ទឹកភ្លៀងបានបន្តគំរាមកំហែងផ្លូវជាតិលេខ៤ និងលេខ៤៨ ដែលបង្កអោយច្រោះចញ្ចើម និងខូចតួថ្នល់
នាថ្ងៃទី ០៩ សីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ៤ និងលេខ៤៨បានរងគ្រោះដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា បណ្ដាលឲ្យផ្នែកមួយចំនួននៃ ផ្លូវជាតិលេខ៤ និងលេខ៤៨ ទទួលរងគ្រោះ។
ក្នុងនោះផងដែរ ផ្លូវជាតិលេខ៤ ចំណុច PK173-174 រងគ្រោះដោយទឹកភ្លៀងបានហូរកាត់ផ្លូវ កំពស់លិចប្រមាណ10-15Cm នឹងបង្កឲ្យច្រោះចិញ្ចេីម និងខូចផ្ទៃមួយចំនួន ដែលតម្រូវឲ្យក្រុមការងារ បានត្រៀម និងដាក់ បាវ និងដីខ្សាច់ សំរាប់ជួយទប់បន្ថយកំលាំងទឹកហូរ ដែលនាំច្រោះបាក់ចិញ្ចេីម។ បេីភ្លៀងនៅបន្តធ្លាក់ឥតឈប់បែបនេះ ចំណុចមួយចំនួនទៀត ក៏នឹងអាចរងនូវជន់លិចផងដែរ។
ចំណែក ផ្លូវជាតិលេខ៤៨ ចំណុច PK131-132 ទឹកភ្លៀងហូរលើភ្នំកាត់ផ្លូវ បង្ករអោយច្រោះចិញ្ចេីម និងខូចផ្ទៃកៅស៊ូ(តួថ្នល់)។ ក្រុមការងារបានចល័ត Excavator និងត្រៀមបាវ និងដីខ្សាច់ និងបានកាយផ្លូវរំដោះទឹក សំរាប់ជួយទប់បន្ថយកំលាំងទឹកហូរ ដែលនាំច្រោះបាក់ចិញ្ចេីម និងតួថ្នល់ ។
បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការទប់ស្កាត់ ដោះស្រាយ និងជួសជុលបន្ទាន់ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងសូមយោគយល់អធ្យាស្រ័យទាំងអស់គ្នា៕