នគរបាលជំនាញ ប្រឆាំងគ្រឿងញៀន បំបែកសំណុំរឿងជួញដូរគ្រឿងញៀនធំមួយករណី ចាប់បានមុខសញ្ញាជនសង្ស័យម្នាក់ រួមទាំងវត្ថុតាងជិត ២គីឡូក្រាម
ខេត្តបន្ទាយមានជ័យ ៖ នគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះ បានបង្ហាញមុខសញ្ញាជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ម្នាក់ ជាសាធារណៈ រួមទាំងវត្ថុតាងថ្នាំញៀនជិត២គីឡូក្រាម ។
លោកវរសេនីយ៍ទោ ង៉េង សុជា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ៖ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋ រស់នៅដោយទទួលបាននូវភាពសុខសាន្ត ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់ការិយាល័យនគរបាលជំនាញ និងកម្លាំងនគរបាលគ្រប់អធិការដ្ឋាន ក្រុង ស្រុក និងវរសេនាតូចការពារព្រំដែនគោក ត្រូវតែមានវិធានការស៊ើបអង្កេតស្រាវជ្រាវ ចំពោះមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាប្រចាំឲ្យដូចជាភ្លៀងរលឹម។ ព្រោះថា នូវរាល់បទល្មើសព្រហ្មទណ្ឌដែលតែងកើតមានឡើង គឺផ្តើមចេញពីការបទល្មើសនៃគ្រឿង ញៀន។ ជាក់ស្តែងនូវថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានបើកយុទ្ធនាការ បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដែលធ្នាប់ជាប់ពន្ធនាគារចំនួន២លើករួចមកហើយ តែពេលចេញមកវិញនៅមិនរាងចាល គឺនៅតែប្រព្រឹត្ត ហើយនេះគឺជាលើកទី៣ ដែលកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១២និង៣០នាទី បង្រ្កាបបានជាមុខសញ្ញាចាស់ ដែលមានឈ្មោះ ឆៃ ឌិចឡាមី ហៅហ៊ុច ភេទស្រី អាយុ ៤៨ឆ្នាំ នៅចំណុចផ្លូវជាតិលេខ១ (ផ្លូវជាតិលេខ៥៦ A ) ស្ថិតក្នុងភូមិកន្តួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ដោយមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក តេង សាម៉ៃ ។
លោកស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ៖ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាង ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ចំនួន២៧ថង់ធំ ,ថ្នាំញៀនប្រភេទកាកអំពៅ ២០ថង់ធំ សរុបទម្ងន់ ១.៨២៤,១៩ក្រាម និងថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ក្រហម ចំនួន១១ថង់ ពណ៌ខៀវ ១ថង់ប្លាស្ទិក សរុបទម្ងន់២២៨,៩៦ក្រាម,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១ និងថង់ប្លាស្ទិកមួយចំនួនធំ ។
ដោយឡែកនៅស្រុកមង្គលបូរី តាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី ក៏បានឲ្យដឹងដែរថា ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៥០នាទី ដោយយោងតាមចំលើយសារភាពឈ្មោះ រួន ទិត្យ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី និងឈ្មោះ ជា ចាន់ធឿន ហៅដេត ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិឃុំជាមួយគ្នា កម្លាំងជំនាញអធិការស្រុកមង្គលបូរី បានចុះចាប់ខ្លួនមុខសញ្ញាជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ជាបន្តបន្ទាប់បានចំនួន ៧នាក់៖១.ឈ្មោះ ពុធ ទីណា ហៅខ្នា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី មុខរបរនេសាទ(ជួញដូរ),២.ឈ្មោះ គា គិមលី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិពោធិពីរដើម ឃុំរហាត់ ទឹកស្រុកមង្គលបូរី មុខរបរធ្វើស្រែ(ជួញដូរ),៣.ឈ្មោះ ដា ឈុនលី ហៅខ្លី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអន្លង់ថ្ងាន់កើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី មុខរបរកម្មករ(ប្រើប្រាស់),៤.ឈ្មោះ រស់ ឆាត ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិពង្រ ឃុំបន្ទាយនាង ស្រុកមង្គលបូរី មុខរបរកម្មករ(ប្រើប្រាស់),៥.ឈ្មោះ ម៉ាច់ សូវៀត ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិថ្នល់បត់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី មុខរបរធ្វើស្រែ(ប្រើប្រាស់),៦-ឈ្មោះ រួន ទិត្យ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី(ប្រើប្រាស់),-ឈ្មោះ ជា ចាន់ធឿន ហៅដេត ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិអន្លង់ថ្ងាន់លិច ឃុំបត់ត្រង់ ស្រុកមង្គលបូរី(ប្រើប្រាស់)។
លោកអធិការបានបញ្ជាក់ថា ៖ ចំពោះវត្ថុតាងដកហូតវត្ថុតាងក្នុងកិច្ចប្រតិបត្តិការនេះរួមមាន ៖១.ម្សៅក្រាមពណ៌សថ្លា ចំនួន ២ កូនថង់តូច ,២ .បំពង់ទែម៉ូម៉ែត្រ ចំនួន ១ ,៣ .សំបកថង់ប្លាស្ទិចសំរាប់ច្រកថ្នាំញៀន មួយចំនួន,៤ .ដែកកេះចំនួនបី,៥.បំពង់ជ័រសំរាប់ចូក និងជក់ចំនួនពីរ ,៦ -ទូរស័ព្ទដៃចំនួន ២គ្រឿង,៧.ម៉ូតូធំមួយគ្រឿងម៉ាក CBR ពណ៌សលាយខ្មៅ ។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ៖ ចំពោះមុខសញ្ញាជួញដូរគ្រឿងញៀនស្ត្រីម្នាក់ ដែលនគរបាលការិយាល័យជំនាញ និងក្រុងសិរីសោភ័ណបង្រ្កាបបាន រួមទាំងវត្ថុតាង និងមុខសញ្ញាចែកចាយ២នាក់ រួមកទាំងអ្នកប្រើប្រាស់ចំនួន៥នាក់ ដែលកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកមង្គលបូរីបង្រ្កាប រួមទាំងវត្ថុតាង គឺត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ បានរៀបចំសណុំរឿង បញ្ជូនទៅសាលាដំបូងនៅ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩នេះហើយ ដើម្បីចាត់វិធានការតាមតាមផ្លូវច្បាប់៕