គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរតិចតួចសោះ វ៉ៃគ្នាបែកមខមាត់ផ្អើលពេញប៉ុស្ដិ៍ប៉ូលិស
ភ្នំពេញ៖បុរសម្នាក់សង្ស័យផឹកចំស្រាវៃហើយមើលទៅ !គ្រាន់តែគ្រោះថ្នាក់ចរាចរបន្តិចបន្តួចកើតជាហិង្សា សមត្ថកិច្ចហៅមកដោះស្រាយគ្នានៅប៉ុស្តិ៍ មានអី បុរសចិត្តខ្លាំងនោះ វាយទាំង មេប៉ុស្ត៍ទួលស្វាយព្រៃ ១ និងសមត្ថកិច្ចម្នាក់រងរបួសបែកមាត់ ថែមទៀត សមត្ថកិច្ចបួននាក់ចាប់សឹងតែមិនឈ្នះ ក៏សមត្ថកិច្ចសម្រេច វាយខ្នោះបញ្ជូនខ្លួនមកអធិការនគរបាលខណ្ឌចំការមនទាំងយប់ ។
ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវលេខ ១៧៣ មុខហាងម្លប់ស្វាយ៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១១ ខែសីហាឆ្នាំ ២០១៩ នេះ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត Lexus RX 330 ពណ៌ខ្មៅ មួយគ្រឿងបានប៉ះគ្នាជាមួយនឹងរថយន្តម៉ាក Range Rover ពណ៌ខ្មៅដូចគ្នា នៅចំណុចទល់មុខហ្នឹងហាងម្លប់ស្វាយ ៩៩ ហើយពេលនោះរថយន្ត Range Rover មិនបានឈប់ធ្វើការដោះស្រាយគ្នានៅកន្លែងកើតហេតុទេ ហើយក៏បើកចេញកន្លែងនោះ ធ្វើឲ្យម្ចាស់រថយន្ត Lexus ដេញតាមមកដល់ចំណុចជិតដល់ស្តុបស្ថានទូតចិន ក៏កាត់រថយន្តនោះអោយឈប់ ដើម្បីនិយាយគ្នា តែដោយ ប្រកែកគ្នាតឹងសរសៃក បុរសដែលជាអ្នកបើករថយន្ត Range Rover ក៏បានប្រើហិង្សាទៅលើមិត្តភក្កិ អ្នកបើករថយន្ត Lexus បណ្ដាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី ១ ចុះមកអន្តរាគមន៍។
ភ្លាមៗ ដោយសមត្ថកិច្ច បានអោយភាគីម្ចាស់រថយន្តទាំងពីរមកធ្វើការដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាល ដើម្បីដោះស្រាយគ្នា ។
ពេលដែលមកដល់ប៉ុស្ត៍នគរបាលសមត្ថកិច្ចសមត្ថកិច្ចបានធ្វើការសាកសួរភាគីទាំងសងខាងដោយមិនទាន់បានដឹងអីផងសមត្ថកិច្ចសួរនាំអ្នកបើកបររថយន្ត Range Rover នោះស្រាប់តែកាន់យក ក្រដាសកំណាត់ហេតុ របស់សមត្ថកិច្ចហែកចោល ហើយវាយទាំងលោកមេប៉ុស្តិ៍ និងសមត្ថកិច្ចម្នាក់ទៀតរបួសបែកមាត់ទៀតផងដែរ ។
បន្ទាប់ពីសមត្ថកិច្ចបួននាក់ចាប់បុរសនោះសឹងតែមិនឈ្នះវាយខ្នោះបញ្ជូនមកអធិការនគរបាលខណ្ឌចំការមន ដេីម្បីវាស់ជាតិអាកុល និងពិនិត្យមេីលរកសារធាតុញៀន ដេីម្បីបន្តនីតិវិធីតាមផ្លូវផងដែរ ៕