ក្រុមប្រណាំងរថយន្តកម្ពុជាចូលរួមព្រឹត្តិការណ៍Asia Cross Country Rally2019 ឆ្លងកាត់ថៃ និងមីយ៉ាន់ម៉ា
ភ្នំពេញ៖កម្មវិធីប្រណាំងយានយន្ដឆ្លងប្រទេសធំជាងគេ Asia Cross Country Rally 2019 នឹងធ្វើការប្រ ណាំងលើចម្ងាយផ្លូវសរុបជាង ២,២០០ គីឡូម៉ែត្រ ដោយឆ្លងកាត់២ប្រទេស គឺចេញដំណើរពីទីក្រុងប៉ាត់តាយ៉ាប្រទេសថៃ ហើយបញ្ចប់នៅទីក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា ដែលមានអ្នកប្រណាំងមកពី៣០ប្រទេស ។
សម្រាប់កម្ពុជា បញ្ជូនរថយន្តប្រណាំង២គ្រឿង គឺរថយន្តលេខ១១៥ បើកបរដោយ កីឡាករ សោម សុកុសល និងជំនួយការអ្នកបើកបរកីឡាករ វង្ស គឹមហួត រីឯមួយគ្រឿងទៀតរថយន្តលេខ១០៧ បើកបរដោយ កីឡាករ ហូ សិទ្ធិគុណ និងជំនួយការអ្នកបើកបរពីររូបគឺកីឡាការិនី សេង សុជា តា និងកីឡាករ ពៅ តិចឡេង ។
លោកហូ សិទ្ធិគុណ អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា និងជាកីឡាករផងនោះ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៨សីហា២០១៩នេះ បានបង្ហាញនូវក្តីសង្ឈឹមខ្ពស់ថា នឹងប្រជែងបានលទ្ធផលល្អសម្រាប់ការចូលរួមព្រឹត្តិការណ៍ Asia Cross Country Rally 2019 ដែលឆ្លងកាត់២ប្រទេសថៃ និងមីយ៉ាន់ម៉ា ដែលមានចំងាយផ្លូវប្រមាណ២,២០០ គីឡូម៉ែត្រនោះ ។
លោកអនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជាបានឲ្យដឹងបន្តថា ក្រុមកីឡាប្រណាំងរថយន្តកម្ពុជា ដែលមានទាំងក្រុមការងារ កីឡាករ រថយន្ត និង សម្ភារៈ គឺបានត្រៀមតាំងពីជាង២ខែមុនមកម៉្លេះ ដោយមានគោលបំណងធំគឺទី១ អភិវឌ្ឍវិស័យកីឡាយានយន្តកម្ពុជា អោយឈានចូលប្រឡូកក្នុងឆាកអន្តរជាតិ ទី២បានរួមចំណែកផ្សព្វផ្សាយវិស័យកីឡាយានយន្តនិងវិស័យទេសចរណ៍ ដោយបានទាក់ទាញឲ្យមានការប្រណាំងរថយន្តខ្នាតធំនៅក្នុងប្រទេសយើងបានចំនួន៤លើករួចមកហើយ ដោយទទួលបានលទ្ធផលល្អប្រសើរ ពិសេសគឺនាំមកនូវភ្ញៀវទេសចរជាច្រើនមកស្គាល់ទឹកដីនៃប្រទេសកម្ពុជា និងទទួលបាននូវបទពិសោធន៍ជាច្រើន អំពីបច្ចេកទេសនៃការបើកបរ ការប្រកួតប្រជែង ការរៀបចំយានយន្តនិងការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗទៀត ។
កីឡាករយានយន្តកម្ពុជា២រូប អ្នកបើកបរ សោម សុកុសល និងជំនួយការអ្នកបើកបរ វង្ស គឹមហួត រថយន្តប្រណាំងលេខ១១៥ ដែលទៅចូលរួមប្រណាំងប្រជែង ក្នុងព្រឹត្តិការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គដ៍ធំប្រចាំតំបន់អាស៊ី គឺ Asia Cross Country Rally 2019 បានបង្ហាញជំនឿចិត្តខ្ពស់ថា នឹងប្រជែងដណ្តើមយកលទ្ធផលល្អមកជូនកម្ពុជា លើប្រភេទរថយន្តប្រើសាំង ដើម្បីនាំយកនូវមោទនភាពជូនកម្ពុជា ពីព្រឹត្តិការណ៍ដ៍ធំមួយនេះ ។