ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា មានមោទនៈភាព ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជាខណៈដែលកម្ពុជាកំពុងបោះជំហានទៅរកការរីកចំរើនយ៉ាងឆាប់រហ័ស
ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោកHorinouchi Hidehisa បានបញ្ជាក់ថាលោកពិតជាមានមោទនៈភាពខ្លាំងណាស់ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជាខណៈដែលប្រទេសកម្ពុជាកំពុងបោះជំហានទៅរកការរីកចំរើនយ៉ាងឆាប់រហ័សមានស្ថេរភាពនយោបាយពិសេសកំពុងទទួលបានអ្នកវិនិយោគទុនមកពីគ្រប់ទិសទី។
ការបញ្ជាក់បែបនេះរបស់លោកឯកអគ្គរាជទូតជប៉ុនក្នុងឧិកាសដែលលោកបានជួបសំដែងការគួសមនិងជំរាបលាលោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី៨សីហានៅសាលារាជធានីភ្នំពេញ។
លោកHorinouchi Hidehisa ដែលត្រូវបញ្ចប់អាណត្តិការទូតនៅកម្ពុជាបានលើកឡើងថាខ្ញុំមានមោទនៈភាពក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជានៅពេលដែលកម្ពុជាកំពុងបោះជំហានទៅរកការរីកចំរើនយ៉ាងឆាប់រហ័សនិងស្របពេលដែលកម្ពុជាមានស្ថេរភាពនយោបាយពិសេសកំពុងទទួលបានអ្នកវិនិយោគទុនមកពីគ្រប់ទិសទីដែលបានរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើនក្នុងនោះក៏មានរាជធានីភ្នំពេញទទួលបានការអភិវឌ្ឍន៏យ៉ាងលឿនផងដែរ។
លោកឃួងស្រេងបានលើកឡើងថារាជធានីភ្នំពេញមានការរីកចំរើនក៏ដោយសារមានការរួមចំណែកនិងតួនាទីរបស់ជប៉ុនដែលបានជួយតាមរយៈអង្គការJICA បានធ្វើឲ្យរាជធានីភ្នំពេញមានការប្រែមុខមាត់ថ្មី។កន្លងមកជប៉ុនបានជួយឧបត្ថម្ភដល់រាជធានីភ្នំពេញទាំងស្មារតីសម្ភារះនិងថវិកាដែលក្នុងនោះរួមមានគំរោងធំៗដែលជាជំនួយឥតសំណងរបស់មិត្តជប៉ុនរួមមានគំរោងការពារទឹកជំនន់ទាំង៤ជំហ៊ាន,គំរោងគ្រប់គ្រងប្រពន្ធ៍ចរាចរណ៏,គំរោងសាងសង់អាគារសិក្សានិងការបណ្តុះបណ្តាលធនធានមនុស្សជាដើមដែលលទ្ធផលទាំងអស់នេះពិតជាមិនអាចកាត់ផ្តាច់ចេញពីតួនាទីនិងរួមចំណែករបស់លោកឯកអគ្គរាជទូតបានឡើយ៕