ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារនៃមន្ទីរសាធារណការ និងដឹងជញ្ជូនរាជធានីភ្នំពេញសម្រុកធ្វើការស្ដារលូដោយដៃនិងគ្រឿងចក្របានប្រមាណ១គីឡូម៉ែត្រនៅសង្កាត់អូឡាំពិក

106

ភ្នំពេញ៖អនុវត្តតាមការណែនាំពីលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការស្ដារលូដោយដៃនិងគ្រឿងចក្រដើម្បីរំដោះការលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋខណៈដែលសំរាមជាច្រើនតោនបានកកកុញនៅក្នុងអណ្ដូងលូក្នុងលូក៏ដូចជានៅក្នុងប្រឡាយលូ។

   ជាក់ស្នែងសម្រាប់ថ្ងៃទី០៨ខែសីហាឆ្នាំ២០១៩នេះក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានសម្រេចធ្វើការស្តារលូដែលមានប្រវែងប្រមាណមួយគីឡូម៉ែត្រចាប់ពីក្នុងស្តាតអូឡាំពិករហូតដល់ប្រឡាយទួលសែនក្នុងសង្កាត់អូឡាំពិកខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

   លោកដួងចាន់សារ៉ាតប្រធានអង្គភាពលូទឹកនិងបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងនៅព្រឹកថ្ងៃទី០៨សីហានេះថាតាមការណែនាំពីលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញគឺបានជម្រុញអោយក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញក៏ដូចជាខណ្ឌទាំង៥នៅកណ្តាលក្រុងធ្វើការស្ដារលូដើម្បីរំដោះការលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋខណៈដែលរដូវវស្សាមកដល់។

   លោកដួងចាន់សារ៉ាតបានបន្តថាសំរាប់ការងារខាងលើនេះអង្គភាពលូទឹកនិងបូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានធ្វើការស្តារលូប្រវែងប្រមាណជា១គីឡូម៉ែត្រដោយចាប់ពីក្នុងស្តាតអូឡាំពិចរហូតដល់ប្រឡាយទួលសែនក្នុងសង្កាត់អូឡាំពិកខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។ចំពោះសកម្មភាពនេះយើងធ្វើសកម្មភាព៣ជម្រើសក្នុងនោះមានទាំងការធ្វើសកម្មភាពដោយចុះកាយចាប់យកសំរាមពីក្នុងលូដោយដៃកាយសំរាមដោយប្រើគ្រឿងចក្រនិងប្រើគ្រឿងចក្រដើម្បីបូមយកភក់និងសំរាមចេញពីក្នុងលូនិងអណ្តូងលូជាដើម។

   លោកបានបញ្ជាក់ថានៅក្នុងអណ្ដូងលូនិងតួលូទាំងមូលពោរពេញទៅដោយដបទឹកសុទ្ធកេសស្នោនិងវត្ថុប្រើប្រាស់ផ្សេងទៀតដែលតម្រូវអោយកម្មករចុះទៅក្នុងលូតែម្ដងដើម្បីកើបនិងការយកដបទឹកសុទ្ធនិងសំរាមនានាទាំងនោះចេញក្នុងចម្ងាយលូនិងប្រឡាយប្រមាណ១គីឡូម៉ែត្រនេះគឺយើងបានធ្វើការស្ដាលូដែលមានទំហំ២ម៉ែត្រកន្លះគុណនិង២ម៉ែត្រកន្លះប្រវែង៦០០ម៉ែត្រនិងប្រឡាយទួលសែនខាងលិចប្រវែង៤០០ម៉ែត្រការងារនេះបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៩ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ខែសីហានេះហើយបើគិតមកដល់ពេលនេះក្រុមការងារសម្រេចបានលទ្ធផលមួយចំនួនក្នុងនោះបានប្រមូលកើបសំរាមចេញពីក្នុងលូបាន១០តោននិងដឹកភក់ចេញបាន៦០ម៉ែត្រគុប។

   ដោយពិនិត្យឃើញជាក់ស្ដែងនៅក្នុងលូក៏ដូចជានៅក្នុងប្រឡាយពោរពេញដោយសំរាមដូចជាដបទឹកសុទ្ធកេសស្នោជាដើមនេះលោកដួងចាន់សារ៉ាត់ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវធ្វើយ៉ាងណាកុំយកសំរាមក៏ដូចជាទឹកសុទ្ធកេសស្នោទៅបោះចូលក្នុងអណ្ដូងលូនិងលូ,ប្រឡាយលូជាដើមដែលធ្វើឲ្យមានការកកស្ទះទឹកមិនអាចហូបបានដើម្បីអោយរាជធានីភ្នំពេញជៀសផុតពីការលិចលង់ដោយជំនន់ទឹកភ្លៀងលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នាពិសេសលើការទុកដាក់សំរាមនេះឯង៕

 

   

   

អត្ថបទដែលជាប់ទាក់ទង