លោក អូស្មាន ហាស្សាន់ ប្រកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជួល អាគារផ្សារទំនើប phnom Penh megaMall ជាផ្លូវការហើយ នៅខែសីហា ឆ្នាំ២០១៩នេះ
ភ្នំពេញ៖ លោក បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អមដំណើរដោយគណៈប្រតិភូ ជា សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មកពីក្រសួងស្ថាប័នមួយចំនួន បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យជួលជាផ្លូវការ នូវទីតាំងសម្រាប់ធ្វើអាជីវកម្មនៅអាគារផ្សារទំនើប phnom Penh megaMall ភ្នំពេញ ដើម្បីបង្កើនពាណិជ្ជកម្ម លើស្ទួយវិស័យទេសចរណ៏ នៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ។ ពិធីនេះ បានប្រព្រឹត្ដទៅកាលរាត្រីថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ។
ពិធីនេះធ្វើឡើងនៅអគារវឌ្ឍនៈ ជាន់ទី ៣៦ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្ម ពិសេស និងលោក រ៉ូហ្វី អូស្មាន អ្នក តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ និងជានាយប្រតិបត្តិក្រុមហ៊ុន Hassan cambodia development limited ដែលមានអ្នកចូលរួមប្រមាណជាង២០០ នាក់។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ លោកពិតជាមានក្តីសប្បាយរីករាយក្រៃលែង និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះភ្ញៀវកិត្តិយស ដែលជាធុរជន ពាណិជ្ជករ និង តំណាងក្រុមហ៊ុនធំៗជាច្រើននាក់ និងអង្គពិធីទាំងមូល ។
លោកបន្តថា ដោយការរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ស្ថិតក្នុងរង្វង់ ៧ ភាគរយ ក្រុមហ៊ុនរបស់លោក (Hassan Cambodia develop ment limited)ក៏បានរួមចំណែកអភិវឌ្ឍន៍ លើវិស័យពាណិជ្ជកម្ម អាជីវកម្ម ផ្សារទំនើប ដើម្បីបង្កើតអោយមានការងារថ្មី បង្កើតឱ្យមានកន្លែងទិញលក់ សម្ភារៈ កន្លែងកំសាន្ត កន្លែងកីឡា ។ ដែលជាប្រភពមជ្ឈមណ្ឌលផ្គត់ផ្គង់ចំណីអាហារ និងសេវាកម្មផ្សេងៗ សម្រាប់ទេសចរណ៍ជាតិនិងអន្តរជាតិ ដែលអាចនាំចំណូលពន្ធជូនរដ្ឋ ជូនប្រជាជនកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។
សូមបញ្ជាក់ថា៖ អាគារផ្សារទំនើប phnom Penh megaMall ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញយ៉ាងល្អប្រណិត សាងសង់លើផ្ទៃដី ២១,៩៦២ ម៉ែត្រការ៉េ មានផ្ទៃអគារសរុបប្រមាណជាង ១៥៦,០០០ ម៉ែត្រការ៉េ មានទីតាំងសម្រាប់ធ្វើអាជីវកម្មប្រមាណ ៧៣,០០០ ម៉ែត្រការ៉េ ទីតាំងសម្រាប់ជួលប្រមាណ៤,៨០០០ ម៉ែត្រការ៉េ។ ផ្សារទំនើប phnom Penh megaMall បានរៀបចំរួចជាស្រេច នៅទីតាំងកីឡាប៊ូលីង ដែលស្របតាមស្តង់ដាររបស់គណៈកម្មការអូឡាំពិកចំនួន ៣០ លេន ដែលធំបំផុតនាពេលបច្ចុប្បន្ននៅកម្ពុជា អាចជាទីតាំងបណ្ដុះបណ្ដាល នឹងអាចទទួលធ្វើការប្រកួតថ្នាក់ជាតិនិងអន្តរជាតិបាន ជាមួយគ្នានេះដែរ ក៏មានរោងភាពយន្តធំៗចុងក្រោយចំនួន ០៩ រោង មានតូបលក់ដូរនិងបំរើសេវាកម្មផ្សេងៗចំនួន ៤២០ តូប មានចំណតរថយន្តប្រមាណ ១៥០០ ចំណត និងចំណតម៉ូតូចំនួន ២០០០ គ្រឿង។ ផ្សារទំនើបភ្នំពេញមេហ្គាម៉ល នឹងបើកដំណើរការអាជីវកម្មនៅពាក់កណ្ដាលឆ្នាំ ២០២០ ខាងមុខនេះ ៕ ដោយ៖ សំរិត