ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជួញដូរថ្នាំញៀនជាង៤គីឡូក្រាម

134

(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណី នៅខណ្ឌជ្រោយចង្វា និងខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានថ្នាំជាង៤គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៤នាក់។

របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨​ ដោយកម្លាំងជំនាញ ​នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) សហការជាមួយកម្លាំងជំនាញ ​នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដឹកនាំដោយផ្ទាល់លោក ឧត្តមសេនីយ៍ទោ សៀង ណុល នាយករងមន្ទីរប្រឆាំងគ្រឿងញៀន​ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ​។

ជនសង្ស័យ២នាក់ ដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបាន ទី១៖ឈ្មោះ វណ្ណ លីន ភេទស្រី អាយុ២៧ឆ្នាំ និងទី​២៖ឈ្មោះ ​ម៉ៅ ស៊ីធាន ភេទប្រុស អាយុ២៩ឆ្នាំ ដោយចាប់យកវត្ថុតាង​ សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១៩៨៨,៦ក្រាម។

ដោយឡែកមួយករណីទៀត កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួល​គោក ដឹកនាំដោយផ្ទាល់លោក​ឧត្តមសេនីយ៍ទោ ទ្រស សុខជា នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក សឿ ឡងឌី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅចំណុច​ក្នុងផ្ទះជួល លេខ១៣អា ផ្លូវ៦១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លទ្ធផល​ឃាត់ខ្លួនជន សង័្សយម្នាក់ឈ្មោះ​ ផន ពិសី ភេទស្រី អាយុ២២ឆ្នាំ ចាប់យកវត្ថុតាង សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់១០២៩,៧៩ក្រាម, ថ្នាំគ្រាប់មេតំហ្វេតាមីន (WY) ១០៩,០៥ក្រាម និងជញ្ជីងថ្លឹង​០២គ្រឿង​។

ឆ្លងតាមការស្រាវជ្រាវ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមុខបូរីឡាយគង់ សង្កាត់ដង្កោ ខណ្ឌដង្កោ កម្លាំងជំនាញ​បានបន្តឈានទៅចាប់ខ្លួន បក្សពួកម្នាក់ទៀត ឈ្មោះ វិន ចន្ធី ភេទប្រុស អាយុ២៤ឆ្នាំ បានចាប់យកវត្ថុតាង មេតំហ្វេតាមីន (ice) ៩៩៩,៦៦ក្រាម​ទៀតផង សរុប​​មេតំហ្វេតាមីន សរុប២១៣៨.៥ក្រាម ក្នុងនោះ ICE ២០២៩,៤៥ក្រាម និង WY ១០៩,០៥ក្រាម៕​

 

អត្ថបទដែលជាប់ទាក់ទង