ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេប៉ូលិស និងមេទាហាន ត្រៀមកម្លាំងអនុវត្តដីការបស់តុលាការ សម្រាប់ការចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស

51

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំរួមគ្នាមួយ ដើម្បីត្រៀមកម្លាំងអនុវត្តដីការបស់តុលាការ សម្រាប់ការចាប់ខ្លួនទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បើសិនទណ្ឌិតរូបនេះហ៊ានចូលប្រទេសកម្ពុជា។
លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា កិច្ចប្រជុំនេះដើម្បីរៀបចំផែនការ ប្រគល់ភារកិច្ចឲ្យកងកម្លាំងអ្នកអនុវត្តច្បាប់ទាំងអស់ ត្រៀម លក្ខណៈសម្បត្តិអនុវត្តដីការបស់តុលាការ នៅ ពេលដែលទណ្ឌិតចូលមកប្រទេសកម្ពុជា។ ដោយឡែក សម្រាប់កម្លាំងត្រៀមអនុវត្តការងារនេះ ត្រូវបានអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរ បាលជាតិឱ្យដឹងថានឹងប្រើប្រាស់គ្រប់រូបភាព និងគ្រប់មធ្យោបាយទាំងអស់មិនថាតែនគរបា លឬកងទ័ពនោះទេ។ លោក ឆាយ គឹមខឿន បានថ្លែងថា «យើងឲ្យអស់លទ្ធភាពពាក់ព័ន្ធទាំងអស់ ទាំងនគរបាល ទាំងយោធា ទាំងប៉េអឹម ទាំងកម្លាំងអន្ដោប្រវេសន៍ទៀត យើងជាកងកម្លាំងទោះគាត់មក ឬមិនមក យើងត្រូវតែត្រៀមលក្ខណៈម្ចាស់ការ ហើយគាត់ចង់លលេងជាមួយរដ្ឋាភិបាលមិនបាននោះទេ។ គាត់ចង់មកផ្លូវទឹកក៏បាន ផ្លូវអាកាសក៏បាន ផ្លូវក្រោមដីក៏បានដែរឲ្យតែគាត់ចង់»។
សូមបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិ លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ក៏ធ្លាប់បានប្រកាសថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់ឲ្យចាប់ ខ្លួន ទណ្ឌិត សម រង្សី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយបច្ចុប្បន្នកំពុងគេចខ្លួន។ តាមរយៈអ្នកនាំពាក្យ អគ្គស្នង ការនគរបាលជាតិ បានអះអាងថា ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយស្របតាមច្បាប់ ដើម្បីអនុវត្តឲ្យមាន ប្រសិទ្ធភាពតាមដីការបស់តុលាការ ក្នុងការ ស្វែងរក និងចាប់ខ្លួនទណ្ឌិត សម រង្ស៊ី និងបក្ខពួកយកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង