ជនរងគ្រោះជាប់កៀប ក្នុងរូងភ្នំ ត្រូវបានជួយសង្រ្គោះ ឲ្យរួចផុតពីគ្រោះថ្នាក់ហើយ
បាត់ដំបង៖ ម៉ោងប្រមាណ១៨ និង៣០នាទីមុននេះបន្តិច បុរសឈ្មោះសិន បូរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិទួល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាជនរងគ្រោះជាប់កៀប ក្នុងរូងភ្នំរយៈពេល៤ថ្ងៃហើយ រហូតមកទល់ម៉ោងនេះ ជនរងគ្រោះត្រូវបានជួយសង្រ្គោះ ឲ្យរួចផុតពីគ្រោះថ្នាក់ហើយ។
នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដឹកនាំកម្លាំងប្រតិបត្តិការដោយផ្ទាល់ក្នុងការជួយសង្គ្រោះបុរសម្នាក់ដែលដើរកើបអាចម៌ប្រចៀវ ហើយធ្លាក់គាបជាប់ក្នុងរូងថ្មភ្នំចក្រី ខេត្តបាត់ដំបង យ៉ាងយកចិត្តទុកដាក់រហូតទទួលបានជោគជ័យ នៅវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ។
លោក ទេសរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់កម្លាំងសមត្ថកិច្ចអង្គភាព៧១១, កម្លាំងយោធភូមិភាគទី៥, កម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋដែលបានរួមដៃគ្នាយ៉ាងយកចិត្ដទុកដាក់ លើការងារជួយសង្គ្រោះនេះ ៕