កីឡាប៉ូលីសជាតិកម្ពុជាដណ្តើមមេដាយ៣គ្រឿង នៃការប្រកួតកីឡានគរបាលពិភពលោកលើកទី១៨នៅចិន
ភ្នំពេញ៖ក្រុមកីឡារបស់អង្គភាពកីឡានគរបាលជាតិកម្ពុជាដណ្តើមមេដាយ៣គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡា នគរបាលពិភពលោកលើកទី១៨ The 18th World Police and Fire Gamesដែលនឹងរៀបចំឡើងពីថ្ងៃទី០៨ ដល់១៨ សីហា នៅខេត្ត Cheng Du នៃសាធារណៈរដ្ឋប្រជាមានិតចិនគិតត្រឹមថ្ងៃទី៩សីហា ។
លោកជា សែនវិស្សុតដែលជាគ្រូបង្វឹកមួយរូបរបស់កម្ពុជាដែល កំពុងតែស្ថិតនៅប្រទេសចិនដែរនោះបានប្រាប់ឲ្យដឹងថា ក្រុមកីឡាទូកនាគដណ្តើមមេដាយមាសលើកវិញ្ញាសាអាយុចាប់ពី១៨ឡើង បុរសសម្រាប់ចំណុះ១០នាក់ដែលមានចម្ងាយ២០០ម៉ែត្រ។
មេដាយមាសមួយគ្រឿងទៀតដណ្តើមបានដោយ កីឡាការិនីហែលទឹកសុខវលក្ខណ៍ដែលប្រកួតលើវិញ្ញាសាហែលកង្កែប ចម្ងាយ១០០ម៉ែត្រ និងមេដាយសំរិទ្ធ កីឡាករចេងសុផាវិញ្ញាសាហែលកង្កែបចម្ងាយ១០០ម៉ែត្រ។
សូមរំឭកថា កម្ពុជាបានបញ្ជូនអត្តពលិកចំនួន៩៦រូប និងកីឡាចំនួន១២ប្រភេទ រួមមាន ៖ តេក្វាន់ដូ, ការ៉ាតេ, យូដូ, ជឺជីតស៊ូ, ចំបាប់, វាយសី, វាយកូនឃ្លីលើតុ, ហែលទឹក, ទ្រីយ៉ាត្លុង, អត្តពលកម្ម, បាល់ឱប និង ប្រណាំងទូកកានូ ៕