិសនីភ្លើងបំភ្លឺសាធារណៈការកែលម្អសួនច្បារនិងលំហរបៃតងជាដើម។ជាងនេះទៅទៀតរដ្ឋបាលរាជធានីភ្នំពេញបានខិតខំលើកកម្ពស់សុខុមាលភាពសាធារណៈតាមរយៈការពង្រឹងសេវាសុខាភិបាលឲ្យមានគុណភាពការកែលម្អអនាម័យបរិស្ថានក្នុងទីក្រុងការលើកកម្ពស់សុខសុវត្ថិភាពចំណីអាហារការចូលរួមទប់ស្កាត់ការផលិតការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់លុបបំបាត់អំពើហិង្សាក្នុងគ្រួសារពង្រឹកការអភិវឌ្ឍគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពនិងការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ។ទាំងនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងពីឆន្ទៈនិងជំហរមួសមុតរបស់រដ្ឋបាលរាជធានីភ្នំពេញក្នុងការយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានសុខុមាលភាពទីក្រុងនិងការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិអោយចូលរួមទស្សនាកម្សាន្តកាន់តែច្រើនឡើងៗនិងស្នាក់នៅរយៈពេលវែងប្រកបដោយភាពរីករាយនិងសុខដុមបនីយកម្ម។
ក្នុងនោះដែរលោកម៉មវាសនាប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញថ្មីបានប្តេជ្ញាចិត្តថាចំពោះមុខតំណែងថ្មីនេះគឺជាទំនុកចិត្តថ្មីបន្ថែមទៀតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់និងជារបត់ការងារថ្មីក្នុងអាជីពជាមន្ត្រីរាជការស៊ីវិលដែលត្រូវចូលរួមចំណែកកាន់តែស៊ីជម្រៅប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦នៃរដ្ឋសភាជាពិសេសការបំពេញតួនាទី–ភារកិច្ចជូនក្រសួងទេសចរណ៍និងរដ្ឋបាលរាជធានីភ្នំពេញលើការងារឧស្សាហកម្មទេសចរណ៍ក្នុងក្របខណ្ឌរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងតាមរយៈការខិតខំបំពេញការងារទ្វេដងដោយស្មារតីយកចិត្តទុកដាក់និងការទទួលខុសត្រូវខ្ពស់ដើម្បីបំពេញការងារជូនក្រសួងទេសចរណ៍, រដ្ឋបាលរាជធានីភ្នំពេញ, ភ្ញៀវទេសចរណ៍ជាតិ–អន្តរជាតិ, ប្រតិបត្តិករទេសចរណ៍និងបម្រើប្រជាជនឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត៕